ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា​៖​ បញ្ហា​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់​

ចែករំលែក៖

​ករណី​ប្លន់​ប្រដាប់​អាវុធ​ មិន​ថា​ទីក្រុង​ ឬ​ជនបទ​បាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ហាក់ដូចជា​បាន​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ទាំងនោះ​ដែរ​ ប៉ុន្តែ​ហាក់ដូចជា​មិន​សម​ល្មម​នឹង​ទ​ង្វើ​របស់​ពួក​ចោរប្លន់​ប្រដាប់​អាវុធ​ទាំងនោះ​ឡើយ​ ។​ កាលពី​យប់​ថ្ងៃ​ទី​២៧​ និង​ឆ្លង​ចូល​ថ្ងៃ​ទី​២៨​ ខែមករា​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​កើតឡើង​ច្រើន​កន្លែង​ក្នុង​ប្រទេស​ ដែល​ករណី​ខ្លះ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​បាត់បង់​អាយុជីវិត​ថែម​ទៀត​ផង​ ។​ ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅច្បាប់​នៅ​តែ​កើត​មាន​ ។​

​ប្រជាពលរដ្ឋ​ហាក់​មាន​កង្វល់​ជា​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ ។​ បណ្តាជន​ដែល​មានទ្រព្យ​សម្បត្តិ​នៅ​តាម​ទីប្រជុំជន​ ក៏​ដូច​ជា​នៅ​តាម​ទី​ជនបទ​ មាន​សេចក្តី​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ​ដែល​ចេះ​តែ​កើត​ឡើងជា​រឿយៗ​ ។​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទទួល​បាន​នូវ​ការ​ព្រមាន​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ឲ្យ​ពង្រឹង​សន្តិសុខ​ឡើង​វិញ​ ។​ មន្ត្រី​នគរបាល​ថ្នាក់​ខេត្ត​ខ្លះ​ ទទួល​បាន​នូវ​ការ​ព្រមាន​អំពី​ការ​ដក​តំណែង​ ប្រសិនបើ​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​ ។​ បើ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​នគរបាល​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ថ្នាក់​ខេត្ត​ ឬ​ស្រុក​ណា​ម្នាក់​ត្រូវ​បាន​ដកហូត​ពីមុខ​តំណែង​នៅឡើយ​ បើ​ទោះបី​អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​តែ​កើត​មាន​ជា​ហូរហែ​ក៏​ដោយ​ ។​ មាន​ន័យ​ថា​ សេចក្តី​ព្រមាន​របស់​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មិន​ទាន់​បាន​អនុវត្ត​ជា​ផ្លូវការ​នៅឡើយ​ ។​ ហេតុនេះ​ អំពើ​ប្លន់​ក៏​ចេះ​តែ​មាន​ជា​បន្តបន្ទាប់​យ៉ាង​ដូច្នោះ​ដែរ​ ។​

​មាន​មូលហេតុ​ជា​ច្រើន​ ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ឆក់​ប្លន់​ស្ទើរ​គ្រប់កន្លែង​ក្នុង​សង្គម​សព្វថ្ងៃ​ ។​ បញ្ហា​ល្បែងស៊ីសង​ គ្រប់​ប្រភេទ​ បាន​និង​កំពុង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ​ ។​ មិន​ថា​តែ​ បៀរ​,​ អាប៉ោង​,​ កន្ទុយលេខ​,​ សង្វៀន​ជល់​មាន​ ដែល​ខុស​នឹង​ច្បាប់​ប្រទេស​នោះ​ទេ​ កំពុង​កើត​មាននៅ​គ្រប់​ច្រកល្ហក​ទាំង​រាជធានី​ និង​តាម​ខេត្ត​ ក៏​ដូច​ជាទី​ជនបទ​…​សូ​ម្បី​តែ​ កម្មវិធី​ប្រដាល់​តាម​កញ្ចក់​ទូរទស្សន៍​ ច្រើន​ប៉ុស្តិ៍​ ក៏​ក្លាយទៅជា​ល្បែងភ្នាល់​សម្រាប់​អ្នក​និយម​កម្មវិធី​ប្រដាល់​នេះ​ដែរ​ ។​ ល្បែងភ្នាល់​បាល់​តាម​អ៊ី​ន​ធើ​ណេ​ត​,​ ល្បែង​ហ្គេ​ម​បាញ់​ត្រី​ ក៏​ដូច​ជា​ហ្គេ​ម​ច្រើន​ប្រភេទ​ទៀត​ នៅ​តែ​ដំណើរការ​ជា​ធម្មតា​ ក្រោម​ក្រសែភ្នែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ទាំងនេះ​ ។​ នៅ​ពេល​ដែល​សមត្ថកិច្ច​មិន​បង្ក្រាប​ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម​ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​សមត្ថកិច្ច​ខ្លួនឯង​ជា​អ្នក​លំបាក​ក្នុង​ការ​បង្ក្រាប​ ។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយ​ចំនួន​បាន​ឡើង​តួនាទី​គ្រប់គ្រង​តំបន់​របស់​ខ្លួន​ ប៉ុន្តែ​មិន​មាន​សមត្ថភាព​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​ចោរប្លន់​ប្រដាប់​អាវុធ​ដឹង​អំពី​ចំណុចខ្សោយ​របស់​សមត្ថកិច្ច​ ដូច្នេះ​ពួក​គេ​(​ចោរ​)​ អាច​ធ្វើ​សកម្មភាព​បាន​គ្រប់ពេលវេលា​ ព្រោះ​គេ​ដឹង​ថា​ មន្ត្រី​នគរបាល​ថ្នាក់​ខេត្ត​ ឬ​ស្រុក​ដែល​គេ​ត្រូវធ្វើ​សកម្មភាព​ ជា​មនុស្ស​អសមត្ថភាព​ ។​ និយាយ​ត្រង់​ចំណុច​នេះ​ គេ​សង្កេត​ឃើញ​ថា​ ករណី​ចោរប្លន់​ច្រើន​កន្លែង​មកនេះ​ មិន​ទាន់​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​វាយ​បំបែកសំណុំរឿង​នៅឡើយ​ ។​ ខេត្តកណ្តាល​,​ បាត់ដំបង​,​ បន្ទាយ​មាន​ជ័យ​,​ កំពត​…​ភ្នំពេញ​ សុទ្ធតែ​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ ប៉ុន្តែ​សមត្ថកិច្ច​ មិន​ទាន់​បំបែកសំណុំរឿង​បាន​ ។​

​បញ្ហា​គ្រឿងញៀន​កំពុង​ពង្វក់ស្មារតី​យុវជន​ ក៏​ជា​បញ្ហា​មួយ​ដែរ​ ។​ ជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​មិន​ខ្លាច​នឹង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ឡើយ​ ។​ គ្រឿងញៀន​កំពុង​ញាំញី​សង្គម​កម្ពុជា​មិន​ថា​ ទីក្រុង​ ឬ​ទី​ជនបទ​នោះ​ទេ​ ។​ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​មានការ​តាំងចិត្ត​ខ្ពស់​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ ។​ ការ​បង្ក្រាប​ឲ្យ​អស់​ករណី​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ និង​ធានា​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ សំខាន់​គឺ​គ្មាន​ល្បែងស៊ីសង​ ទើប​អាច​កាត់​បន្ថយ​បទល្មើស​ ឆក់​ប្លន់​បាន​ ៕​ នួន​ ន​រិ​ន្ទ្រ​ន៍​


ចែករំលែក៖