ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍កិនស្លាប់ប្រពន្ធនិងកូននៅលើស្ពានព្រែកក្តាមមកទល់ពេលនេះគ្មានដំណោះស្រាយបើទោះជាចាប់បានអ្នកបើកបរក្តី

ចែករំលែក៖

ខេត្តកណ្តាល ៖ មកទល់ពេលនេះអស់ រយៈពេល២ខែហើយដែលម្តាយនិងកូន អាយុ១១ខែបានស្លាប់ព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងនៅលើស្ពានព្រែកក្តាម ក្នុងឃុំកោះចិន ស្រុកពញាឮដែលបង្កឡើងដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ស វឿន ។ ប៉ុន្តែករណីនេះគេនៅ​មិនទាន់ដោះស្រាយនៅឡើយទេ បើទោះ​បីជាពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តក្តី។

យោងតាមបុរសជាប្តីនិងជាឪពុកជនរងគ្រោះបានឲ្យដឹងថា មកទល់ពេលនេះ មានរយៈពេលជិត២ខែហើយពន្លឺយុត្តិធម៌សម្រាប់រូបលោកនៅមិនទាន់ទទួលបាននៅឡើយទេ ដោយសមត្ថកិច្ចនិងតុលាការ ខេត្តកណ្តាលហាក់មិនមានចេតនាដោះស្រាយទាល់តែសោះខណៈដែលរូបលោកបានបាត់បង់ប្រពន្ធនិងកូនជាទីស្រលាញ់ស្មើជីវិត។

ចំពោះករណីនេះយើងមិនអាចទាក់ទងសុំការបំភ្លឺពីអយ្យការអមសាលាដំបូងខេត្តកណ្តាលដែលកាន់សំណុំរឿងនេះបាន ទេ។

គួររំលឹកថា កាលពីពីរខែមុនមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានព្រែក ក្តាមដែលបង្កឡើងដោយរថយន្តម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3508 ជារថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ស វឿន បើកទៅបុកម៉ូតូហុងដាសេ ១២៥ ពាក់ស្លាកលេខ 1AA-5073 បណ្តាលឲ្យ​ម្តាយនិងកូនស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុគេក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ សែត សុផាត មានទីលំនៅក្នុងក្រុម៩ ភូមិ៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង​ម្ចាស់រថយន្តបង្កឈ្មោះជា ដាណេ ភេទ​ស្រី មានលំនៅឋានផ្ទះលេខ៣៦៧C ភូមិទឹក ថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ៕ ហេង នរិន្ទ្រ

Untitled-1


ចែករំលែក៖