
ទំនាស់ព្រំដែនកម្ពុជា-ថៃមិនប៉ះ ពាល់ភ្ញៀវទេសចរនៅមណ្ឌលគីរី
ដោយ ៖ ថារិទ្ធ ថ្ងៃទី 13 ឧសភា 2011ម៉ោង 07:14:01
ខេត្ដមណ្ឌលគីរី៖ ទោះបីមួយរយៈនេះ ប្រទេសកម្ពុជា និងប្រទេសថៃបានប្រយុទ្ធគ្នានៅតាមព្រំដែនយ៉ាងណាក្ដី ក៏មិនបង្កឱ្យមានផលប៉ះពាល់និងការភ័យខ្លាចដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលបានមកកម្សាន្ដលេងនៅខេត្ដមណ្ឌលគីរីនោះដែរ។
លោក សុខ លី តំណាងក្រុមហ៊ុនវ៉ុលផបទេសចរណ៍ដែលបាននាំភ្ញៀវមកកម្សាន្ដ នៅខេត្ដមណ្ឌលគីរីបានឱ្យដឹងថា ក្រុមហ៊ុនបានទទួលជូនភ្ញៀវក្នុងស្រុកមកកម្សាន្ដ៤ថ្ងៃ មានចំនួន១៧រថយន្ដទេសចរណ៍ ក្នុងនោះមានមនុស្ស៣០០នាក់តាមរយៈ “TY” របស់អង្គការ។
កញ្ញា ឈឹម ដាណែត ដែលបានមកកម្សាន្ដតាមរយៈ “TY” របស់ក្រុមហ៊ុននោះដែរបានឱ្យដឹងថា ភ្ញៀវទាំង៣០០នាក់ មកពី៨ខេត្ដ-ក្រុង នៅក្នុងនោះមានរាជធានីភ្នំពេញ, សៀមរាប, ព្រះវិហារ, បន្ទាយមានជ័យ, កោះកុង, កំពត, ព្រៃវែង, ពោធិ៍សាត់ គឺមានការឧបត្ថម្ភ និងរៀបចំដោយអង្គការរ៉ាឆាមកពីសហរដ្ឋអាមេរិក។
កញ្ញា ឈឹម ដាណែត បានឱ្យដឹងបន្ថែមថា គោលដៅដែលពួកគាត់ទាំង៣០០រយនាក់ មកទស្សនាខេត្ដមណ្ឌលគីរីនេះ គឺមាន២ចំណុច ទី១ មកកម្សាន្ដលេងគ្រប់រមណីយដ្ឋាន ជាពិសេសទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងសមុទ្រឈើ ទី២ ការជួបជុំគ្នាទាំង៨ខេត្ដ-ក្រុង នៅខេត្ដមណ្ឌលគីរីពេលនេះ គឺដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅ និងបញ្ហាសុខភាពនឹងការបន្ដពូជទាំងនេះជាគោលដៅរបស់អង្គការរ៉ាឆា និងពួកគាត់។
ចំណែកលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ដមណ្ឌលគីរីវិញ បានឱ្យដឹងថា សម្រាប់ខេត្ដមណ្ឌលគីរី ទោះជានៅតាមបណ្ដាព្រំដែនភាគខាងលិចកម្ពុជា និងថៃមានការប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ដនៅក្នុងខែមេសា និងដើមខែឧសភានេះបានកើនឡើង៣០ភាគរយ ហើយភាគច្រើនជាភ្ញៀវជាតិ៕
