ព័ត៌មានទាន់ហេតុការណ៍៖

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​ពលរដ្ឋ​លះបង់​បារី​ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ផ្តាច់​បារី​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ឲ្យ​ពលរដ្ឋ​លះបង់​បារី​ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ផ្តាច់​បារី​។

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ យ៉ាង​ដូច្នេះ​ថា​៖​

«​ក្មួយៗ​យុវជន​ យុវនារី​ជាទី​ស្រឡាញ់​!

​តាំងពី​ពេល​មុន​មក​ទល់​ពេល​បច្ចុប្បន្ន​មនុស្ស​មួយ​ចំនួន​ធំនិយម​ជក់បារី​។​ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​យើង​ ក្រោយ​ពី​ប្រទេស​បាន​ធ្លាក់​ក្នុង​សង្គ្រាម​នៅ​ឆ្នាំ​ ១៩៧០​ ពេល​នោះ​យុវជន​នៅ​ទូ​ទាំង​ប្រទេស​បាន​ក្លាយទៅជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម​ដែល​គ្មាន​ផ្លូវ​ទី​៣​សម្រាប់​ជ្រើសរើស​ ព្រោះ​ប្រទេស​បាន​បែងចែក​ជា​តំបន់​កាន់កាប់​២​ គឺ​ម្ខាង​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ចេញពី​រដ្ឋប្រហារ​ដោយ​សេនាប្រមុខ​ លន់​នុ​ល​ និង​ម្ខាង​ទៀត​គ្រប់គ្រង​នៅ​តំបន់​រំដោះ​ដែល​ដឹកនាំ​ដោយ​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​។​ យុវជន​គ្មាន​ផ្លូវ​ជ្រើស​រើ​សម្រាប់​អោយ​យើង​នៅ​ផ្លូវ​ចន្លោះ​កណ្តាល​នោះ​ទេ​។​ សម្រាប់​ខ្ញុំ​ដែល​តស៊ូ​តាម​ការ​អំពាវនាវ​របស់​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ គឺ​ខ្ញុំ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​យុ​ទ្ឋ​ជន​ម្នាក់​នៃ​កងទ័ព​តាំងពី​ថ្ងៃ​ទី​ ៤​ ខែ​ មេ​សា​ ១៩៧០​ បន្ទាប់​ពី​រដ្ឋប្រហារ​របស់​ លន់​នុ​ល​ នៅ​ថ្ងៃ​ទី​ ១៨​ មិ​នា​ ១៩៧០​ ទម្លាក់​សម្តេច​ព្រ្ះ​ នរោត្តម​ សីហ​នុ​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​

​ក្រោយ​ពី​ចូល​កងទ័ព​ ខ្ញុំ​បាន​ក្លាយទៅជា​អ្នក​ជក់បារី​ ដោយ​ចាប់ផ្តើម​ពី​ការ​រៀន​ជក់​ អាស្រ័យ​ដោយ​ការ​ជក់​នៅ​ពេល​នោះ​ គឺ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ការ​រងារ​ កាត់​បន្ថយ​មូស​ និង​សត្វល្អិត​ខាំ​។​ ប៉ុន្តែ​ក្រោយមក​ការ​ជក់​នេះ​គឺ​ចាប់​ក្លាយទៅជា​ឆ្ងាញ់​ហើយ​ញៀន​ និង​បន្ត​មក​ទៀត​ ខ្ញុំ​បាន​ជក់​ដើម្បី​ការ​គិត​។​ ខ្ញុំ​នៅ​ចាំ​បាន​ថា​យុ​ទ្ឋ​ជន​នៅ​អង្គភាព​ខ្ញុំ​ស្ទើរតែ​១០០%​ ដែល​ចេះ​ជក់បារី​ ។​ កា​ញៀន​បារី​របស់ខ្ញុំ​នេះ​ ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ភាព​លំបាក​ក្នុង​ការ​រក​ថ្នាំជក់​ គឺ​ខ្ញុំ​ស្វែងរក​ស្លឹក​ល្ហុង​ និង​ស្លឹកឈើ​ផ្សេងៗ​មក​ជក់​ជំនួស​បារី​។​

​នៅ​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​ ១៩៧៩​ រហូត​មក​ទល់​ ខែ​ មិ​នា​ ២០១៤​ ខ្ញុំ​បាន​ព្យាយាម​ឈប់​ជក់បារី​ចំនួន​១២​លើក​។​ ចំពោះ​រឿងរ៉ាវ​ដែល​ខ្ញុំ​ចង​ចាំ​ និង​គួរ​អោយ​ខ្មាស​អៀន​ខ្លួនឯង​ គឺ​នៅ​ពេល​អា​ពា​ហ៌​ពិ​ពា​ហ៌​កូនស្រី​ខ្ញុំ​ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នកចូលរួម​ក្នុង​ពិធី​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ថា​ ប្រសិនបើ​ខ្ញុំ​មាន​ចៅ​ ខ្ញុំ​នឹង​ឈប់​ជក់បារី​ ខ្ញុំ​និយាយ​ជា​ភាសា​ខ្មែរ​ផង​ និង​ភាសា​អង់គ្លេស​ផង​ធ្វើ​អោយ​ភ្ញៀវ​ចូលរួម​ទះដៃ​អបអរសាទរ​យ៉ាង​ខ្លាំង​។​ ប៉ុន្តែ​ជា​ការ​គួរ​អោយ​សោកស្តាយ​ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន​។​ ថ្ងៃ​ ២៨​ ខែ​ មក​រា​ ឆ្នាំ​ ២០០០​ ចៅស្រី​របស់ខ្ញុំ​បាន​ចាប់កំណើត​។​ ការ​សន្យា​របស់ខ្ញុំ​គឺ​មិន​អាច​អនុវត្តន៍​ទៅ​បាន​រហូត​មក​ដល់​ខែ​ មិ​នា​ឆ្នាំ​ ២០១៤​ ទើប​ខ្ញុំ​ប្តេជ្ញា​បញ្ឈប់​ការ​ជក់បារី​ ដែល​ការ​ប្តេជ្ញា​នេះ​មិន​ត្រឹមតែ​បំពេញ​នូវ​ការ​សន្យា​ទេ​ ប៉ុន្តែ​គឺ​ដើម្បី​សុខភាព​ផ្ទាល់​របស់ខ្ញុំ​ របស់​ភរិយា​ខ្ញុំ​ របស់​កូនៗ​ និង​ចៅ​របស់ខ្ញុំ​ ហើយ​ដើម្បី​អោយ​ស្រប​ទៅ​នឹង​ចរន្ត​នៃ​ចលនា​របស់​ពិភពលោក​ ក៏​ដូច​ជា​នៅ​កម្ពុជា​ ដែល​ទាមទារ​អោយ​កាត់​បន្ថយ​ និង​ឈប់​ជក់បារី​ ដើម្បី​ធ្វើ​អោយ​កម្ពុជា​គ្មាន​ផ្សែង​បារី​។​

​ខ្ញុំ​មិន​អាច​ណែនាំ​ ទៅ​កាន់​ប្រជាពលរដ្ឋ​អោយ​ឈប់​ជក់បារី​បាន​ទេ​ ប្រសិនបើ​ខ្ញុំ​នៅ​តែ​បន្ត​ជក់​។​ ព្រោះថា​បោសសំអាត​ផ្ទះ​ខ្លួនឯង​មិន​ស្អាត​ផង​ តើ​ទៅ​បោសសំអាត​ផ្ទះ​គេ​យ៉ាងណា​?​ ប្រី​យ​មិត្ត​ដែល​លេង​ហ្វេ​ស​ប៊ុ​គ​បាន​ចូល​បាន​ដាក់​សំណួរ​ថា​ (​តើ​វិធី​ឈប់​ជក់បារី​ធ្វើ​យ៉ាងម៉េច​?)​ ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​គាត់​វិញ​ថា​ គឺ​ការ​តាំងចិត្ត​ឈប់​ជក់​ ព្រោះ​បទ​ពិសោធន៍​របស់ខ្ញុំ​ គឺ​ខ្ញុំ​ដាក់​បារី​ទាំង​នៅ​គ្រប់​ទីកន្លែង​ធ្វើការ​ ទាំង​ក្នុង​ហោប៉ៅ​អាវ​ ក្នុង​ឡាន​ ទាំង​បារី​មែនទែន​ បារី​សិប្បនិម្មិត​(Electric​ Cigarette)​ ទាំង​ថ្នាំ​បៀម​ និង​ស្ករ​បៀម​ (gums)​។​ ប៉ុន្តែ​ខ្ញុំ​មិន​ពាល់​វា​តែ​ម្តង​។​ គិត​ពី​ខែ​មិ​នា​ ឆ្នាំ​ ២០១៤​ មក​ទល់​ប​បច្ចុប្បន្ន​នេះ​មាន​រយះ​ពេល​ ២២​ ខែ​ហើយ​ដែល​ខ្ញុំ​បាន​ផ្តាច់​បារី​ចោល​បាន​ទាំងស្រុង​។​ រយះ​ពេល​ ២២​ ខែ​នេះ​ ខ្ញុំ​លែង​គេច​ចេញពី​ចៅៗ​ ព្រោះ​ខ្លាច​ចៅ​ទទួលផល​ប៉ះពាល់​ដោយ​ផ្សែង​បារី​ ដែល​ពី​មុន​ខ្ញុំ​តែងតែ​រត់​ចេញ​ ឬ​ពន្លត់​បារី​ចោល​ភ្លាម​ពេល​ចៅៗ​មក​លេង​ម្តងៗ​ ឬ​ពេល​ដែល​ខ្ញុំ​ទៅ​មើល​ចៅ​។​ ភរិយា​ខ្ញុំ​ក៏​លែង​ត្អូញត្អែរ​អំពី​ការ​ធំក្លិន​បារី​នៅ​ក្នុងផ្ទះ​និង​ក្នុង​បន្ទប់​។​

​ថ្ងៃ​ទី​ ២៨​ មក​រា​ ២០១៦​ នេះ​ គឺ​ចៅស្រី​របស់ខ្ញុំ​គ្រប់​អាយុ​ ១៦​ ឆ្នាំ​ ។​ កាដូ​ធំ​ជាងគេ​សម្រាប់​នាង​ គឺ​ខ្ញុំ​បាន​បំពេញ​តាម​ការ​សន្យា​ដែល​ថា​ពេល​មាន​ចៅ​គឺ​ខ្ញុំ​ឈប់​ជក់បារី​ ។​ ដោយ​យោង​ទៅ​លើ​បទ​ពិសា​ធន៍​ជា​យុវជន​ជំនាន់​មុន​ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាជន​ដែល​បាន​និង​កំពុង​ជក់បារី​ សូម​មេត្តា​ឈប់​ជក់បារី​ ។​ ចំពោះ​យុវជន​ យុវនារី​ដែល​មិន​ទាន់​ចេះ​ជក់បារី​ សូមកុំ​រៀន​ជក់បារី​ វា​មិនមែន​គ្រាន់តែ​សន្សំ​ប្រាក់​កាស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​យើង​ម្នាក់ៗ​ របស់​ក្រុម​គ្រួសារ​យើង​ របស់​មិត្ត​ភ័​ក្ត​ដែល​រួម​ប្រាស្រ័យ​ការងារ​ជាមួយ​យើង​ របស់​សហគមន៍​យើង​ និង​ដល់​បរិស្ថាន​ដែល​ជា​ផ្នែក​មួយ​នៃ​សុខភាព​សាធារណៈ​ »​ ៕

1
2

3


ចែករំលែក៖