ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំង​ទាហាន​ជាង​១០​នាក់​បាន​ហ៊ុម​ព័ទ្ធ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រំដោះ​យក​រថយន្ដ​ដឹកឈើ​តែ​មិន​បាន​សម្រេច​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​ ៖​ កម្លាំងយោធា​ ជាង​១០​នាក់​បាន​ហ៊ុម​ព័ទ្ធ​ស្នាក់​ការ​សង្កាត់​ រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​ ដើម្បី​ ទាមទារ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដោះ​ លែង​រថយន្ដ​របស់​ខ្លួន​ដែល​ដឹកឈើ​ប្រភេទ​លេខ​២​ហើយ​ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​រយៈពេល​ជាង​១​ខែ​មក​ហើយ​កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​

​សកម្មភាព​ហ៊ុម​ព័ទ្ធ​ទីស្នាក់ការ​សង្កាត់​ រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​ នេះ​គឺ​បាន​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ហើយ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រហូត​ដល់​មាន​កិច្ច​អន្ដរាគមន៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ ទើប​កម្លាំង​ យោធា​នេះ​ដកថយ​ទៅ​វិញ​និង​ស្ងប់ស្ងាត់​ ។​

​លោក​ ឃ​ន​ ខែ​ម​ នាយ​សង្កាត់​រដ្ឋ​ បាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា​ កម្លាំង​ទាហាន​ ប្រមាណ​ជាង​១០​នាក់​បាន​មក​សុំ​ឱ្យ​ដោះ​លែង​រថយន្ដ​ដឹកឈើ​ដែល​សមត្ថកិច្ច​បាន​ចាប់​រយៈពេល​១​ខែ​ហើយដោយ​មន្ដ្រី​ យោធា​ដែល​ដឹកនាំ​កម្លាំង​ទាហាន​មក​ នោះ​មានឈ្មោះ​ ឆា​ម​ ឡាំ​ ជា​មេ​បញ្ជា​ ការ​វរ​សេនា​តូច​អន្ដរាគមន៍​លេខ​២៤៣​ ចំណុះ​កងពលតូច​អន្ដរាគមន៍​លេខ​៤​នៃ​ កងពលធំ​អន្ដរាគមន៍​លេខ​២​ ។​ លោក​ បន្ដ​ថា​ ដំបូង​មន្ដ្រី​យោធា​ឈ្មោះ​ ឆា​ម​ ឡាំ​ បាន​កាន់​ឯកសារ​សុំ​អន្ដរាគមន៍​ ដែល​ មាន​ចំណារ​របស់​លោក​អភិបាលខេត្ដ​ និង​ នាយក​រដ្ឋបាល​របស់​សាលាខេត្ដ​ឧត្ដរមានជ័យ​ដែល​ខ្លួន​បាន​ស្នើ​សុំ​អន្ដរាគមន៍​ មក​ហុច​ទៅ​ឱ្យ​មន្ដ្រី​មេព្រៃ​ តែ​ទាហាន​ ដែល​មក​ជាមួយ​គឺ​នៅ​ខាងក្រៅ​ស្នាក់​ការ​ រដ្ឋបាល​ព្រៃឈើ​ ។​

​លោកនាយ​សង្កាត់​បន្ដ​ថា​ នៅ​ពេល​ លោក​ពិនិត្យ​មើល​ឯកសារ​តែ​ពុំ​ឃើញ​ មាន​ចំណារ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្ដ​លោក​បាន​ប្រាប់​ទៅ​មន្ដ្រី​យោធា​ឈ្មោះ​ ឆា​ម​ ឡាំ​ ឱ្យទៅ​ជួប​នាយ​ខណ្ឌ​សិន​លោក​ មិន​អាច​ប្រគល់​រថយន្ដ​ដឹក​បទល្មើស​ ឈើ​ទៅ​បាន​ទេ​ ។​ ភ្លាមៗ​នោះ​មន្ដ្រី​យោធា​ ឈ្មោះ​ ឆា​ម​ ឡាំ​ បាន​និយាយ​ថា​ មិន​ឱ្យ​ក៏​ ត្រូវ​តែ​យក​រថយន្ដ​ដឹកឈើ​ចេញ​ដែរ​ ។​ ពេល​នោះ​ឈ្មោះ​ឆា​ម​ ឡាំ​បាន​ បញ្ជា​កូន​ ចៅ​របស់​ខ្លួន​ទៅ​បញ្ឆេះ​រថយន្ដ​ដឹកឈើ​ ហើយ​គ្នីគ្នា​ផ្សេងៗ​ទៀត​បាន​ទៅ​បើកទ្វារ​ របង​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​បម្រុង​បើករថយន្ដ​ដឹកឈើ​ចេញ​ តែ​លោក​ក៏​បាន​ បើករថយន្ដ​ទៅ​បិទ​នៅ​មុខ​ស្នាក់​ការ​ហើយ​មន្ដ្រី​យោធា​បាន​បើករថយន្ដ​ម៉ា​កវី​ហ្គោ​ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​ខម​៧៦១៦​ ដែល​មាន​បិទ​ឡូ​ហ្គោ​កងពលធំ​អន្ដ​រាគ​ មន៍​លេខ​២​ក្នុង​គោលបំណង​មិន​ឱ្យ​រថយន្ដ​មេព្រៃ​ដាក់​ញំ​ង​នៅ​មុខ​ស្នាក់​ការ​ ។​ ប៉ុន្ដែ​ ភ្លាមៗ​នោះ​មាន​កម្លាំង​របស់​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ជា​ច្រើន​នាក់​មក​ធ្វើ​ អន្ដរាគមន៍​ទាន់​ពេលវេលា​ទើប​កម្លាំង​ យោធា​ទាំងនោះ​បាន​ដកថយ​ចេញ​ដោយ​ កិច្ចការ​អន្ដរាគមន៍​ពី​មេកង​ពល​លេខ​៤​ ឧត្ដមសេនីយ៍ទោ​ សន​ ស៊ា​ ឱ្យ​បញ្ឈប់​ សកម្មភាព​ព័ទ្ធ​យក​រថយន្ដ​ដឹកឈើ​ដោយ​សន្យា​ថា​ មិន​ឱ្យ​មានរឿង​អ្វី​ កើតឡើង​ ហើយ​ឱ្យ​មន្ដ្រី​យោធា​ដោះស្រាយ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទៅ​តាម​ច្បាប់​ព្រៃ​ ឈើ​ ។​

​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នៅ​ក្នុង​ ស្រុក​អន្លង់​វែង​ថា​រថយន្ដ​ដឹកឈើ​ប្រភេទ​លេខ​២​របស់​អង្គភាព​កងពលតូច​អន្ដរាគមន៍​លេខ​៤​នេះ​បាន​ធ្វើ​សកម្មភាព​ដឹក​ ជញ្ជូន​បទល្មើស​ឈើ​ជិត​១០​ឆ្នាំ​មក​ហើយ​ចេញពី​ទឹកដី​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ដោយ​ឆ្លងកាត់​ស្រុក​អន្លង់​វែង​ ក្រុង​សំរោង​ទៅ​ ដាក់​ក្នុង​បន្ទាយ​របស់​ខ្លួន​នៅ​ស្រុក​បន្ទាយ​ អំពិល​ និង​បន្ដ​យក​ទៅ​លក់​នៅ​ដេប៉ូ​ខេត្ដ​ បន្ទាយ​មាន​ជ័យ​ ។​ ការ​ដឹក​ជញ្ជូន​ឈើ​ របស់​អង្គភាព​កងពលតូច​លេខ​៤​ខាងលើ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ បាន​ធ្វើ​អាជីវ​ កម្ម​ដឹក​ជញ្ជូន​ឈើ​ដោយ​ប្រើប្រាស់​រថ​ យន្ដ​អំណោយ​ និង​សំអាង​ថា​ដឹក​យក​ទៅ​ កសាង​អង្គភាព​អស់​រយៈពេល​ជា​ច្រើន​ ឆ្នាំ​មក​ហើយ​ ៕​ ប៉ែន​ នួន​

ses (1)


ចែករំលែក៖