ព័ត៌មានទាន់ហេតុការណ៍៖

ឃើញ​សមត្ថកិច្ច​ជិះ​រថយន្ត​ល្បាត​តាម​ដងផ្លូវ​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន​បណ្តាល​ឲ្យ​ដួល​ ពេល​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​តាម​ដងផ្លូវ​ ពេល​ឃើញ​សមត្ថកិច្ច​នគរបាល​ជិះ​រថយន្ត​ល្បាត​ ក៏​បាន​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន​ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ដួល​យ៉ាង​ច្រងាបច្រងិល​ទៅ​លើ​ផ្លូវជាតិ​ ។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​បាន​ចូល​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​មាន​វត្ថុ​តាង​ថ្នាំ​ញៀន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​២០​ និង​៤០​នាទី​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំនាត់​ផ្លូវ​៧០A​ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១-​ឈ្មោះ​នាង​ សុ​លិ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ទី​២-​ឈ្មោះ​ ជន​ ជឿន​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ​ ទី​៣-​ឈ្មោះ​ ប្រុស​ ផាត​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​។​ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់​ស្លែង​ឃុំ​សំបួរមាស​ស្រុក​មុខកំពូល​។​ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ ,​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ SL​ ធុន​សេ​២៣០​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CG-7271​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​ផង​ដែរ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​សមត្ថកិច្ច​នគរបាល​ស្រុក​មុខកំពូល​បាន​ជិះ​រថយន្ត​ចេញ​ល្បាត​តាម​គោលដៅ​ងាយ​រង​គ្រោះ​ ខណៈ​ល្បាត​ដល់​ចំណុច​ភូមិ​រកា​កោង​ឃុំ​រកា​កោង​ទី​១​ ស្រុក​មុខកំពូល​ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ព្យាយាម​រត់គេច​ខ្លួន​ ។​ ឃើញ​ដូច្នេះ​សមត្ថកិច្ច​ល្បាត​បាន​បើករថយន្ត​តាម​ក្រុម​ជនសង្ស័យ​ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បើក​ម៉ូតូ​ដួល​ទៅ​លើ​ផ្លូវ​បណ្តាល​ឲ្យ​រង​របួស​ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​បាន​ចូល​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​មាន​វត្ថុ​តាង​ថ្នាំ​ញៀន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​ស្អាង​ជ័យ​

res (3)

res (1)

res (2)


ចែករំលែក៖