ព័ត៌មានទាន់ហេតុការណ៍៖

(​ខ្សឹប​ដាក់​ត្រចៀក​)៖​ មន្ត្រី​ខុទ្ទកាល័យ​សាលាខេត្ត​កំពង់ចាម​កំពុង​ត្រូវប៉ាន់​

ចែករំលែក៖

​មន្ត្រី​សាលាខេត្ត​កំពង់ចាម​រាយការណ៍​ថា​ លោក​ អ៊ុំ​ ប៉ុណ្ណា​ការ​ មន្ត្រី​ខុទ្ទកាល័យ​រង​នៃ​ទីចាត់ការ​លទ្ធកម្ម​ សម្រាប់​ការ​វិនិយោគ​នៃ​សាលាខេត្ត​កំពង់ចាម​ បាន​ឃុបឃិត​ជាមួយ​បក្ខពួក​ ក្នុង​ការ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​មូលដ្ឋាន​ជា​គោលនយោបាយ​មូលនិធិ​ជាតិ​ និង​មូលនិធិ​ភូមិ​ ឃុំ​ សង្កាត់​ ដែល​សកម្មភាព​ខាងលើ​នេះ​ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​សំណង់​ដែល​បាន​សាងសង់​នោះ​ទេ​ តែ​វា​អាច​បណ្តាល​ឲ្យ​ខាតបង់​ថវិកាជាតិ​ផង​ដែរ​។​

​គេ​រាយការណ៍​ថា​ ឈ្មោះ​ ហង្ស​ សុ​គា​ ជា​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ ស្រុក​ព្រៃឈរ​ ជា​បក្ខពួក​របស់​លោក​ អ៊ុំ​ ប៉ុណ្ណា​ការ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​របស់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​មូលដ្ឋាន​ជា​គោលនយោបាយ​មូលនិធិ​ជាតិ​ និង​មូលនិធិ​ភូមិ​ ឃុំ​ សង្កាត់​ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​សាលាខេត្ត​កំពង់ចាម​។​ ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ បើ​គ្មាន​ការ​ស៊ើបអង្កេត​ និង​បោសសំអាត​ភាព​មិន​ប្រក្រតី​ក្នុង​ករណី​ខាងលើ​វា​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ មិន​ខាន​។​

​មន្ត្រី​ សាលាខេត្ត​កំពង់ចាម​បាន​រៀបរាប់​ថា​ ការ​ដេញថ្លៃ​គម្រោង​សាងសង់​ និង​ជួសជុល​ផ្លូវ​ពី​ខ្សែ​នៅ​ស្រុក​ព្រៃឈរ​ បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​ ព្រោះ​ប្រាក់​ប៉ាន់ស្មាន​ និង​ប្រាក់​លម្អៀង​ដែល​ដេញ​បាន​នោះ​ វា​ខុស​គ្នា​យ៉ាងច្រើន​ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ តែ​ចំណេញ​ហួសហេតុ​ខុស​ប្រក្រតី​ទៅ​ក្រុមហ៊ុន​ និង​បក្ខពួក​ ដែល​គេ​រៀបចំ​ជា​ប្រព័ន្ធ​ជាមួយ​គ្នា​រួច​ជា​ស្រេច​ ៕​


ចែករំលែក៖