
Pele រិះគន់ Messi និងព្យាករណ៍លទ្ធ ផលរវាងមេនញូនិងបាសេ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 18 ឧសភា 2011ម៉ោង 08:43:59
ស្ដេចបាល់ទាត់ Pele សាជាថ្មីបានបង្ហាញការសង្ស័យដល់កីឡាករជនជាតិអាហ្សង់ទីន និងលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងមេនញូ និងបាសេ ក្នុងក្របខណ្ឌឆេមពានលីក។
ស្ដេចបាល់ទាត់ភលេបោននិយាយថា “ប្រិយមិត្ដគាំទ្រជាច្រើនតែងតែប្រៀបធៀបរវាង Messi ជាមួយស្ដេចបាល់ទាត់ក្នុងអតីតកាល ប៉ុន្ដែអ្នកគាំទ្រទាំងនោះ ភ្លេចគិតថា កីឡាករមួយចំនួនមានការលេងបាល់យ៉ាងល្អជាង Messi ឆ្ងាយណាស់”។
ស្ដេចបាល់ទាត់ Pele ធ្លាប់ទទួលបានជើងឯក World Cup បីលើកក្នុងពេលដែលជាកីឡាករ។ Pele បញ្ជាក់ថា ការលេងរបស់ Messi មិនទាន់ដល់កម្រិតកំពូលនៅក្នុងក្របខណ្ឌជម្រើសជាតិអាហ្សង់ទីននៅឡើយ។ ស្ដេចបាល់ទាត់ Pele ធ្លាប់រិះគន់ Messi ជាច្រើនលើកច្រើនសារួចមកហើយ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានស៊ីអិនអិន Pele បានបន្ថយកីឡាករលេងល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នថា Messi លេងអន់ជាងខ្ញុំឆ្ងាយណាស់។
លោកបញ្ជាក់ទៀតថា “មិនទាន់មានកីឡាករណាមួយធ្វើបានដូចអ្វីដែល Pele បានធ្វើនោះឡើយ។ ខ្ញុំជាកីឡាករតែមួយគត់ដែលជួយឱ្យក្រុមទទួលបាន World Cup ក្នុងពេលដែលខ្លួនមានអាយុត្រឹម១៧ឆ្នាំប៉ុណ្ណោះ។ បីលើកទទួលបានជើងឯក World Cup ក្នុងអាជីពជាកីឡាករ និងស៊ុតបញ្ចូលទីគូប្រកួតបានរហូតដល់១,២០០គ្រាប់។ ខ្ញុំគិតថា គ្មានកីឡាករណាមួយអាចធ្វើបានដូចជារូបខ្ញុំឡើយ”។
ក្នុងការព្យាករណ៍លទ្ធផលវគ្គផ្ដាច់ព្រ័ត្រឆេមពានលីករវាងមេនញូ និងបាសេឡូណា ស្ដេចបាល់ទាត់អាយុ៧១ឆ្នាំ រូបនោះបានបញ្ជាក់ថា មេនញូជាក្លឹបខ្លាំង លេងតាមបែបអង់គ្លេស ប៉ុន្ដែបើនិយាយអំពីការសាមគ្គីសហការគ្នា ក្លឹបបាសេខ្លាំងជាងគេបំផុតនាពេលបច្ចុប្បន្ន ពិបាកក្រុមណាមួយយកឈ្នះខ្លាំងណាស់។ ជាមួយនឹងការវាយបកលឿនរបស់មេនញូអាចផ្ដួលរំលំក្លឹបបាសេបានយ៉ាងងាយស្រួល៕
