ព័ត៌មានទាន់ហេតុការណ៍៖

Barcelonaបង្ហាញខ្សែបម្រើថ្មីវ័យ២១ឆ្នាំដែលទើបទិញបានពីប្រេស៊ីល

ក្លិបBarcelonaម្ចាស់ជើងឯកអេស្ប៉ាញ La Liga បានធ្វើពិធីបង្ហាញជាផ្លូវការពីការមកដល់របស់ខ្សែបម្រើ Arthur របស់ក្រុមGremioនៅក្នុងប្រទេសប្រេស៊ីល។

ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យBarcelonaរយៈពេល៦ឆ្នាំដោយមានតម្លៃខ្លួន២៧,៥លានផោន។ ខ្សែបម្រើរូបនេះបាននិយាយប្រាប់ទូរទស្សន៍Barca TVថា “ខ្ញុំពិតជារីករាយណាស់ដែលក្តីសុបិនរបស់ខ្ញុំបានក្លាយទៅជាការពិត។ ខ្ញុំតែងតែស្រមៃចង់ពាក់អាវ FC Barcelona ហើយពិសេសនោះគឺឈ្នះពានរង្វាន់ជាមួយនឹងក្លិបដ៏អស្ចារ្យមួយនេះ” ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលនេះនឹងចាប់ដៃគូរជាមួយនឹងមិត្តរួមជាតិគាត់ម្នាក់ទៀតគឺPhilippe Coutinhoនៅក្នុងក្រុមBarcelona ប៉ុន្តែArthur មិនធ្លាប់បានបង្ហាញខ្លួននៅក្នុងក្រុមឈុតធំជម្រើសជាតិប្រេស៊ីលឡើយ។

Arthurចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយនឹងក្រុមGoiasហើយបានក្លិបGremioសម្លឹងឃើញយកមករួមក្រុមនៅក្នុងឆ្នាំ២០១០។ គាត់ធ្លាប់ឈ្នះពានធំៗនៅអាមេរិកខាងត្បូងដូចជាCopa do Brasil និង Copa Libertadores៕ ដេវីត