ព័ត៌មានទាន់ហេតុការណ៍៖

​អភិបាល​ខណ្ឌដូនពេញ​ដាក់​វិធានការ​អនុវត្ត​ច្បាប់​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់​ពី​ថ្ងៃ​ទី​១​ខែ​មិ​នា​តទៅ​

ចែករំលែក៖

​ភ្នំពេញ​ ៈ​ ចាប់ពី​ថ្ងៃ​១​ ខែ​មិ​នា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​តទៅ​ លោក​គួ​ច​ ចំរើន​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ដោយ​ឃាត់ខ្លួន​បណ្តា​មេ​ឆ្នោត​ និង​អ្នក​កត់​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​ ខណៈ​ល្បែង​ឆ្នោត​កត់​កន្ទុយ​ខុសច្បាប់​ បាន​កំពុង​បាន​កក្រើក​ខ្លាំង​និង​ចេញ​មុខ​ខ្លាំង​នៅ​ក្នុង​ដែនដី​ខណ្ឌដូនពេញ​ ។​

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ លោក​ គួ​ច​ ចំរើន​ អភិបាល​ខណ្ឌដូនពេញ​ បាន​បើក​កិច្ចប្រជុំ​កោះ​អញ្ជើញ​អ្នក​កត់​ឆ្នោត​កន្ទុយលេខ​ ប្រមាណ​ជិត​១០០​នាក់​ មក​ធ្វើ​ណែនាំ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ នៅ​ក្នុង​សាលា​ខណ្ឌដូនពេញ​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅ​ក្នុង​កិច្ចប្រជុំ​ លោក​អភិបាល​ បាន​មាន​ប្រសាសន៍​ថា​ ចាប់ពី​ថ្ងៃ​ទី​១​ ខែ​មិ​នា​តទៅ​ សាលា​ខណ្ឌដូនពេញ​ នឹង​មិន​អនុញ្ញាត្តិ​ឲ្យ​មានការ​លេងល្បែង​ចាក់​ឆ្នោត​កត់​កន្ទុយលេខ​ខុស​តទៅ​ទៀត​ទេ​ ប៉ុន្តែ​ការ​ទុក​ពេល​ក្នុង​រយៈពេល​ជិត​១​ខែ​នេះ​ មិនមែន​បាន​ន័យ​ថា​ សាលា​ខណ្ឌ​បើក​ការ​អនុវត្ត​ឲ្យ​លេង​នោះ​ទេ​ ពោល​គឺ​អាច​នឹង​មានកំ​លាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​សាលា​រាជធានី​ចុះ​ទៅ​បង្ក្រាប​ដោយ​ផ្ទាល់​ ខណៈ​បងប្អូន​នៅ​តែ​បន្ត​លេងល្បែង​ឆ្នោត​ កត់​កន្ទុយលេខ​ស៊ីសង​ប្រាក់​ខុសច្បាប់​។​ ដោយឡែក​សម្រាប់​ល្បែង​ឆ្នោត​ ដែល​មានច្បាប់​ មាន​ប័ណ្ណ​អនុ​ញ្ញត្តិ​ត្រឹមត្រូវ​ គឺ​ សាលា​ខណ្ឌ​បាន​អនុញ្ញាត្តិ​ឲ្យ​បន្ត​មាន​ជា​ធម្មតា​ ។​

​ដោយឡែក​លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ អ្នកលេង​ល្បែង​ឆ្នោត​កត់​កន្ទុយ​ខុសច្បាប់​ តាម​ច្បាប់​តុលាការ​អាច​ផ្តន្ទាទោស​ពន្ធនាគារ​ក្នុង​រយៈពេល​ពី​ ១​ស​ប្តា​ហ៍​ដល់​១​ខែ​ ហើយ​ការ​ផ្តន្ទាទោស​នោះ​ បើ​អ្នកលេង​មិន​មាន​រាងចាល​ គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​ជិត​៥​សែន​រៀល​ និង​ដាក់​ពន្ធនាគា​ពី​១​ ខែ​ដល់​១​ឆ្នាំ​ ដោយឡែក​សម្រាប់​អ្នក​កត់​ឆ្នោត​វិញ​៥​លាន​ ដល់​២០​លាន​រៀល​ ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​។​

​គួរ​រំលឹក​ថា​ វិធានការ​បង្ក្រាប​ មិន​ឲ្យ​មាន​ល្បែង​កត់​ឆ្នោត​កន្ទុយលេខ​ នៅ​លើ​ដែនដី​ខ័​ណ្ឌ​ដូនពេញ​នេះ​ បាន​ឡើង​បន្ទាប់​ពី​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ឆ្នាំ​២០១៦​ កន្លង​មក​ថ្មី​នេះ​ អភិបាល​ខ័​ណ្ឌ​ដូនពេញ​ បាន​ប្រកាស​ចាប់ពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​មក​ថ្មីៗ​នេះ​តទៅ​ នៅ​ក្នុង​មូលដ្ឋាន​ដែនដី​របស់​ខ្លួន​គ្រប់គ្រង​ នឹង​មិន​ឲ្យ​មាន​កន្លែង​បើក​ទីតាំង​ល្បែង​ហ្គេ​ម​ខុសច្បាប់​ ប៉ុន្តែ​លើកលែងតែ​ទីតាំង​ល្បែង​ហ្គេ​ម​នៅ​ក្នុង​ផ្សារ​ទំនើប​ធំ​ ដែល​ហួស​ពី​គ្រប់គ្រង​របស់​ខ្លួន​ ។​ ហើយ​លោក​ គួ​ច​ ចំរើន​បាន​ថា​ គ្រប់​បណ្តាល​ប្រជាពលរដ្ឋ​ចាប់ពី​ពេល​នោះ​មក​ ប្រសិនបើ​ប្រទះ​ឃើញ​កន្លែង​បើក​ទីតាំង​ហ្គេ​ម​ខុសច្បាប់​ ពិសេស​ការ​លួច​បើក​ល្បែង​ហ្គេ​ម​នៅ​ពេល​យប់​ សូម​មេត្តា​រាយការណ៍​អាជ្ញាធរ​ និង​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ ដើម្បី​ចាត់វិធានការ​ចុះ​បង្ក្រាប​ទៅ​តាម​នីតិវិធី​ ៕ ​ស​ ដា​រ៉ា​

image6

image5

image1

image2

image3


ចែករំលែក៖