ព័ត៌មានទាន់ហេតុការណ៍៖

បើក​សវនាការ​វិនិច្ឆ័យ​ទោស​ លោក​ អាំង​ មាលតី​ អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ សាលាដំបូង​ខេត្តកណ្តាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ បាន​បើក​សវនាការ​វិនិច្ឆ័យ​ទោស​ លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ពោរពេញ​ដោយ​រឿងអាស្រូវ​ ពុក​រលួយ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា​ និង​ គៃបំបាត់​ដោយ​ទុច្ចរិត​ ពាក់ព័ន្ធ​ការ​ដោះ​លែង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ ឈ្មោះ​ ថាវ​ ថា​វី​ ជា​ថ្នូរ​នឹង​រថយន្ត​ម៉ាក​អូ​ឌី​មួយ​គ្រឿង​តម្លៃ​ជិត​ ១០​ម៉ឺន​ដុល្លារ​។​ តាម​មាត្រ​៦០១​ នៃ​ក្រមព្រហ្មទណ្ឌ​ លោក​ អាំង​ មាលតី​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ​។​

​នៅ​ម៉ោង​ប្រមាណ​ ៨៖២៩​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ លោក​ អាំង​ មាលតី​ ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ ទៅ​ដល់​សាលាដំបូង​ខេត្តកណ្តាល​ហើយ​។​ នៅ​ក្រៅ​បរិវេណ​សាលាដំបូង​ មាន​រឹត​បន្តឹង​ខ្លាំង​ ដោយ​មិន​ចង់​ឲ្យ​អ្នក​ព័ត៌មាន​ផ្តិត​យក​រូបភាព​បាន​នោះ​ឡើយ​ ហើយ​នៅ​ក្នុង​បន្ទប់​សវនាការ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ថតរូប​ ឬ​ថត​សំឡេង​ផង​ដែរ​។​

​សវនាការ​ជំនុំជម្រះ​ទោស​លោក​ អាំង​ មាលតី​ នា​ព្រឹក​នេះ​ ដឹកនាំ​ដោយ​អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល​ លោក​ ងួ​ន​ វុ​ទ្ធី​ និង​ លោក​ព្រះរាជអាជ្ញា​រង​ ឯក​ សុ​ន​រស្មី​។​

​លោក​ អាំង​ មាលតី​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តកណ្តាល​នៅ​ម៉ោង​ ១៖៥០​ នាទី​រសៀល​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​។​ លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឃាត់ខ្លួន​ កាលពី​ថ្ងៃត្រង់​ ថ្ងៃ​សុក្រ​ ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដោះ​លែង​ជន​ជាប់​ ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ ឈ្មោះ​ ថៅ​ ថា​វី​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ជាមួយ​ថ្នូរ​រថយន្ត​ Audi​ មួយ​គ្រឿង​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​សាកសួរ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​រក​ឃើញ​ថា​ លោក​ អាំង​ មាលតី​ មាន​ភាព​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ ACU​ ចោទ​ ប្រកាន់​ពី​បទ​ វីតិក្រម​ ដែល​ជា​បទល្មើស​ពុក​រលួយ​មួយ​ដែរ​។​

​លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «​វីតិក្រម​នេះ​ ពាក់ព័ន្ធ​ជាមួយនឹង​ឡាន​ Audi​ មួយ​គ្រឿង​របស់​ឈ្មោះ​ ថៅ​ ថា​វី​ គឺ​ថៅ​ ថា​វី​ ហ្នឹង​គេ​ចោទ​ថា​ រឿង​គ្រឿងញៀន​ ប៉ុន្តែ​មិនមែន​ទេ​ណា​ ហើយ​ថ្ងៃ​៨​ (​សីហា​)​ កន្លង​មក​តុលាការ​ បាន​កាត់ក្តី​រឿង​ ថៅ​ ថា​វី​ ហើយ​ប្រគល់​ឡាន​ឱ្យ​វិញ​ហើយ​ ដែល​ឡាន​មួយ​នេះ​ ត្រូវ​បាន​លោក​ អាំង​ មាលតី​ គាត់​ យក​ពី​ ថៅ​ ថា​វី​ ជា​ថ្នូ​នឹង​ការ​ដោះ​លែង​បណ្តោះអាសន្ន​ដល់​លោក​ ថៅ​ ថា​វី​»​ ៕​ ហេង​ សូ​រិ​យា​

a1

a2


ចែករំលែក៖