ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកទន្លេចាមថ្លើមធំបំផុតអនុញ្ញាតឲ្យឈើប្រណិត​ឆ្លងទៅវៀតណាមដោយឡានយីឌុបជារៀងរាល់យប់ទើបបែកការណ៍ ខណៈគយចល័តបង្ក្រាបបានឈើគ្រញូងជាង១១តោន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បើគិតមកទល់នឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅច្រករបៀងចំនួន២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ច្រកទន្លេចាម ហើយមានលោក នឹម ផល្លី ជាប្រធានស្នាក់ការគយ និងរដ្ឋាករ បានអនុញ្ញាតឲ្យឈើប្រណីត ប្រភេទធ្នង់ និងគ្រញូង ឆ្លងទៅប្រទេសវៀតណាម ដោយឡានយីឌុបមានរយៈពេល២សប្តាហគ៍គត់ ប៉ុន្តែ​ត្រូវបានបែកធ្លាយ​ បន្ទាប់ពីគយចល័ត បង្ក្រាបចាប់ឈើគ្រញូងជាង១១តោនកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ។

បទល្មើសឈើប្រណីតគឺឆ្លងទៅប្រទេសវៀតណាម​តាមច្រករបៀងតាដោក និងច្រកក្រវៀន ស្ថិតនៅក្នុងការបើកភ្លើងខៀវពីលោក នឹម ផល្លី ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទន្លេចាម និងកើតឡើងដោយការឃុបឃិតគ្នាជាមួយលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ យ៉ាងតិចក្នុងមួយយប់សម្រាប់រយៈពេល២សប្តាហ៍កន្លងមកនេះ មានពី១រថយន្តយីឌុប ទៅ២រថយន្ត និងយប់ខ្លះទៀត កើនដល់៣រថយន្តយីឌុបក៏មាន ។

គេបានរាយការណ៍មកថា រាល់ការចេញឈើធ្នង់ និងគ្រញូង តែងតែមានសមាសភាពក្រុម​នគរបាលសេដ្ឋកិច្ចខេត្ត ដែលគ្រប់គ្រង៨គោលដៅ និងក្រុមរដ្ឋបាលព្រៃឈើ តែងមានវត្តមាននៅទីនោះ គេសង្ស័យថា សមត្ថកិច្ចទាំងនេះ អាចនឹងចាំរាប់ក្បាលឡាន ទូទាត់ប្រាក់ជាមួយឈ្មួញ ។

កម្លាំងគយចល័តសហការជាមួយកម្លាំងកងរាជអាវុធហត្ថបានឃាត់ចាប់​រថយន្តយីឌុប១គ្រឿង ដែលដឹកឈើស្ករស បង្កប់ឈើគ្រញូងនៅពីក្រោម យលកមកពិនិត្យ​ វាស់វែង នៅស្នាក់ការគយចល័ត ស្រុកពញាក្រែក ជាក់ស្តែងឃើញមានឈើចំនួន១ម៉ឺន១ពាន់១រយ៩០គីឡូក្រាម ជាង១១តោន បង្កប់ពីក្រោមស្ករសចំនួន៥៩៧បេ ។

សកម្មភាពល្មើសច្បាប់នេះ គេទទួលស្គាល់ថា លោក នឹម ផល្លី មេគយគ្រប់គ្រងនៅទីនោះ និងលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បើកភ្លើងខៀវ ដោយសារតែអ្នកទាំងពីរនេះ គឺជាមុខសញ្ញាក្នុងការអនុញ្ញាតឲ្យឈើខុសច្បាប់ចរាចរណ៍ទៅប្រទេសវៀតណាម តាមច្រកទន្លេចាមនេះយ៉ាងគគ្រឹកគគ្រេង ទ្រង់ទ្រាយធំ មានទាំងឈើឈ្មួញតូចតាច និងឈើរបស់ឧកញ៉ា លឹម ប៉ុនណា ឧកញ៉ា ថៃ និងឧកញ៉ា មួយចំនួនទៀត បំពានទៅនឹងការហាមឃាត់របស់រដ្ឋាភិបាល ។

មន្ត្រីគយនៅទីនោះ បានបង្ហើបថា គ្រាន់តែមួយរយៈ មុនការចុះប្រតិបត្តិការបង្ក្រាបរបស់គណៈកម្មាធិការជាតិបង្ក្រាបបទល្មើសព្រៃឈើ លោក នឹម ផល្លី បានទទួលកម្រៃពីបទល្មើសព្រៃឈើ ដោយឡានយីឌុបឆ្លងទៅវៀតណាម តាមច្រកទន្លេចាម ដូចគេហែកឋិន គឺទទួលបានផលប្រយោជន៍ខ្ពស់បំផុត ក្នុងនោះគាត់ថែមទាំងមានអំនួតប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់ថា ទិញបានវីឡាដ៏ធំមួយស្កឹមស្កៃ តម្លៃ៧០ម៉ឺនដុល្លារនៅបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យឈើគ្រញូង និងឈើប្រណីតផ្សេងទៀតទៅវៀតណាមតាមច្រករបៀងតាដោក ច្រកក្រវៀន ៧៨នេះ មិនត្រឹមតែល្បីសុះសាយ និងចាត់ទុកថា លោក នឹម ផល្លី គឃ្លើននឹងច្បាប់ប៉ុណ្ណោះទេ សូម្បីតែអាជ្ញាធរខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ ក៏បានហៅលោក នីម ផល្លី សួរនាំពីបទល្មើសឈើនេះ បន្ទាប់ពីយល់ឃើញថា ការអនុញ្ញាតឲ្យឈើចេញ គឺជាបទឧក្រិដ្ឋ បំពានទៅនឹងការរិតបន្តឹងរបស់រាជរដ្ឋាភិបាលនោះ ។

ប្រភពខ្លះបានទម្លាយថា លោក នីម ផល្លី បានឆ្លើយបដិសេធ អះអាងថា គ្មានការចេញឈើនៅច្រករបស់ខ្លួនកាន់កាប់នោះឡើយ ប៉ុន្តែធាតុពិតអ្វីដែលគយចល័តបានចាប់នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នូវឈើគ្រញូងជាង១១តោន ក៏កើតឡើងដោយសារលោក នឹម ​ផល្លី និង​លោក ងី វីរៈ អនុញ្ញាត មានន័យថា ចេញឈើនៅពេលយប់ សុទ្ធតែឡានយីឌុបៗ មិនគ្រប់គ្រាន់ ប្រឹងប្រមូលប្រយោជន៍ឲ្យឈើគ្រញូងឆ្លងកាត់ពេលថ្ងៃ ពេលព្រឹក ប្រើរូបភាព បង្កប់ក្នុងរថយន្តដឹកទំនិញថែមទៀត ។

ពាក់ព័ន្ធនឹងករណីនេះ នគរវត្ត​មិនអាច​ទាក់ទងបានទេ ពីលោក នឹម ផល្លី ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ដោយទូរស័ព្ទចូល គាត់បញ្ជាក់ថា មិនមែនជាគាត់ រួចក៏បិតទូរស័ព្ទ ។ ដោយឡែក លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំបានប្រាប់នគរវត្តតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ថា ពិតជាមានការបង្ក្រាបចាប់ឈើគ្រញូងនៅច្រកនេះមែន ហើយ​បទល្មើសមួយនេះ ក៏ត្រូវបានកម្លាំងរបស់គាត់តាមដាន និងស៊ើបអង្កេតអស់រយៈពេល៣ថ្ងៃកន្លងមកដែរ ទើបតែនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានខាងគយចល័តបង្ក្រាប ដោយឈ្មួញបានបន្លំសមត្ថកិច្ចដាក់​ស្ករសនៅពីលើ និងឈើគ្រញូងនៅពីខាងក្រោម ។

លោក នូ ស៊ីថា បន្តថា ករណីឈើមិនត្រូវអនុញ្ញាតឲ្យចេញបានជាដាច់ខាត នេះជាគោលការណ៍របស់គាត់ ក៏ដូចជាបញ្ជារបស់ថ្នាក់លើ ប៉ុន្តែចំពោះករណីដែលត្រូវបានគេលេចឮថា មានឈើចេញតាមច្រករបៀងក្រវៀន ច្រកតាដោក ចំណុច៧៨ លោកមិនបានដឹងទេ តែបើចេញមែននោះ មានន័យថា អ្នកគ្រប់គ្រងច្រកមានការត្រូវរ៉ូវណាមួយជាមួយឈ្មួញ ហើយករណីនេះ លោកក៏ទទួលព័ត៌មានដែរថា លោក នឹម ផល្លី ត្រូវបានថ្នាក់ដឹកនាំខេត្តហៅសាកសួរ ។​

មជ្ឈដ្ឋានទូទៅបានលើកឡើងថា ការបង្ក្រាបបទល្មើសព្រៃឈើធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស ក្នុងនោះ សូម្បីតែច្រកមួយចំនួននៅខេត្តត្បូងឃ្មុំ ក៏បានជាប់ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអនុវត្តច្បាប់ចំពោះបទល្មើសឈើឆ្លងកាត់ ប៉ុន្តែការបង្ក្រាបនេះ តុលាការកំពុងដំណើរការនីតិវិធី បែរជា មេគយច្រកទន្លេចាម ពិតជាថ្លើមធំបំផុត មិនត្រឹមតែអនុញ្ញាតឲ្យឈើធ្នង់ចេញទៅវៀតណាមប៉ុណ្ណោះទេ គឺមានប្រភេទឈើគ្រញូង សុទ្ធតែឡានយីឌុបៗ ដូច្នេះ មិនដឹងថា ថ្នាក់លើ ប្រធានសាខាគយខេត្ត មេគយចល័តទូទាំង​ប្រទេស ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជ្រាប ឬយ៉ាងណានោះឡើយ ៕ សុខ ខេមរា

8

7

6

5

4

2

1


ចែករំលែក៖