ព័ត៌មានទាន់ហេតុការណ៍៖

សីតុណ្ហភាព​នៅ​ថៃ​កើន​ដល់​៤៤,៣​អង្សា​ គ្រា​ដែល​ប្រទេស​កម្ពុជា​ចុះ​ថយកម្តៅ​បន្តិច​

ចែករំលែក៖

​ភ្នំពេញ​៖​ អាជ្ញាធរ​ថៃ​បាន​ណែនាំ​ប្រជាជន​របស់​ខ្លួន​ឲ្យ​ព្យាយាម​នៅ​ក្នុងផ្ទះ​ឬ​អគារ​ផ្សេងៗ​ដើម្បី​គេច​ចេញពី​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង​ ដែល​ប្រទេស​មួយ​នេះ​មិន​ដែល​បាន​ជួប​ ប្រទះ​អស់​រយៈពេល​៦៥​ឆ្នាំ​មក​ហើយ​ ។​ កម្តៅ​ដែល​ប្រទេស​ថៃ​ជួប​ប្រទះ​នៅ​ពេល​ នេះ​គឺ​៤៤,៣​អង្សា​។​ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ Channel​ News​ Asia​ កាលពី​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​ ភាគច្រើន​ទូ​ទាំង​ប្រទេស​ថៃ​បាន​កើនឡើង​លើស​ពី​៤០​អង្សា​ទៅ​ហើយ​នៅ​ក្នុង​អំឡុង​ខែមេសា​នេះ​។​ ជាក់ស្តែង​សីតុណ្ហភាព​នេះ​ វា​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​ទៅ​ហើយ​ ស្រប​ពេល​ដែល​មានការ​ព្រមាន​ថា​ វា​នឹង​ អូស​បន្លាយ​ទៅ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​ ។​

​នៅ​ក្នុង​ខែមេសា​ដដែល​នេះ​សី​តុ​ណ្ហ​ ភាព​មធ្យម​នៅ​តំបន់​ភាគច្រើន​គឺ​៤០​អង្សា​ហើយ​ផ្នែក​ព្យាករណ៍​អាកាសធាតុ​បាន​លើក​ឡើង​ថា​ នឹង​អាច​កើនឡើង​ដល់​៤៤,៣​ អង្សា​សេ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​។​ អាជ្ញាធរ​បាន​ប្រាប់​ប្រជាជន​កុំ​ឲ្យ​ចេញ​ទៅ​ណា​មក​ណា​ពេល​ថ្ងៃ​ក្តៅ​និង​ត្រូវ​ទទួលទាន​ ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​រក្សា​តុល្យភាព​ទឹក​ ក្នុង​រាង​កាយ​ ។​

​គួរ​បញ្ជាក់​ថា​ ក្មេងៗ​សរុប​១៣៥​នាក់​បាន​ លង់ទឹក​ស្លាប់​ក៏​ព្រោះតែ​ពួក​គេ​ចុះ​មុជទឹក​សមុទ្រ​ ទន្លេ​ និង​បឹង​ដើម្បី​គេច​ចេញពី​ អាកាសធាតុ​ក្តៅ​ក្នុង​អំឡុង​ខែមេសា​នេះ​។​

​សម្រាប់​នៅ​ប្រទេស​កម្ពុជា​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​កាលពី​ថ្ងៃ​ទី​២៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៦​ បាន​ប្រកាសប្រាប់​ឲ្យ​ ប្រជាពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ចំពោះ​បាតុភូត​អាកាសធាតុ​ខណៈ​រាជធានី​ និង​ខេត្ត​មួយ​ចំនួន​ចាប់ផ្ដើម​មាន​ភ្លៀង​កក់ខែ​ជា​បណ្ដើរៗ​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​ ។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ ទឹកបាន​ឲ្យ​ដឹង​ថា​ ខេត្ត​ដែល​ចាប់​មាន​ភ្លៀង​ធ្លាក់​នោះ​រួម​មាន​ ខេត្តរតនគិរី​ មណ្ឌលគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ កំពង់ធំ​ សៀមរាប​ ស្វាយ​រៀង​ កោះកុង​ និង​ខេត្ត​ ព្រៃវែង​ ។​

​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ខាងលើ​នេះ​ បន្ទាប់​ពី​មានការ​តាមដាន​និង​ព្យាករណ៍​ អាកាសធាតុ​រួច​មក​នៅ​ពេល​ខាង​មុខ​នឹង​មាន​ធ្លាក់​ភ្លៀង​ព្រម​ជាមួយ​ផ្គរ​ រន្ទះ​ ពិសេស​ខ្យល់​ កន្ត្រាក់​ដែល​អាច​នឹង​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​ ២៨​ ខែមេសា​ ដល់​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​ ៕​ ហេង​ សូ​រិ​យា​

ewew


ចែករំលែក៖