
ការប្រកួតជ្រើសរើសជើងឯកកីឡាវូស៊ូឆ្នាំនេះ មានការថយចុះមួយក្លឹប
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 06 ឧសភា 2011ម៉ោង 06:53:03
ភ្នំពេញ៖ វូស៊ូ (Wushu) មានដើមកំណើតនៅប្រទេសចិន ហើយមូលដ្ឋានគ្រឹះសំខាន់របស់ក្បាច់គុននេះ គឺហ្វឹកហាត់ដើម្បីទទួលបាននូវសុខភាពល្អ មានស្មារតីភ្លឺថ្លា និងមានរាងកាយមាំមួន។ ប៉ុន្ដែដោយសារវូស៊ូមានការប្រកួតដណ្ដើមមេដាយនៅស៊ីហ្គេម និងអាស៊ីហ្គេមនោះទើបក្រសួងអប់រំយុវជន និងកីឡាបានបើកឱ្យមានការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំនេះឡើង ដើម្បីចម្រាញ់រកអ្នកដែលមានទេពកោសល្យទៅចូលរួមហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១១ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡា Wushu បានឱ្យដឹងថា ការប្រកួតកីឡា Wushu ជ្រើសរើសជើងឯក ២០១១ ថ្ងៃដំបូងគឺប្រកួតតែវិញ្ញាសាសំដែង (Taolu) រហូតទាល់តែដល់ថ្ងៃទី៧ ឧសភា ទើបប្រកួតវិញ្ញាសាប្រយុទ្ធ ដែលមាន៨ប្រភេទទម្ងន់នោះ។ លោកអគ្គលេខាធិការបានបន្ដទៀតថា ឆ្នាំនេះ មានកីឡាករ កីឡាការិនី ចូលរួមប្រកួតចំនួន១២ក្លឹប ក្នុងនោះមានអ្នកដឹកនាំ១២នាក់ កីឡាករ១៣០នាក់ និងកីឡាការិនី៩៤នាក់ ពោលគឺមានការថយចុះជាងឆ្នាំ២០១០ ដែលមានកីឡាករ១៤០នាក់ និងកីឡាការិនី១៤៥នាក់។ លោកបានបន្ថែមទៀតថាដោយហេតុថា ក្លឹបថៃជីកភ្នំពេញមិនមានវត្ដមានសម្រាប់ការប្រកួតឆ្នាំនេះ ទើបយើងមានការថយចុះនៃចំនួនកីឡាករ កីឡាការិនី។
យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួតបានឱ្យដឹងថា ប្រភេទសំដែងនេះមានសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ មានការសំដែង ណាន់ឈាន និង ចាងឈាន ប្រុស ស្រី ការសំដែង ជៀនស៊ុ និងប្រាំបួនជំហានបុរស។ សម្រាប់ពេញវ័យការសំដែង ចាងឈាន ប្រុស ស្រី ការសំដែង ណាន់ឈាន និង ណាន់ឈាន New បុរស ការសំដែង ថៃជិឈាន និង ថៃជិជៀន នារី។ សម្រាប់វ័យចាស់ ការសំដែង ថៃជិឈាន បុរស នារី និងសំដែង ថៃជិជៀន បុរស នារី។ ចំពោះការសំដែងជាក្រុមដែលមួយក្រុមមានគ្នា៣នាក់នោះគឺការសំដែងកីឡា ប្រភេទ ថៃជិឈាន ផ្នែកនារី និងការសំដែងកីឡាប្រភេទ Duilian ផ្នែកបុរស៕
