ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រូវ​ប្រជាពលរដ្ឋ​​ឡោម​ព័ទ្ធ​ចាប់ខ្លួន​វាយ​បាក់​ថ្គាម​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ ជនសង្ស័យ​២​នាក់​ បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​ លួច​កាច់ក​ម៉ូតូ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ រដ្ឋបាល​ស្វាយ​អំពារ​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ ត្រូវ​បាន​មន្ត្រី​នគរបាល​ជា​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ ស្រែ​កថា​ “​ចោរៗ​”​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ដេញ​តាម​ប្រមាញ់​ចាប់ខ្លួន​ ជនសង្ស័យ​បាន​ម្នាក់​ក្នុង​ ចំណោម​បក្ខពួក​២​នាក់​ វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សល់​តែ​ដង្ហើមចង្រិត​ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ដើម្បី​ ចាត់ការ​តាម​នីតិវិធី​ តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​សមត្ថកិច្ច​នគរបាល​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ស្រះ​ទឹក​ចិញ្ចឹម​ត្រី​របស់​ឈ្មោះ​ តេ​ង​ ខា​ ស្ថិត​ក្នុងភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​ មុខកំពូល​ ខេត្តកណ្ដាល​ ។​

​ ​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ហេង​ រិ​ន​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រត់​ម៉ូតូឌុប​ នៅ​ភូមិ​ត្រពាំង​ថ្ងាន់​ ឃុំ​ប្រ​ភ្នំ​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ រីឯ​បក្ខពួក​ម្នាក់​ ទៀត​ដែល​រត់គេច​ខ្លួន​មានឈ្មោះ​ ទូច​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ក្នុង​ទីរួមខេត្ត​ កំពង់ឆ្នាំង​ ។​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​៩១២៦៣៧៦​ គ្មាន​ស្លាក​លេខ​ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ាច​ សា​ម៉េ​ត​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្វាយ​អំពារ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្រង​ ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ។​

​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ទុក​នៅ​ខាង​ មុខ​ផ្ទះ​ ហើយ​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​រួច​ ក៏​អង្គុយ​មើល​ទូរទស្សន៍​ ខណៈនោះ​ក៏​បាន​ ឮ​សំឡេង​ខុស​ប្លែក​ពី​ធម្មតា​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ ។​ ភ្លាមៗ​នោះ​ដែរ​ជន​រង​គ្រោះ​ ក៏​បាន​ក្រោក​ដើរ​ មក​មើល​ម៉ូតូ​ឃើញ​ជនសង្ស័យ​កំពុង​បណ្តើរ​ម៉ូតូ​របស់​ខ្លួន​បម្រុង​អូស​ចេញពី​មុខ​ផ្ទះ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​ក៏​បាន​រត់​ចុះពីលើផ្ទះ​ស្រែ​កថា​ “​ចោរៗ​”​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដេញ​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​ ការ​ភ័យ​ខ្លាច​រត់​ចោល​ម៉ូតូ​ តែ​រត់​មិន​រួច​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សល់​តែ​ដង្ហើមចង្រិត​តែ​ម្តង​ ៕​ ស្អាង​ជ័យ​

Tong-leng-002

Tong-leng-002-(1)

Tong-leng-002-(3)


ចែករំលែក៖