ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo បង្កើតកំណត់ត្រាថ្មីក្រោយពីជួយ Real Madrid យកឈ្នះ Dortmund

ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់ បញ្ចូលទីរាល់ការប្រកួតទាំង៦លើកនៃវគ្គចែកពូលក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលតែ១ ខណៈដែលក្រុម Real Madrid បានយកឈ្នះលើក្រុម Borussia Dortmund ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ កាលពីថ្ងៃពុធ។ កីឡាករ Lucas Vazquez បានរកគ្រាប់បាល់ឈ្នះនៅរយៈពេល ៩នាទីចុងក្រោយ ឲ្យក្រុមការពារតំណែងម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ ឈានទៅវគ្គ ១៦ក្រុមចុងក្រោយ។

កីឡាករដែលគេរំពឹងថា នឹងឈ្នះពាន Ballon dÓr ជាលើកទី៥ខាងលើនេះ ទើបតែរកបាន២គ្រាប់ប៉ុណ្ណោះនៅលីក La Liga របស់អេស្ប៉ាញ ស្របពេលដែលការរកគ្រាប់បាល់បានតិចនេះ ធ្វើឱ្យមានមតិរិះគន់យ៉ាងច្រើន។ ផ្ទុយទៅវិញនៅ Champions League កីឡាករដែលមិនផឹកស្រាម្នាក់នេះ ហាក់ដូចជាធ្វើបានល្អទៅវិញ។

Ronaldo បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់ ៩គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ៦ប្រកួតនៅរដូវកាលនេះ ក្រោយពីបានស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ ក្រោយពីខ្សែប្រយុទ្ធ Borja Mayoral បានជួយឲ្យក្រុម Real Madrid នាំមុខ ២-០ ក្នុងចន្លោះពេលត្រឹមតែ ១២នាទី។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបន្តកំណត់ត្រាយ៉ាងល្អរបស់គេនៅពេលប្រកួតជាមួយនឹងក្រុម Real តាមរយៈការស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីជួយឲ្យក្រុម Dortmund តាមស្មើវិញ។

ក្រុម Real Madrid បានជួបការខកចិត្តបន្ថែមទៀតទៅលើកីឡាកររបួស ខណៈដែលខ្សែការពារអន្តរជាតិបារាំង Raphael Varane បានប្តូរចេញ នៅមុនពេលតង់ទី១ ដោយសារតែបញ្ហារបួសជើងឆ្វេងរបស់គេ។ បច្ចុប្បន្ន លោក Zinedine Zidane កំពុងតែប្រឈមមុខនឹងវិបត្តិខ្សែការពារ មុនពេលទៅជួបក្រុម Sevilla នៅថ្ងៃសៅរ៍នេះ ខណៈដែល Sergio Ramos ខ្សែការពារស្លាបឆ្វេង Dani Carvajal និងខ្សែបម្រើ Casemiro សុទ្ធសឹងជាប់ពិន័យព្យួរ ។

NKD-36x6_outline

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានរកគ្រាប់បាល់៩គ្រាប់ ក្នុងការប្រកួតជម្រុះតាមពូលក្របខ័ណ្ឌ Champions League ក្លាយជាកីឡាកររកគ្រាប់បាល់ បានច្រើនជាងគេបណ្តោះអាសន្នសម្រាប់រដូវកាលនេះ។ សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើកីឡាកររូបនេះនៅតែបន្តរកគ្រាប់បាល់បានទៀតរូបគេនឹងក្លាយជាកីឡាករឆ្នើម សម្រាប់ក្របខ័ណ្ឌកំពូលអឺរ៉ុប។ ចំណែកកីឡាករដែលរកគ្រាប់បាល់តាមពីក្រោយ គឺមានកីឡាករ៥រូបដែលមានគ្រាប់បាល់ស្មើគ្នា(៦គ្រាប់) ដូចជា Roberto Firmino សញ្ជាតិប្រេស៊ីលលេងឲ្យក្រុមហង្សក្រហម Liverpool, Ben Yedder របស់ក្រុម Sevilla , Cavani របស់ក្រុម PSG, Neymarរបស់ក្រុម PSG និង Kane របស់ក្រុម Tottenham ៕ ដេវីត