
គ្រួសារក្លាហានហ៊ានជិះផ្ទះហោះនៅលើវេហា
Par : ម៉េវ សាធី Date 11 មីនា 2011Temps 06:07:36
ជាមួយប៉េងប៉ោងហោះធំៗចំនួន៣០០ បានស្ទូចយកផ្ទះមួយខ្នងឡើងទៅលើអាកាស។ ដោយយកតម្រាប់តាមខ្សែភាពយន្ដ តុក្កតា ធ្លាប់ទទួលបានពានរង្វាន់អូស្ការ កាលពីឆ្នាំ២០១០ ទស្សនិកជនបានមើលឃើញរូបភាពដែលគួរឱ្យចាប់អារម្មណ៍ គឺផ្ទះរបស់លោក Carl Frederickson អាយុ៧៨ឆ្នាំ ដែលជាតួឯកនៅក្នុងខ្សែភាពយន្ដតុក្កតានោះ បានហោះនៅលើអាកាសវេហាជាមួយនឹងប៉េងប៉ោងធំៗជាច្រើន។
ប៉ុន្ដែមកទល់ពេលនេះរូបភាពប៉េងប៉ោងហោះមិនមែនជាការស្រមើស្រមៃ ដោយសារភាពយន្ដតុក្កតាទៀតឡើយ។ ក្រុមការងាររបស់ទស្សនាវដ្ដី National Geographic បានធ្វើឡើងដូចជាខ្សែភាពយន្ដតុក្កតានោះ គឺផ្ទះពិតប្រាកដមួយអាចហោះឡើងលើអាកាសបានដូចគ្នា។
ក្រុមការងាររួមមានអ្នកវិទ្យាសាស្ដ្រ វិស្វករអាកាសយានិកប៉េងប៉ោងហោះ បានខិតខំធ្វើឱ្យផ្ទះតូចមួយដែលមានកម្ពស់៥,៦ម៉ែត្រហោះហើរលើអាកាសបាន ដោយប្រើប្រាស់ប៉េងប៉ោងធំៗ ចំនួន៣០០។ ប៉េងប៉ោងនីមួយៗមានប្រវែង២ម៉ែត្រ បានបញ្ចូលដោយខ្យល់ Helium ។
ពេលដែលធ្វើបានជោគជ័យបញ្ជូនផ្ទះមួយខ្នងហោះហើរលើអាកាសដូចគោលបំណង ក្រុមអ្នកកំណត់ត្រាពិភពលោកក៏បានកត់ត្រាចូលក្នុងសៀវភៅពីការហោះហើររបស់ផ្ទះសណ្ដោងដោយប៉េងប៉ោងហោះនោះ។
ផ្ទះមួយខ្នងនោះមានផ្ទៃ៤.៨គុណនឹង៤.៨ម៉ែត្របានហោះហើរឆ្លងកាត់វាលរហោស្ថានមួយនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិករយៈពេលជាង១ម៉ោង ជាមួយនឹងមនុស្ស២នាក់នៅក្នុងផ្ទះ៕
