
ការរិះគន់ពាក្យពេចន៍ដែលពិធីករ ពិធីការិនីប្រើប្រាស់តាមទូរទស្សន៍និងវិទ្យុ
ដោយ ៖ នគរវត្ត ថ្ងៃទី 08 ឧសភា 2011ម៉ោង 10:55:05
ភ្នំពេញ ៖ អ្នកសិក្សាអក្សរសាស្ដ្រខ្មែរ ខ្លះរិះគន់ថា ពិធីករ ពិធីការិនីខ្លះធ្វើអត្ថាធិ ប្បាយនៅតាមកញ្ចក់ទូរទស្សន៍ និងតាម ស្ថានីយវិទ្យុមានការខុសឆ្គងដោយអន្លើ។
ទន្ទឹមនឹងមានការរីកចម្រើនខាងវិស័យបច្ចេកវិជ្ជាទំនើបៗដូចជា វិទ្យុ និង ទូរទស្សន៍ ដែលកំពុងរីកដុះដាលច្រើន ឡើងៗ នៅក្នុងប្រទេសកម្ពុជានេះ គេសង្កេតឃើញបញ្ហាពីរដែលកម្ពុជា កំពុងប្រឈមនឹងគ្រោះថ្នាក់នោះ គឺទី១ ការតែងខ្លួន និងការស្លៀកពាក់របស់ ពិធីការិនី និងអ្នកចម្រៀងលេចលើលេច ក្រោមជ្រុលហួសពីប្រពៃណីខ្មែរពេក។ ទី២ ពិធីករខ្លះមិនចេះភាសាខ្មែរខ្លួនឯង ជ្រៅជ្រះ និងឱ្យបានត្រឹមត្រូវតាមក្បួន ខ្នាតវេយ្យាករណ៍ខ្មែរ ដែលជាហេតុធ្វើ ឱ្យបាត់បង់នូវខ្លឹមសារ និងអត្ថន័យ អក្សរសាស្ដ្រជាតិ ព្រោះពាក្យពេចន៍ដែល ពិធីករ ពិធីការិនីធ្វើអត្ថាធិប្បាយនៅ តាមកញ្ចក់ទូរទស្សន៍ និងតាមស្ថានីយ វិទ្យុកន្លងមកនេះ មានការខុសឆ្គងដែល ធ្វើឱ្យអ្នកស្ដាប់ ដែលជាជនជាតិខ្មែរ រាប់លាននាក់យល់ច្រឡំ និងធ្វើតាម ពិធីករ ពិធីការិនីទាំងនោះ។ បើរដ្ឋាភិបាលមិនចាត់វិធានការទាន់ពេលវេលាទេបញ្ហានេះនឹងប៉ះពាល់ដល់វិស័យសិក្សា ធិការជាតិរឹតតែខ្លាំងឡើងនៅពេលអនាគត។
បើលោកអ្នកនាង បើកទូរទស្សន៍ ឬវិទ្យុស្ដាប់ លោកអ្នកនាងនឹងឮពាក្យពីរម៉ាត់ ដែលពិធីករ ពិធីការិនីខ្មែរ ចូលចិត្ដប្រើ ហើយប្រើមិនដាច់ពីមាត់ មិនប្រកាន់ពេលវេលា ឬមិនប្រកាន់ឃ្លាប្រយោគនោះ គឺពាក្យពីរម៉ាត់ថា “ជាមួយនឹង” និងពាក្យ “ក៏ដូចជា” និង “ផងដែរ” ។
សូមអញ្ជើញស្ដាប់ពាក្យទាំងនេះ ដែលពិធីករខ្មែរច្រើនប្រើនៅតាមប៉ុស្ដិ៍ វិទ្យុ ពីប៉ុស្ដិ៍មួយទៅប៉ុស្ដិ៍មួយដូចតទៅនេះ ៖ សំឡេងពិធីករពិធីការិនីនានា និយាយតាមប៉ុស្ដិ៍វិទ្យុនានា ដោយប្រើ ពាក្យថា “ជាមួយនឹង” ឬ “ក៏ដូចជា” ជាញឹកញាប់ ៖ “អស់លោកអ្នក ក៏ដូចជាបងប្អូន ... បងប្អូននឹងទទួលយកបាន ក៏ដូចជា ខិតខំសាងអ្វីដែលល្អ ...”។
ការប្រើពាក្យខ្មែរមិនត្រឹមត្រូវរបស់ពិធីករនៅតាមរលកធាតុអាកាស ដូច្នេះ កំពុងតែធ្វើឱ្យប្រជាជនខ្មែររាប់លាន នាក់យកតម្រាប់តាមដោយមិនដឹងខ្លួន ខុស។ អ្នកសិក្សាអក្សរសាស្ដ្រខ្មែរខ្លះ បានរិះគន់ និងប្រៀបប្រដូចពិធីករខ្មែរ ទាំងនោះទៅនឹងមេភូមិ មេឃុំ ឬមេកង ខ្មែរក្រហម កាលពីជំនាន់ ប៉ុល ពត ដែលពេលប្រជុំម្ដងៗ ពួកគេចូលចិត្ដ ប្រើពាក្យថា “គឺថាដើម្បី ... ដើម្បីគឺថា មួយហិកតា៣តោន” ដូច្នោះដែរ ។ ពួក មេខ្មែរក្រហមទាំងនោះ និយាយភាសា នេះដដែលៗ ដោយសារតែពួកគេមិន ចេះអក្សរ ។
ចំពោះពិធីករដែលចូលចិត្ដប្រើពាក្យ “ជាមួយនឹង” និងពាក្យ “ក៏ដូចជា” ត្រូវបានយុវជនខ្លះ ដែលបានរៀនសូត្រជ្រៅជ្រះ បានប្រៀបប្រដូចពិធីករទាំងនោះ ហៅថា ជាពិធីករ “ក៏ដូចជា” ពិធីការិនី “ជាមួយនឹង” រួចហើយក៏បានបបួលគ្នា ផលិតឈុតឆាកជាសំឡេងខ្លីៗ ផ្ញើតាមសារអេឡិចត្រូនិក តាមប្រព័ន្ធទូរស័ព្ទដៃ ដែលភាសាអង់គ្លេស ហៅថា ប្ល៊ូធូហ្ស (Bluetooth) ទៅឱ្យមិត្ដភក្ដិនឹងអ្នកស្គាល់គ្នាដទៃទៀតជាសញ្ញាក្នុងន័យរិះ គន់ដល់ពិធីករទាំងនោះ ដែលឆាកឈុត ចំអកឡកឡឺយមានដូចតទៅនេះ៖
(សំឡេង sound spot) ពិធីករ ៖ “សូមជម្រាបសួរទូរទស្សនិកជនដែល ទស្សនាជាមួយនឹងកម្មវិធីយើងនៅពេលនេះ ...”។ ពិធីការិនី ៖ “ចា៎ស ! ជាមួយនឹងក្បាច់រាំដែលយើងបង្ហាញជូននៅពេលនេះ ...”។
ទាក់ទងទៅនឹងការរិះគន់ពិធីករ ពិធី ការិនីនេះដែរ លោក បណ្ឌិត នៅ ស៊ុន ផ្នែកអក្សរសាស្ដ្រខ្មែរ មានប្រសាសន៍ថា ពិធីករនិងពិធីការិនីភាគច្រើនបានប្រើពាក្យខុសនឹងវេយ្យាករណ៍ខ្មែរ បណ្ឌិត នៅ ស៊ុន ៖ “រឿងហ្នឹងត្រូវតែកែប្រែ បើប្រទេសកម្ពុជា ក៏ដូចជាព្រះរាជា ណាចក្រកម្ពុជាជាប្រទេសតែមួយ ហើយ ក៏ដូចជា។ បើថាប្រទេសកម្ពុជា ក៏ដូចជាប្រទេសណាណាដទៃទៀតហ្នឹងស្ថិត នៅក្នុងតំបន់ទទួលឥទ្ធិពលមូសុងអីឯណា ឯណី អាហ្នឹងទៅរួច។ បើថាប្រទេសកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា ដូចជាប្រើអត់កើតទេអាហ្នឹង”។
ក្រៅពីនេះ លោកបណ្ឌិតបន្ដថា មានពាក្យខ្មែរច្រើនទៀត ដែលពិធីករនិង ពិធីការិនីបានប្រើខុស ហើយកំហុសនេះ ត្រូវបានពិធីករចម្លងប្រើតៗគ្នាពីម្នាក់ទៅម្នាក់ ហាក់ដូចជាមិនដឹងខ្លួនខុស ទាល់តែមកទល់ហ្នឹងពេលនេះ។
លោក បណ្ឌិត នៅស៊ុន ៖ “សូម អញ្ជើញសណ្ដាប់។ មិនមែនអញ្ជើញ សណ្ដាប់ទេ គឺអញ្ជើញស្ដាប់។ សូម អញ្ជើញទំនាក់ទំនងតាមប៉ុណ្ណេះៗ អាហ្នឹង មិនត្រូវទេ ព្រោះអាហ្នឹងជានាម ...។ បើសិនថា សូមអញ្ជើញធ្វើទំនាក់ទំនងជាមួយនឹងអ្នកណាហ្នឹងត្រូវ។ បើសិនថា អញ្ជើញទំនាក់ទំនងទៅតែម្ដង គឺអត់ បានទេ ព្រោះអាហ្នឹងយើងយកនាមធ្វើ ជាកិរិយាសព្ទវាអត់ត្រូវតាមក្បួនខ្នាតគេ”។
ចំពោះការរិះគន់នេះ ត្រូវបានពិធីករ និងពិធីការិនី ឆ្លើយតបខុសៗគ្នា។ ក៏ ប៉ុន្ដែ ពិធីករ ពិធីការិនីភាគច្រើន បានស្ដីបន្ទោសថា កំហុសទាំងនេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា មិនមានសាលា ឱ្យគេចូលរៀនវិជ្ជាជីវៈនេះ។
លោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីប្រចាំទូរទស្សន៍ ស៊ី .ធី .អិន (CTN) បដិសេធ មិនអធិប្បាយរឿងនេះទេ។ ចំណែកអ្នក នាង ចន ច័ន្ទលក្ខិណា តារាភាពយន្ដខ្មែរ ល្បីនិងជាពិធីរិនីឯករាជ្យ ឬ Freelance announcer មានប្រសាសន៍ថា អ្នកនាងមិនចង់ធ្វើអត្ថាធិប្បាយរឿងនេះទេ ព្រោះវាអាចនាំឱ្យមានការយល់ច្រឡំថា ជាការវាយប្រហារលើតារា ឬពិធីករ ពិធី ការិនីគ្នាឯង។
អ្នកនាង ចន ច័ន្ទលក្ខិណា ៖ “ភាគច្រើន ៩៩ភាគរយគឺឡើងនិយាយ។ ប៉ុន្ដែ ចំពោះអ្នកដែលឡើងនិយាយហ្នឹងចំនួនខ្លះ គេដូចជារៀនបានខ្ពង់ខ្ពស់អ៊ីចឹង ប្រើវាក្យសព្ទខ្ញុំគិតថាគេប្រើបានល្អ។ អ្នកខ្លះ ទៀតគេរៀនអត់បានខ្ពង់ខ្ពស់មែន ប៉ុន្ដែបទពិសោធន៍គេយូរឆ្នាំ គេក៏ជាពិធីករមួយល្អដែរ”។
រីឯអ្នកនាង ឌួង ហ្សូរីដា ពិធីការិនី ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ ស៊ីធីវី (SEATV) បញ្ជាក់ថា នាងប្រឹងប្រែងកែតម្រូវ និងប្រឹងប្រែងធ្វើការនេះដោយផ្អែកលើចំណេះដឹងផ្ទាល់ខ្លួនឯង ព្រោះថានាងជានិស្សិតចប់បរិញ្ញាប័ត្រ និងជានិស្សិតខាងគណនេយ្យ ហើយជារៀងរាល់ថ្ងៃនាងស្ដាប់ដំបូន្មានមន្ដ្រីជើង ចាស់ខ្លះមួយចំនួនដូចជាលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានជាដើម ជួយកែតម្រូវជាបន្ដបន្ទាប់។ តែទោះជាយ៉ាងណាក្ដីអ្នកនាងសុំឱ្យរដ្ឋាភិបាលបង្កើតសាលាជំនាញពិធីករ ទើបការងារនេះបានប្រសើរឡើង។
អ្នកនាង ឌួង ហ្សូរីដា ៖ “ក្នុងនាមជាពិធីករ ពិធីការិនីនេះ ខ្ញុំគិតថាជា អាជីពមួយ ដែលត្រូវការសិក្សាឈ្វេងយល់រហូត។ អ្វីដែលជាសំណូមពររបស់នាងខ្ញុំ ខ្ញុំចង់ឱ្យបង្កើតសិក្ខាសាលាណាមួយ ដែលមានសាស្ដ្រាចារ្យអក្សរសាស្ដ្រចូលរួម។ មួយទៀត ឱ្យលោកអ៊ំចាស់ៗ ដែលគាត់មានជំនាញខាងផ្នែកហ្នឹង ឬក៏អ្នកដែលគាត់មានការទើសទាល់ ឬទើសចិត្ដហ្នឹងឱ្យគាត់ថា ពិធីករ ពិធីការិនីហ្នឹងកើតឡើងដោយអត់មានសាលា។ អ៊ីចឹងសុំមេត្ដាឱ្យគាត់ យល់។ មិនមែនថាពួកយើងមិនចង់ចូលរៀនទេ គឺចង់ចូលរៀន ប៉ុន្ដែសាលានោះ នៅឯណា ?”
អ្នកនាងគង់ សុជាតិ ពិធិការិនីទូរទស្សន៍ ប៉ុស្ដិ៍លេខ៣ មិនមានការបកស្រាយណាមួយទេជុំវិញការលើកឡើងនេះ ដោយនាងកំពុងជាប់រវល់។
ដូចគ្នានេះដែរ ពិធីករនិងជាតារា កំប្លែង ចាប ចៀន ប្រាប់ថាលោកកំពុង ជាប់រវល់ថត ហើយលោកនឹងបកស្រាយនៅពេលក្រោយ។
លោកសុខ សេរីវឌ្ឍនា ពិធីករប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ទទួលស្គាល់ថា ពិតជាមានពិធីករមួយចំនួនធំនៅ មានចំណុចខ្វះខាតការប្រើប្រាស់ពាក្យពេចន៍មែន។ ប៉ុន្ដែលោកលើកឡើងថា គ្មានពិធីករណាមួយល្អឥតខ្ចោះទេ គឺនៅតែមានចន្លោះខ្វះខាត។ លោកប្រាប់ថា ពិធីករ ពិធីការិនីជើងចាស់អាចនិយាយ បានល្អត្រឹមត្រូវជាងពិធីករថ្មីៗ ប៉ុន្ដែ ដូចពាក្យចាស់ថា ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច។
ទោះជាយ៉ាង លោកបញ្ជាក់ថា ខាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ មិនទាន់មានការប្រជុំគ្នាលើកឡើងពីចំណុចខ្វះខាត ក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធនៅឡើយ គឺមានតែការណែនាំក្នុងការប្រើប្រាស់ពាក្យពេចន៍អប់រំជួយសង្គមឱ្យបានច្រើននឹងការស្លៀកពាក់ឱ្យបានសមរម្យដែរ ។ លោកយល់ថា ការរិះគន់ក្នុង ចំណុចនេះ គឺជាការល្អប្រសើរ ដើម្បីតម្លៃអក្សរសាស្ដ្រជាតិ ហើយអ្វីដែលពិធីករត្រូវធ្វើបន្ដគឺ រួមគ្នាកាត់បន្ថយ កំហុសឆ្គងម្ដងបន្ដិចៗ ។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកផ្នែកសិល្បៈ មានប្រសាសន៍ថា ក្រសួងព័ត៌មានមិនមានលទ្ធភាពបង្កើតសាលាបង្រៀនពិធីករ ពិធីការិនីនេះទេ ហើយការជ្រើសរើសពិធីករកន្លងមក គឺផ្អែកលើទេព កោសល្យភាគច្រើន ដោយមិនសូវគិត កម្រិតវប្បធម៌ប៉ុន្មានទេ។ មកទល់នឹង ពេលនេះ ពិធីកររៀនតាមៗគ្នា មិនមានសាលាបង្រៀនត្រឹមត្រូវទេ ។
លោកបញ្ជាក់ថា ទោះយ៉ាងណាក្ដីសាលាវិជ្ជាជីវៈពិធីករ មិនសូវសំខាន់ប៉ុន្មានទេ រឿងដែលសំខាន់នោះ គឺផ្អែកលើកម្រិតវប្បធម៌អក្សរសាស្ដ្ររបស់ពិធីករ ពិធីការិនីរៀងៗខ្លួន។ តែលោក អះអាងថា បើគេរៀនបានជ្រៅជ្រះចាប់ ពីកម្រិតវិទ្យាល័យឡើងទៅ គេអាចនឹង អាចមានសមត្ថភាពធ្វើជាពិធីករ ពិធី ការិនីបានគ្រប់គ្រាន់ហើយ ៕
