ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​កីឡា​វូ​ស៊ូ​ឆ្នាំ​នេះ​ ​មាន​ការ​ថយ​ចុះ​មួយ​ក្លឹ​ប​

ដោយ​ ៖ យឺន ពន្លឺ|ថ្ងៃទី 06 ឧសភា 2011 ម៉ោង 06:53:03

ភ្នំពេញ​៖ វូ​ស៊ូ (Wushu​) មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន​ ​ហើយ​មូល​ដ្ឋា​ន​គ្រឹះ​សំខាន់​របស់​ក្បាច់​គុន​នេះ​ ​គឺ​ហ្វឹក​ហាត់​ដើម្បី​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​ ​មាន​ស្មារតី​ភ្លឺ​ថ្លា​ ​និង​មាន​រាង​កាយ​មាំ​មួ​ន​។​ ​ប៉ុន្ដែ​ដោយសារ​វូ​ស៊ូ​មាន​ការ​ប្រកួត​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេ​ម​ ​និង​អាស៊ី​ហ្គេ​ម​នោះ​ទើប​ក្រសួង​អប់រំ​យុ​វ​ជន​ ​និង​កីឡា​បាន​បើក​ឱ្យ​មាន​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ប្រចាំ​ឆ្នាំ​នេះ​ឡើង​ ​ដើម្បី​ចម្រាញ់​រក​អ្នក​ដែល​មាន​ទេព​កោស​ល្យ​ទៅ​ចូល​រួម​ហ្វឹក​ហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧស​ភា​ ​ឆ្នាំ​២០១១ នៅ​ក្នុង​វិមាន​ព​ហុ​កីឡដ្ឋាន​ជា​តិ​។

លោក​ ​ម៉ៅ​ ​ច​ន្ថា​វុ​ធ​ ​អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡា Wushu បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រកួត​កីឡា Wushu ជ្រើស​រើស​ជើងឯក​ ​២០១១ ថ្ងៃ​ដំបូង​គឺ​ប្រកួត​តែ​វិញ្ញាសា​សំដែង (Taolu​) រហូត​ទាល់តែ​ដល់​ថ្ងៃ​ទី​៧ ឧស​ភា​ ​ទើប​ប្រកួត​វិញ្ញាសា​ប្រយុទ្ធ​ ​ដែល​មាន​៨ប្រភេទ​ទម្ងន់​នោះ​។​ ​ ​លោក​អគ្គ​លេខាធិការ​បាន​ប​ន្ដ​ទៀត​ថា​ ​ឆ្នាំ​នេះ​ ​មាន​កីឡា​ករ​ ​កីឡា​កា​រិ​នី​ ​ចូល​រួម​ប្រកួត​ចំនួន​១២ក្លឹ​ប​ ​ក្នុង​នោះ​មាន​អ្នក​ដឹកនាំ​១២នាក់​ ​កីឡា​ករ​១៣០នាក់​ ​និង​កីឡា​កា​រិ​នី​៩៤នាក់​ ​ពោល​គឺ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១០ ដែល​មាន​កីឡា​ករ​១៤០នាក់​ ​និង​កីឡា​កា​រិ​នី​១៤៥នា​ក់​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ដោយ​ហេតុ​ថា​ ​ក្លឹ​ប​ថៃ​ជី​ក​ភ្នំពេញ​មិន​មាន​វ​ត្ដ​មាន​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​ ​ទើប​យើង​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​កីឡា​ករ​ ​កីឡា​កា​រិ​នី​។

យោង​តាម​របាយ​ការណ៍​របស់​គ​ណៈ​កម្ម​ការ​ប្រកួត​បាន​ឱ្យ​ដឹង​ថា​ ​ប្រភេទ​សំដែង​នេះ​មាន​សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៦ឆ្នាំ​ ​មាន​ការ​សំដែង​ ​ណា​ន់​ឈាន​ ​និង​ ​ចាង​ឈាន​ ​ប្រុស​ ​ស្រី​ ​ការ​សំដែង​ ​ជៀន​ស៊ុ​ ​និង​ប្រាំបួន​ជំហាន​បុ​រ​ស​។​ ​សម្រាប់​ពេញ​វ័​យ​ការ​សំដែង​ ​ចាង​ឈាន​ ​ប្រុស​ ​ស្រី​ ​ការ​សំដែង​ ​ណា​ន់​ឈាន​ ​និង​ ​ណា​ន់​ឈាន New បុរស​ ​ការ​សំដែង​ ​ថៃ​ជិ​ឈាន​ ​និង​ ​ថៃ​ជិ​ជៀន​ ​នា​រី​។​ ​សម្រាប់​វ័​យ​ចាស់​ ​ការ​សំដែង​ ​ថៃ​ជិ​ឈាន​ ​បុរស​ ​នារី​ ​និង​សំដែង​ ​ថៃ​ជិ​ជៀន​ ​បុរស​ ​នា​រី​។​ ​ចំពោះ​ការ​សំដែង​ជា​ក្រុម​ដែល​មួយ​ក្រុម​មាន​គ្នា​៣នាក់​នោះ​គឺ​ការ​សំដែង​កីឡា​ ​ប្រភេទ​ ​ថៃ​ជិ​ឈាន​ ​ផ្នែក​នារី​ ​និង​ការ​សំដែង​កីឡា​ប្រភេទ Duilian ផ្នែក​បុ​រ​ស​៕