ព័ត៌មានទាន់ហេតុការណ៍៖

៣​ខែ​នេះ​រដ្ឋ​ទទួល​ចំណូល​បាន​ជាង​៤​ពាន់​លាន​រៀល​ពី​ការ​ផាកពិន័យ​យានយន្ដ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​ត្រីមាស​ ទី​១​ដើមឆ្នាំ​២០១៦​នេះ​គណៈកម្មាធិការ​ ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ ផាកពិន័យ​យានយន្ដ​ចំនួន​៣១៨.៩៩៨​ គ្រឿង​ដោយ​ទទួល​បាន​ទឹកប្រាក់​ពី​ការ​ ផាកពិន័យ​ យានយន្ដ​ប្រមាណ​ជាង​៤​ពាន់​លាន​រៀល​។​ នេះ​បើ​យោង​តាម​លទ្ធផល​ត្រួតពិនិត្យ​ ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំត្រីមាស​ទី​១​ ឆ្នាំ​២០១៦​ ។​

​នៅ​ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ ផ្លូវគោក​ថ្មី​ប្រចាំត្រីមាស​ទី​១​ ឆ្នាំ​២០១៦​ ដែល​បង្ហាញ​ដោយ​លោក​ឧត្ដមសេនីយ៍​ ឯក​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ ជាតិ​នា​ពេល​កន្លង​ទៅ​នេះ​បានឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​យានយន្ដ​ដែល​បាន​ផាក​ ពិន័យ​ចំនួន​៣១៨.៩៩៨​គ្រឿង​ ។​ ក្នុង​នោះ​ មាន​រថយន្ដ​៩៥.៧៣៩​គ្រឿង​និង​ម៉ូតូ​ចំនួន​ ២២៣.២៥៩​គ្រឿង​ ។​ ក្រៅពី​ការ​ផាក​ ពិន័យ​នគរបាល​ចរាចរ​ផ្លូវគោក​ក៏​បាន​ អប់រំ​ម្ចាស់​យានយន្ដ​ជាង​៣៧​ម៉ឺន​នាក់​ បាន​រក​ឃើញ​យានយន្ដ​ល្មើស​ប្រមាណ​ ជាង​៦៩​ម៉ឺន​គ្រឿង​និង​បាន​ត្រួតពិនិត្យ​យានយន្ដ​សរុប​ជាង​២​លាន​៨​សែន​គ្រឿង​។​ ក្នុង​នោះ​ក៏​មានការ​ឃាត់​ទុក​យានយន្ដ​ គ្មាន​ស្លាក​លេខ​ចំនួន​៨០០​គ្រឿង​នៅ​ តាម​ខេត្ដ​ចំនួន​១៤​ជាប់​ព្រំដែន​វៀតណាម​ និង​ថៃ​ ។​

​ទន្ទឹម​នឹង​នេះ​នគរបាល​បាន​ឃាត់ខ្លួន​ និង​បញ្ជូន​សំណុំរឿង​ជនល្មើស​ជាតិ​ស្រវឹង​ និង​ល្មើស​ល្បឿន​ទៅ​កាន់​តុលាការ​បាន​ ចំនួន​៣០៨​នាក់​ ហើយ​អ្នក​ដែល​ល្មើស​ ទាំងនោះ​៨០​ភាគរយ​គឺ​នៅ​រាជធានី​ ភ្នំពេញ​ ។​

​ដោយឡែក​ក្នុង​រយៈពេល​១​ត្រីមាស​ នេះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មាន​៤៥១​នាក់​ដោយ​ថយ​ចុះ​តែ​១​នាក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥​ដែល​មាន​ ៤៥២​នាក់​ ។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទទួលស្គាល់​ថា​ គ្រោះថ្នាក់​ ដុំ​និង​រាយ​ដោយសារ​កំណើន​យានយន្ដ​ គឺជា​កត្ដា​លំបាក​ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​ កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ ហ៊ឹ​ម​ យ៉ា​ន​ លើក​ឡើង​ថា​ នៅ​កម្ពុជា​មាន​គ្រោះថ្នាក់​ ចរាចរណ៍​២​ប្រភេទ​គឺ​គ្រោះថ្នាក់​ដុំ​និង​ គ្រោះថ្នាក់​រាយ​ ។​ គ្រោះថ្នាក់​ដុំ​គឺ​កើត​ ឡើង​លើ​រថយន្ដ​ដឹក​កម្មករ​រថយន្ដក្រុង​ ឬ​រថយន្ដ​ដឹក​ទំនិញ​ជាដើម​ ចំណែក​គ្រោះ​ ថ្នាក់​រាយ​គឺ​គ្រោះថ្នាក់​ម៉ូតូ​ ។​

​សូម​ជម្រាប​ថា​ រយៈពេល​១១​សបា្ដហ៍​ កន្លង​មកនេះ​កាលពី​ថ្ងៃ​ទី​១០​ ខែមីនា​ជា​ ថ្ងៃ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​ ហើយ​ក្រសួងមហាផ្ទៃ​គ្រោង​ស្នើ​យក​ថ្ងៃ​ទី​១០​ ខែមីនា​ជា​ទិវា​សុវត្ថិភាព​ចរាចរណ៍​ ផ្លូវគោក​របស់​ជាតិ​នា​ពេល​ខាង​មុខ​ផង​ ដែរ​ ៕​ ស​ ដា​រ៉ា​

IMG_6997

IMG_6999

IMG_6998

IMG_7002

IMG_7001


ចែករំលែក៖