ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជា​ លាង​ហេង​ បើក​សង្វៀនមាន់​ និង​យូគី​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ក្រោម​ហ៊ុន​ LYP​ Group​ បន្លំ​សមត្ថកិច្ច​ និង​ជំនាញ​ពាក់ព័ន្ធ​

ចែករំលែក៖

​ខេត្តកោះកុង​៖​ ទីតាំង​សង្វៀនមាន់​ និង​ល្បែង​យូគី​ ជាមួយនឹង​ល្បែង​ជា​ច្រើន​ទៀត​កំពុង​តែ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​សួន​សាត់​របស់​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ដែល​គេ​ឲ្យ​ដឹង​ថា​ ការ​បើក​ល្បែង​ដ៏​ធំ​នេះ​ បាន​ជ្រក​ក្រោម​ក្រុមហ៊ុន​ LYP​ Group​ គ្រប់គ្រង​ដោយ​លោក​ ជា​ លាង​ហេង​ ក្នុង​ការ​បន្លំ​ភ្នែក​សមត្ថកិច្ច​ អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ ឬ​ជា​ការ​ឃុបឃិត​គ្នា​លក្ខណៈ​ប្រព័ន្ធ​ដើម្បី​បិទ​បាំង​ទីតាំង​បន​ល្បែង​នេះ​ ។​

​ឯកសារ​លិខិត​ ស​ជ​ណ​ លេខ​១០៥២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ គឺ​ខាង​ក្រុមហ៊ុន​ LPY​ Group​ របស់​អ្នកឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បាន​ស្នើ​សុំ​ច្បាប់​បន្ថែម​មុខ​ល្បែង​មួយ​ចំនួន​ទៀត​សម្រាប់​កាស៊ីណូ​ចំនួន​២​របស់​គាត់​ គឺ​កាស៊ីណូ​កោះកុង​ និង​កាស៊ីណូ​អូរ​ស្មាច់​ ។​ ដោយឡែក​ចំពោះ​ទីតាំង​សង្វៀនមាន់​ និង​យូគី​របស់​ឈ្មោះ​ជា​ លាង​ហេង​ បាន​ជួល​ដី​សួនសត្វ​បើក​ជា​លក្ខណៈ​ខុសច្បាប់​ ពុំ​មែន​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ ដែល​ ស​ជ​ណ​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​យល់ព្រម​ឲ្យ​បើក​ ហើយ​តម្រូវ​ឲ្យ​ស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ទម្លាប់​ លោក​ ជា​ លាង​ហេង​ បាន​យក​ ស​ជ​ណ​ របស់​ក្រុមហ៊ុន​ LYP​ Group​ បង្ហាញ​សមត្ថកិច្ច​ អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ និង​បិទ​បាំង​អ្នកកាសែត​ថា​ ខ្លួន​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ ។​

​មន្ត្រី​សាលាខេត្ត​កោះកុង​មួយ​រូប​ក្នុង​លក្ខណ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា​ មេបន​ល្បែង​ ឈ្មោះ​ ជា​ លាង​ហេង​ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​តំ​ណា​រាស្ត្រ​ខេត្តកោះកុង​ ហើយ​មុខរបរ​នេះ​ ក៏​បាន​បំពាន​យ៉ាង​ធ្ងន់​ទៅ​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ ដែល​ធ្លាប់​ព្រមាន​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ដកខ្លួន​ចេញពី​បន​ល្បែងស៊ីសង​នោះ​ ផ្ទុយ​ទៅ​វិញ​ លោក​ ជា​ លាង​ហេង​ មឹន​ត្រឹមតែ​បើក​ល្បែង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​យក​ ស​ជ​ណ​ របស់​កាស៊ីណូ​កោះកុង​ និង​កាស៊ីណូ​ អូរ​ស្មាច់​ របស់​ក្រុមហ៊ុន​ LYP​ Group​ មក​បន្លំ​ បន្លាច​សមត្ថកិច្ច​ អាជ្ញាធរ​ មន្ត្រី​ជំនាញ​បន្ទាប់​ពី​ខ្លួន​បាន​ជួល​ទីតាំង​ខាងលើ​នេះ​ក្នុង​តម្លៃ​៣០​លាន​រៀល​ក្នុង​មួយ​ខែ​នោះ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​មេបន​ល្បែង​លោក​ ជា​ លាង​ហេង​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕​ សុខ​ ខេមរា​


ចែករំលែក៖