
វាយប្រហារគ្រាប់បែក២លើកនៅអ៊ីរ៉ាក់ស្លាប់និងរបួសជិត២០០នាក់
កាលពីថ្ងៃទី៥ ធ្នូ មានការវាយប្រហារគ្រាប់បែក២លើកផ្សេងគ្នា ធ្វើឱ្យកក្រើកញាប់ញ័រទីក្រុងសាត ចម្ងាយពីទីក្រុងបាដាដ ៥០គីឡូម៉ែត្រនៅភាគខាងកើត បណ្ដាលឱ្យមានអ្នកស្លាប់៦៨នាក់ និងរងរបួសជាង១០០នាក់ ។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឱ្យដឹងថា ភាគច្រើននៃជនរងគ្រោះជាកម្មករចំណាកស្រុក មកស្វែងរកការងារធ្វើនៅទីនោះ ។
សារព័ត៌មាន AFP បានផ្សព្វផ្សាយ ថា អ៊ីរ៉ាក់តែងតែរងការវាយប្រហារបង្ហូរឈាមជាញឹកញាប់ចាប់តាំងពីកម្លាំងទាហានអាមេរិកបានដកចេញពីប្រទេសនេះនាថ្ងៃទី១៨ ធ្នូ ២០១១ ។ អំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងក្រោយពេលនាយករដ្ឋមន្ដ្រីនូរី អាល់ម៉ាលីគី គំរាមកំហែងដកហូតតំណែងបណ្ដារដ្ឋមន្ដ្រីដែលជាជនជាតិស៊ុននី ហើយបានស្នើឱ្យមន្ដ្រីតំបន់ស្វយ័តជនជាតិឃឺត នាំខ្លួនលោកអនុប្រធានាធិបតី អាល់ ហាស៊ីមី មកឱ្យរដ្ឋាភិបាល ។ កន្លងមករដ្ឋាភិបាលរបស់នាយករដ្ឋមន្ដ្រីម៉ាលីគី បានចោទប្រកាន់អនុប្រធានាធិបតីជាអ្នកឈរពីក្រោយការវាយប្រហារភេរវកម្ម ៕
