ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃអាទិត្យទី២៥ ខែមករា ឆ្នាំ២០១៥ នេះមន្ត្រីប៉ុស្តិ៍នគរបាលរួមសហការណ៍ជាមួយកំលាំងស្វ័យការពារឃុំអន្លង់វែងដឹកនាំដោយលោក ជួន រតនាវង្ស ដែលមានតូនាទីជាប្រធានប្រជាការពារនិងជាក្រុមប្រឹក្សាឃុំអន្លង់វែងបានចុះជុំរឿនមេឆ្នោតនិងកូនកញ្ច្រែងនៅក្នុងផ្សារនិងតាមមូលដ្ឋាន ក្រោមបទបញ្ជាដាក់ចុះអនុវត្តន៍របស់លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ និងលោក ម៉ែន លី ស្នងការនគរបាលខេត្ត ក្រោយពីមានការបើកអង្គប្រជុំនៅគណៈបញ្ជារការ ឯកភាពខេត្តនៅថ្ងៃទី២៤ ខែមករានេះ។ ដោយលោក ស ថាវី និងលោក ម៉ែន លី ស្នងការនគរបាល ខេត្តបានលើកពីប្រធានបទស្តីពីបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងតែកើតមានយ៉ាង អាណាធិបតេយ្យនៅលើទឹកដីខេត្តឧត្តរមានជ័យទាំងមូល ជាពិសេសគឺល្បែងឆ្នោតកន្ទុយលេខតែម្ដង។ ដែលអភិបាលខេត្តនិងលោកស្នងការបានដាក់ចេញនៅបទបញ្ជាខាងលើទៅដល់មន្ត្រីក្រោមឳវ៉ាទចុះអនុវត្តន៍ការងារនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីជួយសំរួលដល់ជីវភាពក្នុងការរស់នៅកុំអោយមានការព្រួយបារម្ភភ័យខ្លាចនិងទទួលរងគ្រោះដោយសារល្បែងស៊ីសងបន្តទៀត ។
នៅថ្ងៃការចុះអនុវត្តន៍ខាងលើក្រុមសមត្ថកិច្ចបានអោយមេឆ្នោតនិងកូនកញ្ច្រែងធ្វើកិច្ចសន្យាបញ្ឈប់បានចំនួន៧នាក់ៗទាំង៧រូបនេះសុទ្ធតែជាកូនកញ្ច្រែងទាំងអស់។ រីឯមេឆ្នោតធំៗដែលមានចំនួនទាំង ៨នាក់នោះគឺមិនបានចូលខ្លួនធ្វើកិច្ចសន្យារឡើយ ដោយមេឆ្នោតទាំងនោះមិនបានខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរ ឡើយ ទោះជាមានបទបញ្ជារបស់លោកអភិបាលខេត្តនិងលោកស្នងការក៏ដោយចុះ ។
បទបញ្ជាដែលបានដាក់ចេញរបស់លោក ស ថាវី អភិបាលខេត្តនិងលោក ម៉ែន លី ស្នងការនគបាល ខេត្តឧត្តរមានជ័យដល់មន្ត្រីក្រោមឳវ៉ាទបង្ក្រាបបទល្មើសល្បែងស៊ីសងកន្ទុយលេខពុំទាន់ដឹងថាមានប្រសិទ្ធភាពប៉ុនណានោះទេ ពីព្រោះកន្លងទៅថ្មីៗនេះលោក ឡឹក សុខា ស្នងការរងការិយាល័យកណ្តាលព្រហ្មទណ្ឌបាន អញ្ជើញមេឆ្នោតគ្រប់រូបចូលមកធ្វើកិច្ចសន្យារបញ្ឈប់មួយលើករួចមកហើយតែសកម្មភាពល្បែងស៊ីសងឆ្នោត កន្ទុយលេខនៅមានសភាពដូចដើម។
មេឆ្នោតធំៗនៅក្នុងស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទដែលផ្គើននិងបទបញ្ជាររបស់ឯកត្តមអភិ បាលខេត្តនិងលោកស្នងការមានដូចតទៅ ១.ចែ មុំ ម្ចាស់ផ្ទះសំណាក់រស្មីអង្គរ ២.ចែ ភាព ៣.តា វ៉ែនតា នៅចំនុចទឹកជុំនិងមេឆ្នោតនៅចំនុចផ្សារចាស់ ស្រុកត្រពាំងប្រាសាទមានដូចជា តា ស លោក ម៉ាប់ លោក ឃី និងចែ ឡែន ។ មេឆ្នោតទាំង៨នាក់ខាងលើសុទ្ធតែជាអាជីពដុសស្លែច្រើនឆ្នាំមកហើយ រហូតដល់មានបាន មហាសាលបែរជាប្រមាតមើលងាយដល់សមត្ថកិច្ចគ្រប់ស្ថាប័ននិងមានការដៀលប្រមាតដោយភាសាអសុរោះ។
បើតាមការលើកឡើងរបស់កូនកញ្ច្រែងកត់លេខឆ្នោតបានអោយដឹងថា មិនបាច់មកធ្វើកិច្ចសន្យា ជាមួយនិងពួកគាត់នោះទេ បង្ក្រាបតែមេខ្លោងមុខឌឺទាំង៨នាក់ខាងលើអស់គឺវាចប់ទៅហើយ បើចុះធ្វើកិច្ច សន្យាតែកូនកញ្ច្រែងនោះមួយរយឆ្នាំទៀត ក៏បិទមិនជិតដែរ ទោះជាបទបញ្ជារបស់លោកណាក៏ដោយ ព្រោះ កូនកញ្ច្រែងមួយស្រុកៗរាប់ពាន់អ្នកឯណោះ ដើរធ្វើកិច្ចសន្យារអោយតែល្អមើលចេះតែធ្វើទៅបើមេធំមិនបានបិទ ។
ជាក់ស្តែងក្រោយពីសមត្ថកិច្ចចុះដើរធ្វើកិច្ចសន្យាររួចមកសកម្មភាពនៅតែដដែល សមត្ថកិច្ចធ្វើកិច្ចសន្យានៅខាងមុខ កូនកញ្ច្រែងឆ្នោតកត់ខាងក្រោយ ៕