ព័ត៌មានទាន់ហេតុការណ៍៖

​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចេញ​ល្បាត​ចាប់ខ្លួន​ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០១​កញ្ចប់​ ប្រគល់​ទៅ​ឲ្យ​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ខាង​មុខ​វត្ត​ក្រពើ​ហារ​ ស្ថិត​ក្នុងភូមិ​ក្រពើ​ហារ​ សង្កាត់​ព្រែក​ឬ​ស្សី​ ក្រុង​តា​ខ្មៅ​ ។​

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហាន​ សុភ​ណ្ឌ័​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុង​ភូមិប​ត្តាជី​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ទី​២-​ឈ្មោះ​ ស៊ី​ម​ វុ​ត្ថា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​រទាំង​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​៖​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ ,​ប្រាក់​រៀល​ចំនួន​១៥៤០០​រៀល​ ,​ទូរស័ព្ទ​ដៃ​០១​គ្រឿង​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​Fino​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-3247​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​គណនេយ្យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ចេញ​ល្បាត​តាម​គោលដៅ​ងាយ​រង​គ្រោះ​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ​ ខណៈ​ល្បាត​ដល់​ចំណុច​ខាង​មុខ​វត្ត​ក្រពើ​ហារ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ ។​ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​នគរបាល​បាន​ហៅ​ឲ្យ​ឈប់​សុំ​ធ្វើការ​ឆែកឆេរ​ រហូត​រក​ឃើញ​មាន​វត្ថុ​តាង​ជាក់ស្តែង​ឃាត់ខ្លួន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​ស្អាង​ជ័យ​

dfe (2)

dfe (1)


ចែករំលែក៖