
អឺរ៉ុបចំណាយប្រាក់១១១ពាន់លានដុល្លារ ជួយព័រទុយហ្កាល់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 17 ឧសភា 2011ម៉ោង 09:19:32
កាលពីថ្ងៃទី១៦ ឧសភា រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអឺរ៉ុបបានតែងតាំងលោក ម៉ារីអូ ត្រាហ្គី ជនជាតិអ៊ីតាលីធ្វើជាប្រធានធនាគារអឺរ៉ុប។ កាលពីថ្ងៃទី១៦ ឧសភា រដ្ឋមន្ដ្រីហិរញ្ញវត្ថ្ថុសហគមន៍អឺរ៉ុបបានឯកភាពទៅលើវិធីសាស្ដ្រទប់ស្កាត់វិបត្ដិសេដ្ឋកិច្ច ដោយឯកភាពកញ្ចប់ជំនួយសង្គ្រោះ ដល់ប្រទេសព័រទុយហ្កាល់ ហើយបានស្នើប្រទេសក្រិកឱ្យកែប្រែឱ្យបានល្អមុនពេលទទួលកញ្ចប់ជំនួយថ្មីណាមួយបន្ថែមទៀត។
ប៉ុន្ដែការអវត្ដមានរបស់ប្រធានអង្គការរូបិយវត្ថុអន្ដរជាតិ (IMF) ធ្វើឱ្យខ្វះចន្លោះយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំនោះ។ បណ្ដារដ្ឋមន្ដ្រីមិនទទួលបានការណែនាំសមស្រប ហើយសហគមន៍អឺរ៉ុបហាក់បីដូចជាឯកោក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ធ្លាប់កាន់តំណែងជារដ្ឋមន្ដ្រីហិរញ្ញវត្ថុអឺរ៉ុប លោក Strauss-kahn ដែលជាសមាជិកក្នុងក្រុមបង្កើតរូបិយវត្ថុអឺរ៉ូ ហើយលោកក៏ទទួលបានការផ្ដល់ទំនុកចិត្ដភាគច្រើនពីបណ្ដាអ្នកនយោបាយ និងមន្ដ្រីជាន់ខ្ពស់ក្នុងតំបន់អឺរ៉ុបទាំងមូល។
បណ្ដាមន្ដ្រីអឺរ៉ុបបញ្ជាក់ថា រឿងរ៉ាវធម្មតា ទោះបីពេលនេះមិនមែនរូប លោក Strauss-kahn ក៏ដោយ។ បច្ចុប្បន្នអនុប្រធាន IMF ក្លាយជាប្រធានប្រតិបត្ដិជាបណ្ដោះអាសន្ន។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ឧសភា កន្លងមក បណ្ដារដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអឺរ៉ុបបានតែងតាំងលោក ម៉ារី អូ ត្រាហ្គី ជនជាតិអ៊ីតាលីធ្វើជាប្រធានធនាគារជាតិអឺរ៉ុបជាបន្ដ។ បណ្ដារដ្ឋមន្ដ្រីហិរញ្ញវត្ថុអឺរ៉ុបទាំងអស់បានឯកភាពបញ្ចប់ជំនួយ៧៨ពាន់លានអឺរ៉ូ ស្មើនឹង១១១ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសព័រទុយហ្កាល់ ក្នុងរយៈពេល៣ឆ្នាំ ក្រោមការត្រួតពិនិត្យរបស់សហគមន៍អឺរ៉ុប និង IMF។
ការប្រាក់សម្រាប់កញ្ចប់ជំនួយដល់ប្រទេសព័រទុយហ្កាល់នោះមានប្រមាណ៥,៥ភាគរយ ទាបជាងកម្រិត៦ភាគរយ ដែលបានកំណត់។
ក្នុងពេលនោះដែរ ប្រទេសក្រិកក៏បានជំរុញឱ្យអនុវត្ដនូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចដែលមានទឹកប្រាក់៥០ពាន់លានអឺរ៉ូ មុនពេលទទួលកញ្ចប់ជំនួយទី២ពីមូលនិធិអឺរ៉ុបនោះ៕
