
គ្រូបង្វឹកមេនស៊ីធីទទួលបានប្រាក់រង្វាន់ជាង១លានដុល្លារ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 18 ឧសភា 2011ម៉ោង 08:47:42
កាលពីរដូវកាលមុនក្លឹបមេនស៊ីធីទទួលបានលំដាប់ថ្នាក់ទី៥ប៉ុណ្ណោះ ពេលនោះគ្រូបង្វឹក Roberto Mancini បញ្ជាក់ថា ក្លឹបបាល់ទាត់មួយមិនអាចខ្លាំងភ្លាមៗបានទេ គឺត្រូវរង់ចាំពី២-៣ឆ្នាំ ទៀតទើបក្លាយជាក្លឹបខ្លាំងពិតប្រាកដ។ នៅរដូវកាលនេះ មេនស៊ីធីទទួលបានជោគជ័យដោយឈរលំដាប់ទី៣ក្នុងក្របខណ្ឌព្រីម៉ាលីក និងទទួលបានពានរង្វាន់ជាលើកដំបូងក្រោយរយៈពេល៣៥ឆ្នាំ ទន្ទឹងរង់ចាំ។ ដោយហេតុនោះហើយ គ្រូបង្វឹក Mancini ត្រូវបានម្ចាស់ក្លឹបផ្ដល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
តាមតួលេខចាប់តាំងពីឆ្នាំ២០០៩ មក មេនស៊ីធីបានចំណាយប្រាក់ប្រមាណ៤០០លានអឺរ៉ូ ពេលដែលមហាសេដ្ឋីប្រេងកាតអារ៉ាប់មកគ្រប់គ្រងក្លឹបនេះ ដើម្បីពង្រឹងក្លឹបឱ្យកាន់តែខ្លាំងក្លា ដោយមានបំណងទទួលបានជើងឯកព្រីម៉ាលីក និងក្របខណ្ឌឆេមពានលីក។
រដូវកាលមុន មេនស៊ីធីបានត្រឹមលំដាប់ទី៥ប៉ុណ្ណោះ ហើយមិនបានទទួលពានណាមួយឡើយ តែនៅរដូវកាលនេះ មេនស៊ីធីបានពានអេហ្វអេមួយមកគ្រប់គ្រង ពេលយកឈ្នះស្ដុកដោយលទ្ធផល១ទល់នឹងសូន្យនៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងពេលនេះដែរ មេនស៊ីធីក៏បានចូលប្រកួតក្នុងក្របខណ្ឌឆេមពានលីកដែលខ្លួនទន្ទឹងរង់ចាំជាយូរណាស់មកហើយនោះ។
ដោយសារជោគជ័យទាំងនោះ ដែលគ្រូបង្វឹកមេនស៊ីធីខិតខំដណ្ដើមយកមក ធ្វើឱ្យគណៈកម្មាធិការក្លឹបទាំងមូលផ្ដល់រង្វាន់យ៉ាងស័ក្ដិសម។ ក្រៅពីប្រាក់បៀវត្ស៣លានផោនស្មើនឹង៣,៤លានអឺរ៉ូ ក្នុងលោក Roberto Mancini នៅទទួលបានប្រាក់រង្វាន់បន្ថែម១លានផោនទៀត ដោយជួយឱ្យក្លឹបឈានចូលប្រកួតឆេមពានលីករដូវកាលក្រោយ៕
