ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​ចំណាស់​ម្នាក់​ គេ​ប្រទះ​ឃើញ​ស្លាប់​ចងក​លើ​ដើម​ត្រ​សេក​ក្រោយ​ពី​ពិធី​សែន​ព្រេង​ការកូន​ស្រី​រួច​ហើយ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ បុរស​ចំណាស់​ម្នាក់​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​ ដោយ​ចងក​លើ​ដើម​ត្រ​សេក​ ធ្វើ​អត្តឃាត​ខ្លួនឯង​ ក្រោយ​ពី​ធ្វើ​ពិធី​សែន​ព្រេង​ការកូន​ស្រី​រួច​មួយ​ថ្ងៃ​ ។​

​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​វាល់ស្រែ​មួយ​កន្លែង​ក្បែរផ្លូវ​ស្ពាន​ទី​៣​ ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​ ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​បុរស​នោះ​មានឈ្មោះ​ សុខ​ ភាព​ អាយុ​៤៧​ឆ្នាំ​ ប្រកប​មុខរបរ​ជា​កម្មករ​អូសរ​ទះ​ផ្សារ​ហ៊ុយ​ឡេ​ង​ បច្ចុប្បន្ន​រស់នៅ​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ។​

​ជុំវិញ​នៃ​ការ​ស្លាប់​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា​ បុរស​នោះ​ ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អំពើ​ឃាតកម្ម​អ្វី​នោះ​ឡើយ​ ។​ ការ​ស្លាប់​នេះ​ គេ​ដាក់​ការ​សង្ស័យ​ទំនងជា​គាត់​តូចចិត្ត​នឹង​កូនស្រី​មិន​ឱ្យ​កាន់​ប្រាក់​ចំណងដៃ​សែន​ការកូន​ ។​

​មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ​ គឺ​កូនស្រី​របស់​គាត់​ដែល​មក​ពី​ធ្វើ​ការងារ​ នៅ​ប្រទេស​ថៃ​ ហើយ​មក​ធ្វើ​ពិធី​សែន​ព្រេង​ការ​ប្តី​ ដែល​មាន​អ្នក​ភូមិ​ចូលរួម​ក្នុង​ពិធី​នោះ​ផង​ដែរ​ ។​ លុះ​ក្រោយ​ពី​ពិធី​នោះ​ចប់​ហើយ​ បុរស​ឈ្មោះ​ សុខ​ ភាព​ បាន​សុំ​កូនស្រី​កាន់​ចំណងដៃ​ ដែល​បងប្អូន​ញាតិ​មិត្ត​ចងដៃ​ក្នុង​ថ្ងៃ​មង្គល​នោះ​ក្នុង​ទឹកប្រាក់​ជាង​១​លាន់​រៀល​ ។​ ប៉ុន្តែ​ការ​ស្នើ​សុំ​របស់​ឪពុក​ត្រូវ​បានកូន​ស្រី​បដិសេធ​មិន​ឱ្យ​កាន់​ប្រាក់​ចំណងដៃ​នោះ​ឡើយ​ ។​ ជាង​នោះ​ទៅ​ទៀត​ កូនស្រី​នាំ​មនុស្ស​ប្រុស​ពី​ប្រទេស​ថៃ​មក​ការ​ ក៏​ត្រូវ​បាន​គាត់​ជា​ឪពុក​ជំទាស់​មិន​ឱ្យ​ការ​ទៀត​ផង​ ប៉ុន្តែ​កូនស្រី​ចចេស​ មិន​ធ្វើ​តាម​ឪពុក​ ក៏​សម្រេចការ​សែន​ព្រេង​ជាមួយ​បុរស​ដែល​មក​ពី​ប្រទេស​ថៃ​ជាមួយ​គ្នា​ ។​

​បន្ទាប់​មក​ត្រូវ​គេ​សង្ស័យ​ថា​ គាត់​តូចចិត្ត​ហើយ​សុំ​ប្រាក់​កូន​១​ម៉ឺន​រៀល​ក៏​កូន​មិន​ឱ្យ​ទៀត​ គាត់​ក៏​ដើរ​ចេញពីផ្ទះ​ បាន​ជួប​ប្រជា​ការពារ​ភូមិ​បានឱ្យ​ប្រាក់​១​ម៉ឺន​រៀល​ ។​ គាត់​ក៏​ចេញពីផ្ទះ​ ស្រាប់តែ​បន្ទាប់​មក​ទើប​គេ​ភ្ញាក់ផ្អើល​ថា​ គាត់​ចងក​សម្លាប់​ខ្លួន​នៅ​ចំណុច​ខាងលើ​តែ​ម្តង​ ៕​ សំ​ វិច្ឆិកា​

IMG_0913


ចែករំលែក៖