ព័ត៌មានទាន់ហេតុការណ៍៖

​ដី​ព្រៃ​ជិត​១.០០០​ហិ​កតា​នៅ​ក្នុង​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស​ត្រូវ​គេ​ឈូស​ឆាយ​រំលោភ​យក​ជា​កម្មសិទ្ធិឯកជន​

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​ ៖​ ដី​ព្រៃឈើ​របស់​រដ្ឋ​ រាប់រយ​ហិ​កតា​នៅ​ក្នុង​ឃុំ​ក្រាំង​ស្គារ​ ស្រុក​ ទឹកផុស​ប្រមាណ​ជិត​១.០០០​ហិ​កតា​បាន​និង​កំពុង​ត្រូវ​បាន​ឈូស​ឆាយ​រំលោភ​យក​ពី​សំណាក់​ជនខិលខូច​ ដែល​អាង​អំណាច​ អាង​ទឹកប្រាក់​រំលោភ​យក​ដោយ​មិន​ខ្វល់​ អើពើ​ពី​ច្បាប់​ឡើយ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ឈ្មោះ​ ម៉ៅ​ វឿ​ន​ ជា​អនុប្រធាន​សហគមន៍​ទេស​ ចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​ ឃុំ​ក្រាំង​ស្គារ​ និង​ជា​ម្ចាស់​គ្រឿងចក្រ​ដ៏​ធំ​នៅ​ក្នុង​តំបន់​ នោះ​រួម​ទាំង​លោក​ សោម​ សុទ្ធ​ ជា​មេ​ភូមិ​ ក្ដុល​ ឃុំ​ក្រាំង​ស្គារ​ និង​មន្ដ្រី​ជំនាញ​មួយ​ ចំនួន​ទៀត​នៅ​ពីក្រោយ​ខ្នង​កំពុង​ធ្វើ​សកម្ម​ ភាព​យ៉ាង​មមាញឹក​ឈូស​ឆាយដី​ព្រៃ​ សាធារណៈ​របស់​រដ្ឋ​យ៉ាង​គឃ្លើន​ហាក់​ពុំ​ខ្លាចរអា​លើ​អាជ្ញា​ច្បាប់​សូ​ម្បី​បន្ដិច​សោះ​ ។​ ក្រុម​ឈ្មួញ​ដី​ទាំងនោះ​បាន​ប្រើ​រូបភាព​ រំលោភ​យក​ដោយ​បាន​លប​លួច​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​រួច​ទើប​បញ្ជូន​គ្រឿងចក្រ​ចូល​ ធ្វើការ​ឈូស​ឆាយដី​ព្រៃ​តែ​ម្ដង​ បើ​មើល​ ទៅ​ហាក់ដូចជា​ដី​នោះ​មានកម្ម​សិទ្ធិ​ ស្របច្បាប់​ត្រឹមត្រូវ​ ។​ ក្នុង​នោះ​ក៏​មាន​ ការ​រៀបចំ​ឯកសារ​ពី​អាជ្ញាធរ​ភូមិ​ ដោយ​ បាន​ប្រើប្រាស់​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ ទីនោះ​ ដើម្បី​ក្លែង​ឯកសារ​ទិញ​លក់​ទៅ​ជា​ ឯកសារ​ស្របច្បាប់​ ។​

​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ ដី​ព្រៃ​ដែល​ ត្រូវ​បក្ខពួក​លោក​ ម៉ៅ​ វឿ​ន​ សហការ​គ្នា​ រំលោភ​យក​មាននៅ​ចំណុច​ដក់​ត្រី​ភូមិ​ ក្ដុល​ឈូស​ឆាយ​រួច​ប្រមាណ​ជា​៤០០​ហិ​កតា​ ដែល​ក្នុង​គម្រោង​មាន​ជាង​១០០០​ ហិ​កតា​និង​ដី​នៅ​ចំណុច​ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្រាំង​ស្គារ​គេ​បាន​ឈូស​ឆាយ​រួច​ប្រមាណ​ជាង​៤០០​ហិ​កតា​ទៀត​នៅ​ចំណុច​ភ្នំ​ថ្ម​បៀត​ និង​ខាងកើត​ភ្នំ​ក្បាល​ខ្លា​ ។​

​ករណី​ការ​រំលោភ​យក​ដី​ព្រៃ​ខាងលើ​ នេះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ ភ្នំ​ត្រងោល​ ភូមិ​ក្ដុល​ ឃុំ​ក្រាំង​ស្គារ​ ចំនួន​៣០​គ្រួសារ​ បាន​និយាយ​ថា​ មេ​ភូមិ​ក្ដុល​ ឈ្មោះ​ សោម​ សុទ្ធ​បានឱ្យ​ពួក​គាត់​ផ្ដិត​មេដៃ​នៅ​លើ​លិខិត​មួយ​ដែល​ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច​ ហើយ​សន្យា​ឱ្យ​លុយ​ប្រជាពលរដ្ឋ​ទាំង​ នោះ​២០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ ដោយ​ គាត់​បាន​អះអាង​មុខ​ប្រជាពលរដ្ឋ​ថា​ នេះ​ ជា​អំណោយ​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ​ពី​ថ្នាក់​ លើ​ហើយ​គាត់​បាន​យក​ស្នាម​មេដៃ​ទាំង​ នោះ​ទៅ​រៀបចំ​ធ្វើ​លិខិត​ទិញ​លក់​ឱ្យ​ ឈ្មួញ​ម្នាក់​ ។​

​បញ្ហា​នេះ​ លោក​ សោ​ ភា​ ប្រធាន​ សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​បាន​អះអាង​ឱ្យ​ដឹង​ថា​ ករណី​ឈ្មោះ​ ម៉ៅ​ វឿ​ន​អនុប្រធាន​សហគមន៍​ទេសចរណ៍​ ទឹកធ្លាក់​ស្រែ​អំពិល​ ដែល​បាន​រំលោភ​ យក​ដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​ដក់​ត្រី​ ក្នុងភូមិ​ក្ដុល​និង​ចំណុច​មួយ​ចំនួន​ទៀត​ នោះ​វា​ជា​រឿង​បុគ្គល​មិន​មាន​ពាក់ព័ន្ធ​ នឹង​សហគមន៍​នោះ​ឡើយ​ ។​

​ចំណែក​លោក​ ម៉េ​ង​ ហាក់​ អភិបាល​ ស្រុក​ទឹកផុស​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ ទទួល​បាន​បទបញ្ជា​ពី​អភិបាលខេត្ដ​កំពង់ឆ្នាំង​លោក​បាន​ចាត់តាំង​ក្រុមការងារ​ ចម្រុះ​របស់​ស្រុក​ទៅ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ខាងលើ​ជា​បន្ទាន់​ និង​ត្រូវ​រង់ចាំ​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​សិន​ ពីព្រោះ​ដី​ខ្លះ​មិន​មាន​បែងចែក​ ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ទេ​ ។​ ចំណែក​ដី​ដែល​បាន​វាស់វែង​រួចរាល់​ គឺ​ ត្រូវ​ចេញ​បណ្ណ​សម្រាប់​ប្រជាពលរដ្ឋ​មិនមែន​សម្រាប់​ក្រុម​ឈ្មួញ​ដី​ឡើយ​ ។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្រុម​ការ​ ងារ​ចម្រុះ​ថ្នាក់​ខេត្ដ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ឈូស​ឆាយ​នោះ​ ព្រមទាំង​បាន​ ពិនិត្យ​ឯកសារ​ឃើញ​ថា​ ដី​ព្រៃ​មួយ​ចំនួន​ មាន​បណ្ណ​ត្រឹមត្រូវ​តែ​ការ​ដាក់​គ្រឿង​ ចក្រ​ឈូស​ឆាយ​វិញ​គឺ​ពុំ​បាន​សុំ​ការ​ អនុញ្ញាត​នោះ​ឡើយ​ហើយ​គេ​បាន​ឈូស​ឆាយ​រំលោភ​ចូល​ដែន​ព្រៃ​រដ្ឋ​មួយ​ចំនួន​ ដែរ​ដែល​ខាង​ជំនាញ​សុរិយោដី​កំពុង​ធ្វើ​ របាយការណ៍​រឿង​នេះ​ជូន​លោក​អភិបាល​ ខេត្ដ​ពិនិត្យ​សម្រេច​ ។​

​ទាក់ទង​នឹង​រឿង​នេះ​ លោក​ សោម​ សុទ្ធ​មេ​ភូមិ​ក្ដុល​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ រឿង​ខាងលើ​នេះ​លោក​មិន​បាន​ពាក់​ ព័ន្ធ​ក្នុង​ការ​ក្លែង​ឯកសារ​រំលោភ​យក​ដី​ ព្រៃរបស់​រដ្ឋ​នោះ​ឡើយ​ តែ​រឿង​លុយ​ឱ្យ​ ប្រជាពលរដ្ឋ​២០០​ដុល្លារ​ក្នុង​១​គ្រួសារ​គឺ​មាន​មែន​តែ​លោក​មិន​បាន​យកឈ្មោះ​ របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មក​ ប្រើ​នោះ​ទេ​ ព្រោះថា​លុយ​នេះ​ជា​លុយ​ ឈ្មួញ​ទិញ​ដី​ម្នាក់​ឱ្យ​គាត់​រៀប​ដី​ឱ្យ​ តែ​ត្រូវ​ បរាជ័យ​ទៅ​វិញ​ ។​

​ដោយឡែក​លោក​ ម៉ៅ​ វឿ​ន​ អនុ​ ប្រធាន​សហគមន៍​ដែល​រង​ការ​ចោទ​ ប្រកាន់​ពី​ប្រជាពលរដ្ឋ​នោះ​ ពុំ​អាច​ទាក់ទង​ សុំ​ការ​បំភ្លឺ​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​ចូល​តែ​ គ្មាន​អ្នក​ទទួល​ ៕​ វិបុល​

land_1 copy


ចែករំលែក៖