
ក្រសួងសុខាភិបាលជំរុញឱ្យគ្រប់ស្ថាប័នអនុវត្ដទីកន្លែងគ្មានផ្សែងបារី
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជំរុញឱ្យថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ និងសាធារណជនបង្កើតឱ្យមានទីកន្លែងគ្មានផ្សែងបារី ដែលអនុវត្ដឱ្យមានប្រសិទ្ធភាពស្របទៅតាមអនុសញ្ញាក្របខ័ណ្ឌការងារស្ដីពីការគ្រប់គ្រងថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដែលកម្ពុជាបានផ្ដល់សច្ចាប័នកាលពីឆ្នាំ២០០៥។
លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាមានប្រសាសន៍ថា ក្រសួងកំពុងស្វែងរកកិច្ចសហការពីបណ្ដាក្រសួងស្ថាប័នរដ្ឋនានា ចូលរួមបង្កើតកន្លែងធ្វើការគ្មានផ្សែងបារីនៅគ្រាដែលរដ្ឋាភិបាលក៏បានជំរុញឱ្យមានការអនុវត្ដវិធានការនេះឱ្យបាននៅទូទាំងប្រទេស។
លោកឱ្យដឹងថា មកដល់ពេលនេះ មានក្រសួងស្ថាប័នរដ្ឋចំនួន១៣ ក្នុងចំណោម២៧ ឱ្យអនុវត្ដទីកន្លែងគ្មានផ្សែងបារី ដើម្បីធ្វើជាគំរូដល់ស្ថាប័នរដ្ឋដទៃទៀត។
លោក អ៊ឹង ភីរុន បន្ដថា ការចូលរួមបង្កើតទីកន្លែងធ្វើការក្នុងស្ថាប័នរបស់ខ្លួនគ្មានផ្សែងបារី ជាប្រយោជន៍ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោកថ្លែងដូច្នេះធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះស្ដីពីការអនុវត្ដមាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ កាលពីថ្ងៃទី៥ ខែឧសភា “ត្រូវមានសារាចរមួយដែលថា ទីកន្លែងគ្មានផ្សេងបារី ឬកន្លែងធ្វើការគ្មានផ្សេងបារី”។
ទាក់ទងបញ្ហានេះ មន្ដ្រីរដ្ឋបាលនៃក្រសួងមហាផ្ទៃមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រសួងមហាផ្ទៃបានធ្វើការផ្សព្វផ្សាយអប់រំស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់ប្រជាពលរដ្ឋតាមបណ្ដាខេត្ដចំនួន១២ និងបានអប់រំដល់មន្ដ្រីក្រោមឱវាទ តាមអង្គភាពនានាបានចំនួន៧៥ភាគរយ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ដែលជំរុញឱ្យស្ថាប័នរដ្ឋបង្កើតទីកន្លែងគ្មានផ្សែងបារីនេះឡើង។ ក្រៅពីនេះលោកបានស្នើទៅរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ត្រូវបង្កើតជាគោលនយោបាយច្បាស់លាស់ ដើម្បីគ្រប់ដណ្ដប់ការហាមជក់បារីឱ្យបានទូលំទូលាយ។
លោក មុំ គង់ មានប្រសាសន៍បន្ថែម “មានន័យថា ចាប់ពីកន្លែងធ្វើការទៅដល់ភោជនីយដ្ឋានមធ្យោបាយ ធ្វើដំណើរសាធារណៈសួនកុមារ និងកន្លែងសាធារណជនដទៃទៀតប្រមូលផ្ដុំគ្នា។ល។ ទើបមានប្រសិទ្ធភាព”។
មន្ដ្រីសង្គមស៊ីវិលបានឱ្យដឹងថា ការអនុវត្ដការហាមឃាត់ការជក់បារីនៅតាមកន្លែងធ្វើការរដ្ឋ និងទីសាធារណៈ គឺជាកាតព្វកិច្ចដែលកម្ពុជា ត្រូវតែអនុវត្ដទៅតាមមាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជា បានផ្ដល់សច្ចាប័នចូលជាសមាជិកតាំងពីឆ្នាំ២០០៥។ មាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ បានចែងថា រាល់ភាគីនីមួយៗជាសមាជិក គឺត្រូវមានវិធានការច្បាស់លាស់ពីការការពារប្រជាពលរដ្ឋរបស់ខ្លួនពីការស្រូបផ្សែងបារី និងត្រូវអនុវត្ដឱ្យមានប្រសិទ្ធភាព។
មន្ដ្រីអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា រហូតមកដល់ឆ្នាំ២០១១ នេះ មានអ្នកជក់បារីជាបុរសអាយុលើស១៨ឆ្នាំ មាន៤២ភាគរយ ស្ដ្រីមានអាយុលើស១៨ឆ្នាំ ៣ភាគរយ សរុបអ្នកជក់បារីមានចំនួនជិត២លាននាក់។ ក្នុងនោះការចំណាយរបស់ពលរដ្ឋកម្ពុជា ទៅលើការទិញបារីជក់មានជិត៧០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា តាមការសិក្សាកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ថ្នាំជក់មិនត្រឹមតែកាត់បន្ថយអាយុពាក់កណ្ដាលនៃអ្នកជក់បារីទេ ប៉ុន្ដែក៏បានសម្លាប់អ្នកទទួលរងដោយផ្សែងបារីពីអ្នកជក់បារីចំនួន ៦សែននាក់ផងដែរ។
លោកបន្ដថា ប្រទេសកម្ពុជាមានមនុស្សជាង១លាន៥សែននាក់ ជាអ្នករងទទួលផ្សែងបារីពីអ្នកជក់បារី ក្នុងនោះជិត២ភាគរយ ជាកុមារមានអាយុក្រោម១៣ឆ្នាំ និង៧៥ភាគរយ ជាស្ដ្រីរស់នៅជាមួយគ្រួសារមានសមាជិកជាអ្នកជក់បារី។
យ៉ាងនេះក្ដី អង្គការសុខភាពពិភពលោក បានសាទរចំពោះការប្ដេជ្ញាចិត្ដរបស់ក្រសួងសុខាភិបាល ក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការកាត់បន្ថយ និងហាមប្រាមការផ្សព្វផ្សាយពាណិជ្ជកម្មបារី ដែលឈានទៅទប់ស្កាត់ការរីករាលដាលការប្រើប្រាស់ថ្នាំជក់ ដែលមានផលប៉ះពាល់ខ្លាំងដល់កុមារ យុវជន និងស្ដ្រី៕
