​នាវា​ LOGOS​ HOPE​ នាំ​យក​សៀវភៅអាន​៥.០០០​មុខ​ដើម្បី​ឱ្យ​ពល​រដ្ឋ​កម្ពុជា​សិក្សា​ឈ្វេងយល់​

ដោយ​ ៖ សហការី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 14:35:23

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នាវា​ផ្ទុក​សៀវភៅ​ មួយ​គ្រឿង​មានឈ្មោះ​ LOGOS​ HOPE​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ប្រកបដោយ​ជោគជ័យ​ ។​ នាវា​ LOGOS​ HOPE​ ចូល​ចត​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ មន្ដ្រី​ រាជការ​បាន​ចូល​អាន​សៀវភៅ​ប្រមាណ​ ជា​៥.០០០​មុខ​ នៅ​លើ​នាវា​របស់​ខ្លួន​ ដើម្បី​សិក្សា​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ពិភពលោក​ដែល​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ទាំងនោះ​ ។​

​លោក​ ចាន់​ សុខា​ អនុប្រធាន​នាយក​ ដ្ឋា​ន​ចលនា​នាវា​និង​កណ្ណធារ​បាន​មាន​ ប្រសាសន៍​ឱ្យ​ដឹង​ថា​ នាវា​ LOGOS​ HOPE​ មាន​សញ្ជាតិ​ Malta​ មាន​បណ្ដោយ​ ១៣២.៥០​ម៉ែត្រ​ ទទឹង​ ២០.៨​ម៉ែត្រ​ ជម្រៅ​ទឹក​ ៥.២​ម៉ែត្រ​ មាន​នាវិក​ និង​ បុគ្គលិក​ស្ម័គ្រចិត្ដ​អន្ដរជាតិ​ធ្វើការ​នៅ​ លើ​នាវា​ដោយ​មិន​គិត​កម្រៃ​សរុប​៣៥២​នាក់​ និង​មាន​៥៧​ជាតិ​សាសន៍​ ដែល​ មាន​វប្បធម៌​ផ្សេង​គ្នា​។​ នាវា​ LOGOS​ HOPE​ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ នាវា​ឈ្មោះ​ James​ Thomas​ ។​

​លោក​ ចាន់​ សុខា​ បានឱ្យ​ដឹង​ទៀត​ថា​ នាវា​ LOGOS​ HOPE​ បាន​ចាក​ចេញពី​ ហុងកុង​មុន​នឹង​ចូល​មក​ចត​នៅ​កំពង់​ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុងព្រះសីហនុ​ ហើយ​ នាវា​ LOGOS​ HOPE​ នឹង​ ចាក​ចេញពី​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ខាង​មុខ​ទៅ​កាន់​ប្រទេស​ថៃ​។​ ការ​ចូល​ចត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​គោលបំណង​ សិក្សា​ឈ្វេងយល់​ពី​វប្បធម៌​ ប្រពៃណី​ ប្រជាពលរដ្ឋ​កម្ពុជា​ ព្រមទាំង​ចូលរួម​ លើកកម្ពស់​សុច្ឆន្ទៈ​មិត្ដភាព​និង​ការ​យល់​ដឹង​ជា​លក្ខណៈ​អន្ដរជាតិ​ចូលរួម​ចំណែក​ក្នុង​វិស័យ​អប់រំ​ វប្បធម៌​តាម​សហគមន៍​ និង​ផ្ដល់​ជំនួយ​មនុស្សធម៌​ក្នុង​ប្រទេស​ដែល​ ជួប​គ្រោះ​ធម្មជាតិ​ ។​ នេះ​ជា​ការ​ចូល​ចត​ លើក​ដំបូង​របស់​នាវា​ LOGOS​ HOPE​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជួប​ជា​ មួយ​នាយក​អន្ដរជាតិ​បម្រើ​ការងារ​នៅ​ លើ​នាវា​ LOGOS​ HOPE​ ដែល​មាន​ បទ​ពិសោធន៍​ សម្រាប់​បម្រើ​ការងារ​ជា​ មួយ​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​លើ​ ពិភពលោក​។​ក្រៅពី​បុគ្គលិក​ស្ម័គ្រចិត្ដ​ បរទេស​ក៏​មាន​ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ដ​ កម្ពុជា​ចូលរួម​ការងារ​ជាមួយ​បុគ្គលិក​ អន្ដរជាតិ​ផង​ដែរ​ ។​

​នាវា​ LOGOS​ HOPE​ ធ្វើ​ចរាចរណ៍​ និង​មានការ​ទទួល​ស្វាគមន៍​តាម​កំពង់​ផែ​ ចំនួន​១.៤០០​លើ​ពិភពលោក​ ដែល​មាន​ ចំនួន​១៦០​ប្រទេស​ រួម​ទាំង​ការ​ចូល​ ទស្សនា​និង​ភ្ញៀវ​កិត្ដិយស​ជាង​ ៤២​លាន​នាក់​ នៅ​លើ​នាវា​ LOGOS​ HOPE​ផែង​ ដែរ​ ។​

​នាវា​ LOGOS​ HOPE​ ជា​កម្មសិទ្ធិ​ របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ ដែល​ មាន​ផ្ទុក​ទៅ​ដោយ​សៀវភៅ​ចម្រុះ​ប្រមាណ​ ៥.០០០​មុខ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​នីមួយៗ​ចូល​ទៅ​ទស្សនា​ និង​អាន​សៀវភៅ​នៅ​លើ​នាវា​ដែល​មាន​សៀវភៅ​ចម្រុះ​ជាតិ​ ចំនួន​ប្រមាណ​ជា​ ៥.០០០​ក្បាល​ ។​

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​នាវា​ចាប់​បើកទ្វារ​ទទួល​មន្ដ្រីរាជការ​កងកម្លាំង​ ប្រដាប់​អាវុធ​ លោកគ្រូ​ អ្នកគ្រូ​ សិ​ស្សា​ នុ​សិស្ស​ និស្សិត​ និង​ប្រជាពលរដ្ឋ​នៅ​ ទូ​ទាំង​ប្រទេស​ចូល​ទស្សនា​ចាប់ពី​ថ្ងៃ​អង្គារ​ ដល់​ថ្ងៃ​សៅរ៍​ ចាប់ពី​វេលា​ម៉ោង​១០​ព្រឹក​ រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ ចំពោះ​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​ចាប់​បើក​ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៨​និង​៣០​នាទី​ យប់​ និង​ចំណែក​ថ្ងៃ​ចន្ទ​ គឺជា​ថ្ងៃ​បិទ​ ឈប់​សម្រាក​របស់​បុគ្គលិក​ស្ម័គ្រចិត្ដ​ ។​ ចំពោះ​សំបុត្រ​ចូល​ទស្សនា​នៅ​លើ​នាវា​ មាន​តម្លៃ​ម្នាក់ៗ​៥០០​រៀល​ហើយ​សម្រាប់​ កូន​ក្មេង​អាយុ​ក្រោម​១២​ឆ្នាំ​ ចូល​ទស្សនា​ ដោយ​មិន​គិតថ្លៃ​ ក៏​ប៉ុន្ដែ​ត្រូវ​មាន​មនុស្ស​ ចាស់​ម្នាក់​មក​តាម​ថែរក្សា​សុវត្ថិភាព​ ក្មេងៗ​ចៀសវាង​នូវ​ការ​គ្រោះថ្នាក់​ ចៃ​ ដ​ន្យ​ ដោយ​ប្រការ​ណាមួយ​ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​៣​ឆ្នាំ​ កន្លង​មក​ក៏​មាន​នាវា​ផ្ទុក​សៀវភៅ​ឈ្មោះ​ MV​ Dolos​ បាន​ចូល​ចត​បើក​ការ​តាំង​ ពិព័រណ៍​ សៀវភៅ​នៅ​កំពង់​ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ​ចំនួន​២​លើក​រួច​មក​ ហើយ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ ប្រទេស​កម្ពុជា​ចូល​ទស្សនា​កម្សាន្ដ​ ៕