ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ឈរកំពូលតារាក្រោយយកឈ្នះ Real Madrid

ចែករំលែក៖

ក្រុមយក្សរបស់អេស្ប៉ាញ Barcelona បានហក់ទៅកាន់កំពូលតារាង La Liga វិញក្រោយផ្ដួលគូប្រជែងស្តេចស Real Madrid ក្នុងលទ្ធផល ៣-២ ក្នុងជំនួប El Clasico កាលពីរាត្រីថ្ងៃអាទិត្យ ។

នៅពហុកីឡដ្ឋាន Santiago Bernabeu ដែលមានអ្នកគាំទ្រប្រមាណ៨ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះ Real Madrid បានស៊ុតបាល់បញ្ចូលទីនាំមុខបានមុននៅនាទីទី២៨ ដោយ Casemiro ប៉ុន្តែកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi តាមស្មើបានវិញនៅ៥នាទីបន្ទាប់។ ចូលមកដល់តង់ទី២កីឡាករ Ivan Rakitic ស៊ុតបាល់ជើងឆ្វេងពីចម្ងាយធ្វើឲ្យអ្នកចាំទី Real Madridមិនអាចសង្គ្រោះបាល់បានធ្វើឲ្យ Barcelona នាំមុខ ២-១ មុនពេលដែលខ្សែការពាររបស់ Real Madridគឺកីឡាករ Ramos ត្រូវពិន័យកាតក្រហមនៅនាទីទី៧៧។

លុះដល់នាទីទី៨៥កីឡាករ Rodriguez ដែលប្ដូរជំនួសកីឡាករ Benzema បានស៊ុតបាល់១គ្រាប់តាមស្មើវិញ ប៉ុន្តែនៅម៉ោងបន្ថែមកីឡាករ Messi រកគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៩០+២ ធ្វើចប់ការប្រកួតក្រុមភ្ញៀវ Barcelona យកឈ្នះក្រុមម្ចាស់ផ្ទះ Real Madrid ៣-២ ។

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៣៣ក្រោយពីយកឈ្នះ Real Madrid ក្រុម Barcelona បានឡើងមកឈរកំពូលតារាងបណ្តោះអាសន្នមាន៧៥ពិន្ទុដូចគ្នា ប៉ុន្តែ Barcelona មានគ្រាប់បាល់ច្រើនជាង។ ទោះបីយ៉ាងណាក៏ដោយក្រុម Real Madrid នៅសល់១ប្រកួតទៀត ដែលមានសង្ឃឹមឡើងមកឈរកំពូលតារាងវិញ ។ ក្រុម Real Madrid ត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Deportivo នៅរាត្រីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧បន្តទៀត ខណៈដែលក្រុម Barcelona ត្រូវស្វាគមន៍ក្រុមភ្ញៀវ Osasuna នៅថ្ងៃជាមួយគ្នាដែរ៕ ដេវីត


ចែករំលែក៖