
ភ្ញៀវទេសចរ៦៦៥៤០នាក់ ទស្សនាកំសាន្ដនៅខេត្ដព្រះសីហនុ
ខេត្ដព្រះសីហនុ៖ ក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះបរមនាថនរោត្ដមសីហមុនី ឆ្នាំ២០១១ នេះសម្រាប់ឆ្នេរសមុទ្រខេត្ដព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួន៦៦៥៤០នាក់ ប្រៀបធៀបទៅនឹងពិធីបុណ្យជាតិនានាកាលពីឆ្នាំ២០១០ ឃើញថាមានការកើនឡើង។
លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុបានប្រាប់ថា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ឆ្នាំ២០១១ នេះឆ្នេរសមុទ្រខេត្ដព្រះសីហនុបានទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិមានចំនួនប្រមាណ៦៦៥៤០ នាក់ចំនួននេះបើប្រៀបធៀបកាលពីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំ២០១០ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឃើញថាមានការកើនឡើងច្រើន។
លោក សោម ចិន្ដា បានពន្យល់ថា ឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្យខ្មែរ ឆ្នាំ២០១១នេះ មន្ដ្រីរាជការនិងបងប្អូនប្រជាពលរដ្ឋកម្ពុជាបានសម្រាករយៈពេលយូរថ្ងៃដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានពេលដើរកម្សាន្ដ។ រីឯបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះមានភ្ញៀវទេសចរមកកំសាន្ដនៅមាត់សមុទ្រមានចំនួនតិច ព្រោះតាមប្រពៃណីខ្មែរយើងឱ្យតែដល់ពេលបុណ្យចូលឆ្នាំតែងតែធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យសុន្ទរ៍ទាននៅតាមទីអារាម ដូចច្នេះមិនសូវមានពេលវេលាសម្រាប់ដើរលេងនោះទេ។
ទន្ទឹមនឹងនេះមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុក៏មានវិធានការពង្រឹង និងពង្រីកលើហេដ្ឋារចនាសម្ព័ន្ធតំបន់ដែនកោះ និងឆ្នេរដទៃទៀតឱ្យមានប្រជាប្រិយភាពលើវិសយ័ទេសចរណ៍កាន់តែធំទូលាយឡើង ក្រៅពីនេះមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានសំណូមពរដល់ម្ចាស់ផ្ទះសំណាក់សណ្ឋាគារ និងអាជីវករលក់ដូរនៅក្នុងក្រុងព្រះសីហនុមេត្ដាសហការជាមួយអាជ្ញាធរដែនដីដើម្បីរក្សាវិសយ័ទេសចរណ៍នៅខេត្ដព្រះសីហនុ ឱ្យកាន់តែរឹងមាំឡើង។ លើសនេះទៀតក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមេត្ដាជួយរក្សាអត្ដសញ្ញាណជាតិ និងជួយថែរក្សាអនាម័យនៅតាមទីតាំងរមណីយដ្ឋាន និងទីកន្លែងទេសចរណ៍នាៗផងដែរ៕
