ព័ត៌មានទាន់ហេតុការណ៍៖

​កំពែង​អង្គរធំ​ប្រាំបី​ម៉ែត្រ​ត្រូវ​បាន​អ្នកជំនាញ​ខ្មែរ​ជួសជុល​រួចរាល់​

ចែករំលែក៖

ds (2)

ខេត្ដសៀមរាប​ ៖​ កំពែង​អង្គរធំ​ប្រវែង​ ៨​ម៉ែត្រ​ស្ថិត​នៅ​ភាគ​ឦសាន​ ដែល​បាន​ ទទួល​រង​ការ​បាក់​រលំ​ក្នុងអំឡុងពេល​ខ្យល់ព្យុះ​កេ​ត​សា​ណា​កាលពី​ឆ្នាំ​២០១១​កន្លង​ ទៅ​ឥឡូវ​ត្រូវ​បាន​អ្នកជំនាញ​ខ្មែរ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ហើយ​ ។​ ក្រុម​អ្នកជំនាញ​ ខ្មែរ​ដដែល​គ្រោង​នឹង​ជួសជុល​បន្ដ​ទៀត​ នូវ​កំពែង​អង្គរធំ​ដែល​ទទួល​រង​ការ​បាក់​ បែក​ជា​ច្រើន​កន្លែង​ទៀត​ដោយសារ​ខ្យល់​ ព្យុះ​នេះ​ ។​

​លោក​ ម៉ៅ​ សុខ​នី​ អ្នក​ជំនាញការ​ ជួសជុល​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា​ ខ្យល់ព្យុះ​កេ​ត​សា​ណា​កាល​ ពី​ឆ្នាំ​២០១១​កន្លង​មក​បាន​ធ្វើ​ឱ្យ​កំពែង​ អង្គរធំ​ភាគ​ឦសាន​រង​ការ​បាក់​រលំ​ចំនួន​៤​កន្លែង​ ។​ ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​ និង​ទល់​ទ្រ​ចំណុច​ប្រេះស្រាំ​ជា​ច្រើន​កន្លែង​មក​ក្រុម​អ្នកជំនាញ​ក៏​បាន​ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ឡើង​វិញ​ចាប់ពី​ឆ្នាំ​២០១៤​មក​ដោយ​ជ្រើសរើស​ជ្រុង​ឦសាន​មុនគេ​ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ដល់​កូន​ ប្រាសាទ​ជ្រុង​ ដែល​ស្ថិត​នៅ​ក្បែរៗ​នោះ​ ។​ នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នេះ​កំពែង​ អង្គរធំ​ភាគ​ឦសាន​ដែល​បាន​ជួសជុល​ ហើយ​នោះ​មាន​ប្រវែង​៨​ម៉ែត្រ​និង​កម្ពស់​៧​ម៉ែត្រ​កន្លះ​ ។​

​លោក​បណ្ឌិត​ លី​ វ​ណ្ណា​ ប្រធាន​នាយក​ ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​ បុរាណវិទ្យា​បង្ការ​បានឱ្យ​ដឹង​ថា​ តាម​ ពិត​ទៅ​កំពែង​អង្គរធំ​មាន​ប្រវែង​ព័ទ្ធ​ជុំវិញ​សរុប​១២​គីឡូម៉ែត្រ​ ។​ ក្នុង​ប្រវែង​ទាំងអស់​ នោះ​មានការ​ដួល​រលំ​ជាង​២០​កន្លែង​ ដោយសារ​ខ្យល់ព្យុះ​កេ​ត​សា​ណា​ផង​បូក​ រួម​ទាំង​កត្ដា​ផ្សេងៗ​ទៀត​ដូច​ជា​ការ​ពុក​ ផុយ​នៃ​ថ្ម​ ការ​រំកិល​នៃ​ថ្ម​ ដី​កណ្ដៀរ​ និង​ ការ​ដួល​រលំ​នៃ​ដើមឈើ​ដែល​ដុះ​ពីលើ​ជាដើម​ ។​ បច្ចុប្បន្ន​ក្រុម​ជំនាញ​បាន​ធ្វើ​ផែនទី​ ហានិភ័យ​មួយ​ដែល​បាន​បញ្ជាក់​អំពី​ចំណុច​ពុក​ផុយ​និង​ចំណុច​ដួល​រលំ​ទាំង​ជាង​២០​ កន្លែង​នោះ​ហើយ​ ។​

​លោក​ លី​ វ​ណ្ណា​ បានឱ្យ​ដឹង​ទៀត​ថា​ កំពែង​អង្គរធំ​ទាំងមូល​មាន​ចំណុច​ដួល​ រលំ​ចំនួន​៤​ផ្ទាំង​ធំៗ​ដែល​ក្នុង​នោះ​១​ផ្ទាំង​មាន​ប្រវែង​៨​ម៉ែត្រ​និង​កម្ពស់​៧​ម៉ែត្រ​ កន្លះ​នោះ​បាន​ជួសជុល​រួច​ហើយ​ ។​ ចំណែក​ ៣​ផ្ទាំង​ទៀត​ក៏​បាន​ចាប់ផ្ដើម​ដំណើរការ​ ជួសជុល​ដែរ​ដែល​តាម​ការ​គ្រោងទុក​នឹង​ឱ្យ​រួចរាល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ​ ។​

​លោក​បាន​បញ្ជាក់​ថា​ ការងារ​ជួស​ ជុល​កំពែង​ទាំង​៤​កន្លែង​នេះ​មាន​អ្នកជំនាញ​ខ្មែរ​៤​រូប​ ក្នុង​នោះ​អ្នក​បុរាណវិទ្យា​៣​រូប​ និង​ស្ថាបត្យករ​១​រូប​រួម​នឹង​កម្មករ​៧០​ នាក់​ ។​ ចំពោះ​បច្ចេកទេស​នៃ​ការ​ជួសជុល​ នេះ​ បើ​ទោះជា​យើង​មាន​អ្នកជំនាញ​ខ្មែរ​ កាន់ការ​ដោយ​ខ្លួនឯង​ក៏​ពិតមែនតែ​យើង​តែង​ឆ្លង​របាយការណ៍​និង​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ជា​ប្រចាំ​ផង​ដែរ​ជា​ពិសេស​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​និង​កិច្ចប្រជុំ​ពេញអង្គ​របស់​ គណៈកម្មាធិការ​នេះ​ ៕​ ហេង​ ន​រិ​ន្ទ្រ​


ចែករំលែក៖