
អត្តពលិកប្រណាំងកង់ ឆ្នាំ១៩៦០ នៅតែមានសក្តាពល
អត្ដពលិកជើងចាស់ម្នាក់នេះមិនប្រាប់ និងពុំមានគេស្គាល់ពីអតីតភាពរបស់គាត់ទេ ។ អ្នកផងនឹកគិតថា គាត់គឺគ្រាន់តែជាមនុស្សចាស់ម្នាក់ធម្មតាតែប៉ុណ្ណោះប៉ុន្ដែលោកតាម្នាក់នេះមិនមែនធម្មតាឡើយព្រោះគាត់ជា អត្ដពលិកជើងចាស់ ដ៏មានសក្ដានុពលម្នាក់បើទោះបីគាត់មានអាយុ៧៥ឆ្នាំ ដែលបានចូលនិវត្ដន៏ក៏ដោយ ។
បើយោងតាមការរៀបរាប់របស់អ្នកជិតខាងរបស់លោកតាអាយុ៧៥ឆ្នាំនេះ ឱ្យដឹងថា គាត់គឺជាអតីតកីឡាករប្រណាំងកង់ដែលទទួលបានមេដាយមាស ថ្នាក់ជាតិលើចម្ងាយ ១៧៥គីឡូម៉ែត្រ នាឆ្នាំ១៩៦០ ដោយពេលនោះសម្ដេច ព្រះករុណា នរោត្ដសីហនុ ជាអ្នកប្រទានផ្ទាល់ព្រះហស្ថដល់លោកតា ។
តាអាយុ ៧៥ឆ្នាំនេះឈ្មោះ លុយ សុខុម ដែលបច្ចុប្បន្នលោកតាគឺជាគ្រូបង្វឹក កីឡាប្រណាំងកង់នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម ។ លោក តាបានអួតប្រាប់ថា បើទោះបីគាត់មានអាយុរហូតដល់ទៅ ៧៥ឆ្នាំក៏ពិតមែន ប៉ុន្ដែកម្លាំងកំហែង និងប្រាជ្ញាស្មារតីនៅចាំបានល្អដូចកាលពីនៅអាយុ ៣០ឆ្នាំ ឬ៤០ឆ្នាំដូច្នោះដែរហើយលោកតាតែងតែធ្វើជាកីឡាករប្រណាំងកង់ឬរត់ ប្រណាំងជារឿយៗ នៅពេលខេត្ដរបស់គាត់ ឬខាងសហព័ន្ធមានព្រឹត្ដិការណ៍ ប្រកួតកីឡាដោយមិនកំណត់ថាអាយុប៉ុណ្ណាបានន័យថាគាត់សុខចិត្ដចូលរួមប្រកួតជានិច្ច ។
លោកតា លុយ សុខុម មានស្រុកកំណើតនៅទីរួមខេត្ដកំពង់ចាមក្នុង គ្រួសារមន្ដ្រីរាជការ នាសម័យសង្គមរាស្ដ្រនិយម ។ លោកមានចំណង់ចំណូល ចិត្ដលេងកីឡាតាំងពីតូច និងលេងមិនប្រកាន់ថា កីឡាអ្វីជាកីឡាអ្វីឡើយពិសេស កីឡាអត្ដពលកម្មហែលទឹកនិងប្រណាំងកង។ លោកតាបានចូលរួមក្នុងសកម្មភាព កីឡាពេញដៃពេញជើងនាឆ្នាំ១៩៥៤ ។ លោកតាបន្ដថា គាត់បានខិតខំហ្វឹក ហាត់កីឡាប្រណាំងកង់ពីសំណាក់លោកគ្រូរបស់គាត់ម្នាក់ឈ្មោះប៊ុននៅហើយក៏ បានក្លាយជាកីឡាករប្រណាំងកង់ជម្រើសជាតបន្ទាប់មកក៏បានប្រមូលផ្ដុំហ្វឹកហាត់នៅភ្នំពេញតែម្ដង ។
ក្រោយពេលបានក្លាយជាកីឡាករជម្រើសជាតិនាឆ្នាំ១៩៥៩ នៅឆ្នាំ១៩៦០ លោកតាបានចូលរួមប្រណាំងកង់ថ្នាក់ជាតិ ដោយកាលណោះគាត់ទទួលមេដាយ ផ្ទាល់ពីព្រះហស្ថរបស់ព្រះករុណាសម្ដេចនរោត្ដសីហនុនិងនៅឆ្នាំ១៩៦១ លោកក៏បានទៅចូលរួមប្រកួតនៅប្រទេសជប៉ុន ដោយមានកីឡាករមកពី ប្រទេសក្នុងទ្វីបអាស៊ីជាង ១០០នាក់ តែការប្រណាំងកង់នាពេលនោះ លោកតា មិនទទួលបានមេដាយអ្វីជាដុំកំភួនទេ គឺបានត្រឹមចំណាក់ថ្នាក់លេខ៤ ក្នុងវិញ្ញាសា ឯកត្ដជនលើចម្ងាយ ១៧៤គីឡូម៉ែត្រ ។ មួយឆ្នាំក្រោយមកទៀតគឺ ឆ្នាំ១៩៦២ លោកក៏បានទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ីដោយលើក នេះមិនមែនតែកង់ទេ គឺជាការប្រកួតជាក្រុមលើចម្ងាយ១៧០គីឡូម៉ែត្រ ហើយទទួលបានចំណាត់ថ្នាក់លេខ៤ទៀត។ ក្នុងឆ្នាំ១៩៧០ដល់១៩៧៤លោក ក៏បានចូលបម្រើក្នុងកងតម្រួតក្នុងឋានៈជាគ្រូបង្វឹកកីឡាអត្ដពលកម្មវិញម្ដងរហូតដល់របបខ្មែរក្រហមចូលភ្នំពេញ។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ លោកតា លុយ សុខុម ក៏បានភៀស ខ្លួនទៅកាន់សហរដ្ឋអាមេរិក។បើទោះបីជាគាត់បានរស់នៅក្នុងទឹកដីមានសេរីភាព ក៏មែនពិតតែចិត្ដរបស់លោកតាមិនអាចឃ្លាតចេញពីទឹកដីកំណើតរបស់ គាត់យូរបានឡើយ ហើយក៏សម្រេចវិលត្រឡប់មករស់នៅទឹកដីកំណើតវិញ ដដែលក្នុង ឆ្នាំ១៩៩៤ ។
លោកតាបានអះអាងទៀតថា ដោយសារការនិយមលេងកីឡាបាន ញ៉ាំងឱ្យសុខភាពរបសគាត់នៅតែរឹងមាំមិនចាញ់មនុស្សដែលមាន អាយុតិចជាងគាត់ឡើយ។ គាត់បានបន្ដទៀតថា “ក្នុងមួយថ្ងៃខ្ញុំអាចជិះកង់ បាន៨០ទៅ១០០គីឡូម៉ែត្រក្នុងល្បឿនពី៣៨ទៅ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយគ្មានបញ្ហា ”។ ហើយសូម្បីតែកាលពីពេលថ្មីៗ នេះតាមរយៈគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា ដែលបានប្រារព្វពិធីរត់ប្រណាំងអូឡាំពិក ដែលធ្វើ នៅខេត្ដកំពង់ចាម ក៏គាត់បានចូលរួមដែរ ក្នុងចំណោមកីឡាករកីឡាការិនីជាង ៥០នាក់ ដោយកាលណោះគាត់ទទួលបានចំណាត់ថ្នាក់លេខ ៦ ។
សូមបញ្ជាក់ថា តាមពិតសាច់ដុំនិងភាពរហ័សរហួនរបស់គាត់នៅមាន ក៏ពិតមែនប៉ុន្ដែគេអាចមើលឃើញស្នាមខូងនៃផ្ទាល់របស់គាត់ឡើងច្បាស់បញា្ជក់ថា គាត់មានវ័យចំណាស់ ងាកមកមើលធ្មេញរបស់គាត់វិញក៏បាក់ គ្មានសល់តែភាពអំណត់ និងឆន្ទៈនៃការប្រកួតរបស់លោកតា លុយ សុខុម នៅតែបង្ហាញពីភាពរឹងមាំ និងស្វាហាប់នៃសុខភាពរបស់គាត់តាមរយៈការ លេងកីឡា។ ដោយគាត់បាននិយាយថា សុខភាពរបស់គាត់ពុំមានបញ្ហាអ្វីជា ដុំកំភួនទេលើកលែងតែភាពចាស់ជរាតាមអាយុកាលប៉ុណ្ណោះដែលឆ្លុះបញ្ចាំង ដល់គាត់បាន ៕
