ព័ត៌មានទាន់ហេតុការណ៍៖

​ទីស្តីការគណៈរដ្ឋមន្ត្រី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ​ (ONLINE)

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​វិមាន​មិត្តភាព​ បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​ ក្រោម​ អ​ធីប​តី​ភាព​ លោក​ កែវ​ រ៉េ​មី​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ​។​ នៅ​ក្នុង​ពិធី​នោះ​មានការ​ចូលរួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ជា​តំណាង​ឱ្យ​ អាជ្ញាធរ​ នាយកដ្ឋាន​ និង​អង្គភាព​ ចំណុះ​ទីស្តីការគណរដ្ឋមន្ត្រី​ផង​ដែរ​។​

​លោក​ កែវ​ រ៉េ​មី​ បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ស្ថាប័ន​របស់​ខ្លួន​ជា​សេនាធិការ​ បាន​អនុវត្ត​គម្រោង​ អភិវឌ្ឍ​យ៉ាងច្រើន​ ហើយ​ពេល​ខ្លះ​គម្រោង​ទាំងនោះ​មិន​ត្រូវ​បាន​ រំលេច​នៅ​ក្នុង​កម្មវិធី​វិនិយោគសាធារណៈ​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​មិន​បាន​មើលឃើញ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ របស់​រាជរដ្ឋាភិបាល​ជា​ពិសេស​មិន​បាន​មើលឃើញ​ពិតប្រាកដ​អំពី​ទំហំ​ចំណាយ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​ ឯកឧត្តម​ កែវ​ រ៉េ​មី​ បាន​ស្នើ​ទៅ​គ្រប់​អាជ្ញាធរ​ នាយកដ្ឋាន​ និង​អង្គភាព​ទាំងអស់​ដែល​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ចូលរួម​ក្នុង​ការ​រាយការណ៍​អំពី​គម្រោង​របស់​ខ្លួន​ដែល​កំពុង​អនុវត្ត​ និង​ស្នើ​គម្រោង​ថ្មី​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​។​

​គោលដៅ​សំខាន់ៗ​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ​មាន​៣៖​ ទី​១.​ជា​ឧ​បករ​ណ៏​គ្រប់គ្រង​កម្មវិធី​ និង​ជា​យន្តការ​សំខាន់​ សម្រាប់​ធ្វើការ​កំណត់​ ការ​ចុះបញ្ជី​គម្រោង​ និង​សកម្មភាព​ផ្សេងៗ​ ដើម្បី​សម្រេច​គោលដៅ​ និង​ចំណុច​ដៅ​ តាម​វិស័យ​ជា​ច្រើន​ដូច​មាន​ចែង​ក្នុង​ផែន​ការណ៍​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​។​ ទី​២.​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ជួយ​គណៈកម្មាធិការ​នីតិសម្បទារ​ និង​អភិវឌ្ឍ​កម្ពុជា​/​ក្រុមប្រឹក្សា​អភិវឌ្ឍ​ និង​បណ្តា​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទាំងអស់​ ក្នុង​ការ​ទាក់ទាញ​ និង​តម្រង់​ទិស​ដៅ​ ដល់​ដៃគូរ​អភិវឌ្ឍ​ក្នុង​ការ​ផ្តល​ជំនួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ និង​ទី​៣.​ ជា​យន្តការ​ក្នុង​ការ​តម្រឹម​ តម្រង់​ធនធាន​ពី​ដៃគូរ​អភិវឌ្ឍ​ និង​ពី​រាជ​រដ្ឋ​ភិ​បាល​ដោយ​ផ្ទាល់​ទៅ​នឹង​កម្មវិធី​វិនិយោគ​នានា​ ដែល​ជា​អ​ទិ​ភាព​របស់​ជាតិ​ ចែង​នៅ​ក្នុង​ផែនការ​អភិវឌ្ឍ​ជាតិ​ និង​ជា​ឧ​បករ​ណ៏​សម្រាប់​ត្រួតពិនិត្យ​ផែនការ​អភិវឌ្ឍ​ជាតិ​។​

​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ​ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​ ជួន​ ចំរើន​ អនុប្រធាន​នាយកដ្ឋាន​ផែនការ​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​រំលឹក​ថា​ កាលពីមុន​រាល់​ការ​ស្នើ​គម្រោង​ត្រូវ​បំពេញបែបបទ​ និង​បញ្ជូន​ដោយ​ផ្ទាល់​ មក​នាយក​ដ្ខា​ន​ផែនការ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​ បន្ទាប់​ពី​ពិនិត្យ​រួច​មក​ ក៏​បញ្ជូន​ទៅ​ក្រសួងផែនការ​ និង​ក្រោយ​ពី​ក្រសួងផែនការ​ពិនិត្យ​សម្រេច​ចុង​ក្រោយ​ទើប​អនុម័ត​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​មាន​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ជា​អធិបតី​។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ស្នើ​គម្រោង​នានា​ពី​ក្រសួង​ ស្ថាប័ន​ ផ្សេងៗ​ ក្រោម​ការ​ផ្តួចផ្តើម​របស់​ក្រសួងផែនការ​ បាន​ប្តូរ​មក​ប្រើ​បច្ចេកវិទ្យា​អន​ឡាញ​ដោយ​ឱ្យ​ត្រូវ​បំពេញបែបបទ​ និង​បញ្ជូន​ទិន្នន័យ​តាម​រយៈ​បណ្តាញ​អ៊ិ​ន​ធើ​ណិ​ត​ នៅ​លើ​គេហទំព័រ​ pip.mop.gov.kh​ របស់​ក្រសួងផែនការ​។​ ក្នុង​ការ​ស្នើ​សុំ​ User​ និង​Password​ ដើម្បី​អាច​ចូល​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន​ ត្រូវ​ស្នើ​ទៅ​ក្រសួងផែនការ​ដោយ​ផ្ទាល់​ ឬ​តាម​រយៈ​នាយកដ្ឋាន​ផែនការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ហើយ​ការ​ស្នើ​នេះ​អាច​ធ្វើ​បាន​ចំពោះតែ​ ក្រសួង​ ស្ថាប័ន​ដែល​មាន​ គម្រោង​វិនិយោគសាធារណៈ​ បី​ឆ្នាំ​រំកិល​តែ​ប៉ុណ្ណោះ​។​

​នៅ​ក្ន​ង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក​ យ៉ា​ សុខ​ដេ​ត​ ប្រធាន​នាយកដ្ឋាន​ផែនការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ការ​រៀបចំ​គម្រោង​វិនិយោគសាធារណៈ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លើក​គ​ម្រោ​របស់​ខ្លួន​ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ ការ​ចងក្រង​ឯកសារ​ជា​កញ្ចប់​តែ​មួយ​ អាច​ឱ្យ​យើង​មើលឃើញ​កញ្ចប់​ថវិកា​សរុប​ដែល​ ក្រសួង​ស្ថាប័ន​នានា​ចំណាយ​ ៕ ​អត្ថបទ​ដោយ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​

29 03 16 (2)

29 03 16 (4)

29 03 16 (3)

29 03 16 (1)

29 03 16 (5)


ចែករំលែក៖