ព័ត៌មានទាន់ហេតុការណ៍៖

​មេឃុំ​សុចិត្រ​ ដក​ចៅអធិការ​ចាស់​ដែល​បួស​តាំងពី​ឆាំ​១៩៧៩​ ដាក់​ព្រះសង្ឃ​ទើប​បួស​បាន​៧​ខែ​ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​

ចែករំលែក៖

​ខេត្តកំពង់ធំ​ ៖​ គណៈកម្មការ​ អាចារ្យ​ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រុក្ខា​រាម​ ហៅ​វត្ត​ពោធិ​រោង​ ស្ថិត​នៅ​ភូមិ​ប្រ​រោង​ ឃុំ​សុចិត្រ​ ស្រុក​សណ្ដាន់​ បាន​ចោទប្រកាន់​លោក​ប្រាក់​ មិន​ មេឃុំ​សុចិត្រ​ ថា​ បាន​បំបែកបំបាក់​ផ្ទៃក្នុង​វត្ត​ ដោយ​យក​ព្រះសង្ឃ​ខ្ចី​វស្សា​១​អង្គ​ ជា​បក្ខពួក​ខ្លួន​មក​ដំឡើង​ជា​ព្រះ​ចៅអធិការ​វត្ត​ ហើយ​ទម្លាក់​ព្រះ​ចៅអធិការ​ចាស់វស្សា​តាំងពី​ឆ្នាំ​១៩៧៩​ចេញ​។​ ទ​ង្វើ​របស់​លោក​មេឃុំ​នេះ​បាន​ធ្វើ​ឡើង​ ដោយ​បក្ខពួក​ខ្លួន​៥-៦​នាក់​ ផ្ទុយ​ពី​ឆន្ទៈ​ពុទ្ធបរិស័ទ​ និង​គណៈកម្មការ​អាចារ្យ​ចំណុះ​ជើងវត្ត​រុក្ខា​រាម​ ហៅ​វត្ត​ពោធិ​រោង​ ដែល​ផ្ដើម​ឲ្យ​មាន​អធិករណ៍​ក្នុង​វត្ត​នេះ​ ឡើង​រហូត​មក​ដល់​សព្វថ្ងៃ​។​

​លោក​ជុំ​ ច​ន្ថា​ អាយុ​៦១​ឆ្នាំ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សុចិត្រ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ដោយសារ​គណៈកម្មការ​វត្ត​ចាស់ៗ​បាន​បាត់បង់​ជីវិត​អស់​ លោក​ក៏​បាន​ចូលខ្លួន​មក​ជួយ​វត្ត​ ក្នុង​នាម​គណៈកម្មការ​ ដោយ​រង់ចាំ​គណៈកម្មការ​ ស្របច្បាប់​កើតឡើង​។​ នៅ​រដូវ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៤​កន្លង​មកនេះ​ លោក​បាន​ចូលរួម​ ទទួល​បច្ច័យ​បិណ្ឌ​ជាមួយ​ព្រះសង្ឃ​១​អង្គ​ ដែល​ទើបនឹង​សាង​ព្រះ​ផ្នួស​ ហើយ​មក​នៅ​វត្ត​ពោធិ​រោង​នេះ​ តាម​ការ​គាំទ្រ​ពី​ លោក​ មេឃុំ​។​

​លោក​ជុំ​ ច​ន្ថា​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ទទួល​បច្ច័យ​បិណ្ឌ​បាន​៣​ថ្ងៃ​មក​ លោក​ក៏​បាន​ ដកខ្លួន​ចេញ​ ដោយ​ពិនិត្យ​ឃើញ​សកម្មភាព​មិន​ប្រក្រតី​ ទ​ង្វើ​ខុសច្បាប់​វិន័យ​ របស់​ព្រះសង្ឃ​អង្គ​នោះ​ជា​ច្រើន​។​ លើស​ពី​នេះ​ទៀត​ ព្រះសង្ឃ​អង្គ​នេះ​ និង​លោក​មេឃុំ​បាន​បង្កទំនាស់​នៅ​ក្នុង​វត្ត​ ដោយ​បាន​សុំ​ទម្លាក់​ព្រះ​ចៅអធិការ​វត្ត​ចាស់​ចោល​ ដោយ​លើក​ព្រះសង្ឃ​ថ្មី​ខ្ចី​វស្សា​នោះ​ជំនួស​។​ ទ​ង្វើ​នេះ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ គណៈកម្មការ​ និង​អាចារ្យវត្ត​ជំទាស់​ ព្រោះ​ពួក​គាត់​នៅ​តែ​បន្ត​គាំទ្រ​ ព្រះ​ចៅអធិការ​ចាស់​ ព្រះ​នាម​ធា​ម​ ពៅ​ ព្រះ​ជន្ម​៨៨​ វស្សា​ ដដែល​ ព្រោះ​ព្រះ​ចៅអធិការ​អង្គ​នេះ​ មិន​មាន​កំហុស​អ្វី​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ពុទ្ធបរិស័ទ​ បាន​ និមន្ត​ព្រះ​អង្គ​ពី​ព្រះ​ចៅអធិការ​វត្ត​ទឹក​ម៉ី​លៀង​ នៅ​ទីរួមស្រុក​សណ្ដាន់​ មក​គង់នៅ​វត្ត​នេះ​ តាំងពី​ឆ្នាំ​ ១៩៩៥​ រហូត​មក​ទល់​បច្ចុប្បន្ន​គឺ​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​ កាល​ណោះ​គាត់​(​ជុំ​ ច​ន្ថា​ )​នៅ​ទាហាន​ នៅឡើយ​ទេ​ នៅ​ទីតាំង​វត្ត​នេះ​គឺ​សុទ្ធ​ខ្សែត្រៀម​។​

​ចំណែក​លោកតា​អាចារ្យ​ វ៉ែន​ ឈឿ​ង​ អាយុ​៦៥​ឆ្នាំ​ ក៏​បាន​រៀបរាប់​ដែរ​ថា​ ការ​យក​ព្រះសង្ឃ​ទើបនឹង​បួស​បាន​៦-៧​ខែ​ មក​ដំឡើង​ជា​ចៅអធិការ​វត្ត​ ហើយ​ទម្លាក់​ព្រះ​ចៅអធិការ​ចាស់​ចោល​គឺ​ពុទ្ធបរិស័ទ​មិន​យល់ព្រម​ទេ​ ព្រោះ​ព្រះ​ចៅអធិការ​ចាស់​គ្មាន​កំហុស​ និង​ដឹកនាំ​តាំង​តែ​ពី​បាតដៃ​ទទេ​រហូត​ដល់​មាន​ប៉ុណ្ណេះ​។​ ម្យ៉ាងទៀត​ គឺ​ចៅអធិការ​ថ្មី​នេះ​ខ្ចី​វស្សា​ទៀត​ ដែល​មានការ​គាំទ្រ​ពី​លោក​មេឃុំ​ ប្រាក់​ មិន​ នោះ​ គឺ​គ្រាន់តែ​បួស​សន្សំទ្រព្យ​តែ​ប៉ុណ្ណោះ​ ដោយ​ដឹង​ថា​ មិន​បាន​តំណែង​ជា​ព្រះ​ចៅអធិការ​ ក៏​ដឹក​ ដែក​ ដឹក​ស៊ីម៉ងត៍​ចេញពី​វត្ត​ទៅ​វិញ​ទាំងអស់​។​

​លោកតា​វឿ​ន​ ឈឿ​ង​បន្ដ​ថា​ ចំណែក​លោក​មេឃុំ​ តាំងពី​មានរឿង​នេះ​កើតឡើង​មិន​ដែល​ចូល​វត្ត​ទេ​ ទោះជា​ករណី​បុណ្យ​ទាន​ ប្រពៃណី​ ឬ​បុណ្យ​ជាតិ​ឡើយ​ ហើយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ គឺ​មានបុណ្យ​ឆ្លង​សមិទ្ធផល​ក្នុង​វត្ត​ដោយ​មាន​លោក​អភិបាលរង​ខេត្ត​អញ្ជើញ​មក​ ក៏​លោក​មេឃុំ​មិន​ចូល​មក​ជួយ​រៀបចំ​ដែរ​ ហើយ​ជំទាស់​មិន​ ឲ្យ​មានដំណើរ​ការ​រៀបចំ​គណៈកម្មការ​វត្ត​កើតឡើង​ទៀត​ផង​។​

​ពុទ្ធបរិស័ទ​ និង​គណៈកម្មការ​អាចារ្យ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ឃុំ​សុចិត្រ​ភាគច្រើន​ សុទ្ធតែ​បាន​ និយាយ​ថា​ ការ​ដឹកនាំ​ របស់​លោក​ប្រាក់​ មិន​ នេះ​ គឺ​ប្រជាពលរដ្ឋ​មិន​អាច​ទទួលយក​បាន​នោះ​ទេ​ គឺ​សូម​លោក​អភិបាលខេត្ត​មេត្តា​ពិនិត្យ​មើល​សកម្មភាព​លោក​មេឃុំ​សុចិត្រ​ផង​ ដូច​ជា​ករណី​ បទល្មើស​ព្រៃឈើ​អីចឹង​ គឺ​ប្ដឹង​ឲ្យ​មេព្រៃ​ចាប់​គេ​ ប៉ុន្តែ​កូន​ខ្លួនឯង​និង​បក្ខពួក​រកស៊ី​ពេញទំហឹង​ បែរ​មើល​មិនឃើញ​។​

​ព្រះ​ចៅអធិការ​វត្ត​ចាស់​ ព្រះ​នាម​ ធា​ម​ ពៅ​ ព្រះ​ជន្ម​៨៨​វស្សា​ បាន​មាន​សង្ឃដីកា​ថា​ លោក​បាន​ បួស​នៅ​ឆ្នាំ​១៩៧៩​ គឺ​ព្រះ​សម្ដេច​សង្ឃ​ទេព​វង្ស​ជា​អ្នក​បំបួស​ឲ្យ​ ហើយ​ធ្វើ​ជា​ព្រះ​ចៅអធិការ​វត្ត​ រហូត​ មក​ទល់​សព្វថ្ងៃ​ ហើយ​ចំពោះ​តំណែង​ចៅអធិការ​ ស្រេច​តែ​ពុទ្ធបរិស័ទ​ និង​ខាង​ធម្មការ​ទេ​។​

​ទាក់ទិន​នឹង​ព័ត៌មាន​នេះ​ លោក​ប្រាក់​មិន​ មិន​បាន​បំភ្លឺ​ដូច​ម្ដេច​នោះ​ទេ​ គ្រាន់​ទទួល​ទូរស័ព្ទ​ ហើយ​ដឹង​ថា​អ្នក​សារព័ត៌មាន​នោះ​ ក៏​បិទ​ទៅ​វិញ​ ហើយ​ក៏​ទូរស័ព្ទ​លែង​ចូល​តែ​ម្ដង​ ៕​ វិបុល​

M23-03-16-f1

M23-03-16-f

M23-03-16-f2

M23-03-16-f3


ចែករំលែក៖