ព័ត៌មានទាន់ហេតុការណ៍៖

អាវចំនួន២០១១ ត្រូវក្រុមចោរគាស់ជញ្ជាំងរោងចក្រលួចទៅដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ ក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ជញ្ជាំងរោងចក្រ លួចយកអាវអស់ចំនួន៨៨កាតុង ស្មើនឹង២០១១អាវ ហើយគេចខ្លួនដោយសុវត្ថិភាព សមត្ថកិច្ចបានត្រឹមធ្វើកំណត់ហេតុ និងឆ្លើយយករួចខ្លួនតែប៉ុណ្ណោះ ។

ករណីនេះកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ក្នងរោងចក្រអឹភេរឹលខេមបូឌា ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

នៅវេលាម៉ោង៦និង៣០នាទីព្រឹក បន្ទាប់ពីក្រុមកម្មករ កម្មការិនី ព្រមទាំងរដ្ឋបាលបានចូលធ្វើការ ទើបបង្កអោយមានការភ្ញាក់ផ្អើលថា មានបាត់អាវអស់ចំនួន៨៨កាតុង ស្មើនឹង២០១១អាវ ។

ក្រោយភ្ញាក់ផ្អើល ខាងរដ្ឋបាលបានដើរពិនិត្យមើលក្នុងឃ្លាំង ទើបឃើញមានស្នាមគាស់ជញ្ជាំងរោងចក្រ ពិតមែន ក៏រាយការណ៍ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ តែហាក់បីដូចជាយឺតពេលទៅហើយ មិនដឹងជាក្រុមចោរយកអាវរត់គេចដល់ណាអស់ទៅហើយ ។

មន្ត្រីនគរបាលតូចតាចបានបង្ហើបប្រាប់ថា ករណីនេះកើតឡើងនៅចន្លោះពីម៉ោង២ទៅ៣ទៀបភ្លឺ បន្ទាប់ពីសន្តិសុខរោងចក្របានដើរមើលជុំវិញបរិវេណរោងចក្រ និងឃើញស្នាមគាស់ជញ្ជាំងរួចមកក៏បានរាយការណ៍អោយសមត្ថកិច្ចចុះទៅពិនិត្យនៅកន្លែងកើតហេតុ។ ពេលនោះ ខាងរដ្ឋបាលរោងចក្រ បានប្រាប់អំពីអាវដែលក្រុមចោរលួចទៅបាត់មានចំនួន២០១១អាវ គឺសុទ្ធជាអាវដែលវេចខ្ចប់ដាក់ក្នុងកាតុងរួចជាស្រេច។

ការលួចងាវរោងចក្រ ដែលមានចំនួនច្រើនកាតុងបែបនេះ ត្រូវបានមតិមហាជនលើកឡើងថា មិនមែនមនុស្ស២ទៅ៣នាក់ធ្វើបានឡើយរឿងនេះ ពិតជាមានការសហការគ្នាល្អណាស់ ហើយមធ្យោបាយដឹកជញ្ជូនទៀតសោត ក៏មិនអាចដឹកតាមម៉ូតូកើតដែរ ព្រោះថា៨៨កាតុង គឺជាចំនួនមួយដ៏ច្រើន ។

លោកអនុសេនីយ៍ឯក វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង បានត្រឹមតែឆ្លើយថា កំពុងស្រាវជ្រាវ ចំណែកលោកអនុសេនីយ៍ឯក ម៉ិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទង ប្រាប់តាមទូរស័ព្ទថា កំពុងប្រជុំ ៕ សេនាស័ក្តិ

abc (1)

abc

abc (2)


ចែករំលែក៖