
IMF អំពាវនាវឱ្យពង្រឹងគោលការណ៍ហិរញ្ញវត្ថុ ដើម្បីបង្កើនភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅអឺរ៉ុប
ដោយ ៖ ម៉ៅ បុប្ផាមករា ថ្ងៃទី 13 ឧសភា 2011ម៉ោង 10:58:44
មូលនិធិរូបិយវត្ថុអន្ដរជាតិហៅកាត់ “IMF” បានអំពាវនាវឱ្យមានការពង្រឹងលើគោលការណ៍ហិរញ្ញវត្ថុ ហើយការធ្វើបែបនេះក្នុងគោលបំណងដើម្បីបង្កើនភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅអឺរ៉ុប។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយដែលចេញដោយមូលនិធិរូបិយវត្ថុអន្ដរជាតិបានឱ្យដឹងថា ការឆ្លុះបញ្ចាំងលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ “ត្រូវបានគេរំពឹងថាភាពពិតជាត្រឹមត្រូវប្រាកដមែន” ប៉ុន្ដែទោះបីជាបែបនេះមែន បញ្ហានៅតែមាននៅឡើយ សម្រាប់ការប្រកួតប្រជែងគ្នា។
លោក Antonio Borges ប្រធានទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិប្រចាំទ្វីបអឺរ៉ុប បានថ្លែងថា “នៅអឺរ៉ុប ក្រុមអ្នកបង្កើតច្បាប់ហិរញ្ញវត្ថុទាំងឡាយត្រូវអនុវត្ដន៍ជំហានៗនីមួយៗដើម្បីរក្សា និងស្ដារស្ថានភាពហិរញ្ញវត្ថុឡើងវិញ ក្នុងនោះមានការកែទម្រង់នានា ការសម្រេចចិត្ដលើការងារនេះ និងការពង្រឹងឡើងវិញលើប្រព័ន្ធហិរញ្ញវត្ថុជាដើម ដោយរាប់បញ្ចូលទាំងអត្រាប្រាក់អឺរ៉ូផងដែរ”។
លោកបានបន្ដថា “ចំពោះការយកចិត្ដទុកដាក់លើអត្រាប្រាក់អឺរ៉ូនេះ ក្រុមអ្នកបង្កើតគោលការណ៍ហិរញ្ញវត្ថុបានគិតគូជាយូរមកហើយ។ ប៉ុន្ដែបញ្ហានេះ វានៅតែបន្ដកើតឡើងនៅឡើយ ហើយពួកគេក៏រួមគ្នាដើម្បីដោះស្រាយបញ្ហានេះដែរ”។
នៅក្នុងទស្សនៈវិស័យនៃការឆ្លុះបញ្ចាំងកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបដំណាក់កាលចុងក្រោយ ហៅកាត់ថា “REO” គឺផ្ដោតទៅលើការពង្រឹង និងការស្ការសេដ្ឋកិច្ចឡើងវិញ។ មូលនិធិរូបិយវត្ថុអន្ដរជាតិយល់ឃើញថា កំណើនសេដ្ឋកិច្ចនៅអឺរ៉ុបនៅក្នុងឆ្នាំ២០១១ នឹងកើនឡើង២.៤ ភាគរយ។
មូលនិធិមួយនេះក៏បានរំពឹងទៀតថា សម្រាប់ឆ្នាំ២០១២ខាងមុខ នឹងកើនឡើង២.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១០ កំណើនសេដ្ឋកិច្ចនៅអឹរ៉ុបបានកើនឡើង២.៤ភាគរយដែរ។
ប៉ុន្ដែនៅក្នុងគម្រោងការរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅគ្រាដំបូងនៅអឺរ៉ុបនឹងកើនឡើង១.៧ នៅក្នុងឆ្នាំនេះ ហើយ និងបន្ដកើនឡើង១.៩ភាគរយ នៅក្នុងឆ្នាំ២០១២ រីឯទិន្នន័យព្យាករណ៍កាលពីឆ្នាំ២០១០ក៏បានបញ្ជាក់ថា កើនឡើង១.៧ភាគរយផងដែរ។
IMF បានកត់សម្គាល់ថា ដើម្បីរក្សា និងទប់ស្កាត់វិបត្ដិកើតឡើងថ្មីៗនោះ ក្នុងនាមខ្លួនជាស្ថាប័នហិរញ្ញវត្ថុ សូមធ្វើការអំពាវនាវដល់គ្រឹះស្ថានដែលពាក់ព័ន្ធទាំងឡាយលើវិស័យសេដ្ឋកិច្ចចូលរួមដោះស្រាយបញ្ហាដែលកើតឡើងដោយការធ្វើបែបនេះវាអាចជួយបង្កើនសន្ទុះសេដ្ឋកិច្ចបានកាន់តែប្រសើរ ហើយយើងក៏ត្រូវធ្វើសមាហរណកម្មទៅលើការដាក់បញ្ចូលយុទ្ធសាស្ដ្រនានា ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ឱ្យមានលក្ខណៈប្រសើរដែរ៕
