ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់​រឿង​ដាក់​អំ​ពូ​ល​ភ្លើង​ស្លាប់​២​នាក់​ របួសធ្ងន់​២​នាក់​ សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ទំនាស់​រឿង​មេ​ភូមិ​សុំ​ដាក់​អំ​ពូ​ល​ភ្លើង​តាម​ផ្លូវ​សាធារណៈ​ ធ្វើ​ឲ្យ​មនុស្ស​ពីរ​ក្រុម​ប្រើ​ហិង្សា​ដាក់​គ្នា​ និង​ប្រើប្រាស់​អាវុធ​ការពារ​ខ្លួន​រៀងៗ​ខ្លួន​ដោយ​ម្ខាង​ជា​ភាគី​មេ​ភូមិ​មាន​ដាវ​សា​មូ​រ៉ៃ​ និង​ម្ខាង​ទៀត​មាន​កាំភ្លើងខ្លី​ បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ យ៉ាង​ស៊ីសាច់ហុតឈាម​ ហើយ​ទីបំផុត​ធ្វើ​ឲ្យ​ភាគី​ម្ខាង​មាន​ម្នាក់​ជា​មេ​ភូមិ​និង​កូនប្រុស​បាន​បាត់បង់​ជីវិត​និង​ចៅ​ម្នាក់​រង​របួសធ្ងន់​។​ រីឯ​ភាគី​ម្ខាង​ទៀត​មាន​ម្នាក់​រង​របួសធ្ងន់​ដែរ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ព្រមទាំង​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​ និង​ ៤០​ នាទី​រសៀល​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២C​ ក្រុម​៣៣​ ភូមិ​៤​ ផ្លូវ​លេខ​៣៥៨​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ និង​របួស​ក្នុង​ពេល​ប្រើ​អំពើ​ហិង្សា​ខាងលើ​នេះ​មានឈ្មោះ​ ទី​១-​ជប់​ ឡាយ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជា​ប្រធាន​ភូមិ​(​ស្លាប់​)/​ ទី​២​ឈ្មោះ​ប៊ុ​ន​ លឿន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​កូន​ប្រធាន​ភូមិ​(​ស្លាប់​)​ និង​ទី​៣-​ឈ្មោះ​ប៊ុ​ន​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​ចៅ​ប្រធាន​ភូមិ​(​រង​របួសធ្ងន់​)​ ។​ ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​មាន​កាំភ្លើងខ្លី​ឈ្មោះ​កែវ​ ឫ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​ ដោយឡែក​មនុស្ស​ម្នាក់​ទៀត​ជា​ភាគី​របស់​ជន​មាន​កាំភ្លើងខ្លី​ឈ្មោះ​ស៊ុំ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ក្រោយ​កើតហេតុ​ភ្លាមៗ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​លោក​ប្រធាន​ភូមិ​ ឈ្មោះ​ ជប់​ ឡាយ​ រួម​ជាមួយ​កូន​ និង​ចៅប្រុស​បាន​ដើរទៅ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដើម្បី​យក​អត្តសញ្ញាណប័ណ្ណ​ចាស់​ទៅ​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​ថ្មី​វិញ​ ព្រោះ​អត្តសញ្ញាណប័ណ្ណ​ចាស់​អស់​សុពលភាព​ហើយ​។​ លុះ​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​លេខ​២២C​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជួប​បុរស​ឈ្មោះ​កែវ​ រិ​ទ្ធី​ និង​ សាច់ញាតិ​ម្នាក់​ទៀត​ដែល​នគរបាល​ឃាត់ខ្លួន​នោះ​បាន​ចេញ​មក​សួរ​ថា​ ផ្លូវ​នៅ​មុខ​ផ្ទះ​ងងឹត​ណាស់​ ព្រោះ​អត់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​។​ ពេល​នោះ​លោក​ប្រធាន​ភូមិ​ក៏​ប្រាប់​ថា​ បើ​គ្មាន​អំ​ពូ​ល​ភ្លើង​ទេ​ មាន​តែ​យើង​ទាំងអស់​គ្នា​ជួយ​ចេញ​លុយ​ទិញ​អំ​ពូ​ល​ភ្លើង​មក​ដាក់​ដើម្បី​ បាន​ភ្លឺ​ទាំងអស់​គ្នា​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​មាន​ចម្លើយ​នេះ​ធ្វើ​ឲ្យ​ឈ្មោះ​កែវ​ ឫ​ទ្ធី​ ខឹងសម្បា​នឹង​លោក​មេ​ភូមិ​ថា​ ជា​អ្នកបម្រើ​ប្រជារាស្ត្រ​រឿង​អ្វី​ឲ្យ​ប្រជារាស្ត្រ​ចេញ​លុយ​ទិញ​អំ​ពូ​ល​ភ្លើង​?​ ករណី​នេះ​ធ្វើ​ឲ្យ​មាន​ ទំនាស់​គ្នា​ឡើង​រហូត​ជេរ​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ពេល​នោះ​ភាគី​លោក​ប្រធាន​ភូមិ​ទំនងជា​ទ្រាំ​ មិន​បាន​ក៏​ស្ទុះ​យក​ដាវ​សា​មូ​រ៉ៃ​ទៅ​កាប់​ភាគី​ម្ខាង​ហើយដោយ​ឃើញ​ដូច្នេះ​ឈ្មោះ​កែវ​ ឫ​ទ្ធី​ បាន​ដក​កាំភ្លើងខ្លី​ម៉ាក​បេ​រ៉េ​តា​ បាញ់​ស​ម្តៅ​ប្រធាន​ភូមិ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។​ ពេល​ឃើញ​ដូច្នេះ​កូនប្រុស​និង​ចៅ​ប្រធាន​ភូមិ​បាន​ស្ទុះ​ទៅ​ប្រតាយប្រតប​ជាមួយ​ឈ្មោះ​កែវ​ ឫ​ទ្ធី​ ធ្វើ​ឲ្យ​ឈ្មោះ​នេះ​ទ្រាំ​មិន​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៀត​(​អស់​១៥​គ្រាប់​)​និង​ធ្វើ​ឲ្យ​គ្រាប់កាំភ្លើង​ដែល​ពេល​មានការ​ប្រតាយប្រតប​នោះ​ត្រូវ​ខ្លួនឯង​ផង​ត្រូវ​ភាគី​គូទំនាស់​ផង​រង​របួសធ្ងន់​ទាំងអស់​គ្នា​។​ ក្រោយមក​អ្នក​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ​ទីបំផុត​មួយសន្ទុះ​ក្រោយមក​ឈ្មោះ​ប៊ុ​ន​ លឿន​ ជា​កូន​ប្រធាន​ភូមិ​ដែល​រង​របួសធ្ងន់​នោះ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង​៕​ ស​ រស្មី​

IMG_0727

IMG_0726


ចែករំលែក៖