និស្សិត​សាកលវិទ្យាល័យ​អង្គរ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​វត្ត​

Bởi : ជា ស្រស់ Ngày 06 កុម្ភះ 2013Thời gian 14:02:08

​ខេត្តសៀមរាប​ ៖​ យុវជន​ម្នាក់​ជា​និស្សិត​ រៀន​ឆ្នាំ​ទី​២​ នៃ​សាកលវិទ្យាល័យ​អង្គរ​ សម្រេចចិត្ត​យក​ខ្សែ​អង្រឹង​ចងក​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​ក្នុង​វត្ត​គោក​ធ្លក​ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ដែល​ ហេតុការណ៍​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អាច​បណ្តាល​មក​ពី​ ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​។​

​និ​សិ​ត្ស​រូប​នេះ​មានឈ្មោះ​ សៀង​ ប៉ូ​ឡូ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មានស្រុក​កំណើត​ខេត្តកណ្តាល​ ស្នាក់​នៅ​ក្នុង​វត្ត​ខាងលើ​ ដើម្បី​បន្ត​ការ​សិក្សា​។​

​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោក​ចក​ លោក​អនុសេនីយ៍ទោ​ ឈុ​ម​ សំ​បាន​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​យប់​ម្ល៉េះ​ ប៉ុន្តែ​នៅ​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ទើប​មានការ​ភ្ញាក់ផ្អើល​ ។​ លោក​បន្ត​ថា​ ក្រោយ​ធ្វើ​អត្តឃាត​ សមត្ថកិច្ច​បាន​រក​ឃើញ​លិខិត​បណ្តាំ​មួយ​ច្បាប់​ នៅ​ក្នុង​ហោប៉ៅ​របស់​ជន​រង​គ្រោះ​ ដែល​ក្នុង​លិខិត​បាន​សរសេរ​យ៉ាង​ខ្លី​ថា​ សុំ​ទោស​ទាំងអស់​គ្នា​ ខ្ញុំ​ឈឺក្បាល​ណាស់​ ខ្ញុំ​រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​ ។​

​លោកនាយ​ប៉ុស្តិ៍​បន្ត​ថា​ យោង​តាម​លិខិត​បណ្តាំ​ រួម​ទាំង​ការ​ធ្វើ​កោសល​វិច័យ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ និស្សិត​រូប​នេះ​អាច​មាន​រោគ​ប្រចាំ​កាយ​ ទើប​ធ្វើ​អត្តឃាត​ខ្លួនឯង​ ពុំ​មែន​ជា​រឿង​ឃាតកម្ម​នោះ​ទេ​។​

​ចំពោះ​ករណី​ខាងលើ​ ទាំង​ព្រះសង្ឃ​ និង​យាយជី​ តាជី​ និង​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ នៅ​ក្នុង​វត្ត​ កើតហេតុ​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ទ​ង្វើ​របស់​យុវជន​រង​គ្រោះ​ដែល​មិន​គួរ​គិត​ខ្លី​បែប​នេះ​ ៕