
កីឡាបាល់ទាត់អង់គ្លេសប្ដឹងអតីតបវរកញ្ញាជំរិតទារប្រាក់
ដោយ ៖ ភារៈ ថ្ងៃទី 18 ឧសភា 2011ម៉ោង 08:26:43
នាង Imogen Thomas មិនអាចលាក់បាំងនូវភាពខ្វល់ខ្វាយខឹងសម្បាពេលដែលត្រូវកីឡាករមិនបញ្ចេញឈ្មោះ ដែលជាអ្នកធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលរយៈពេល៦ខែជាមួយនាងចោទប្រកាន់ថានាងផ្ញើលិខិតទារប្រាក់១សែនផោន ជាថ្នូរនឹងការរក្សាអាថ៌កំបាំង។
ពេលកន្លងមកថ្មីៗ មេធាវីរបស់កីឡាករបាល់ទាត់ដែលមិនបញ្ចេញឈ្មោះលេងក្នុងក្របខណ្ឌព្រីម៉ាលីក បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការថា ម្ចាស់របស់ខ្លួនត្រូវនាង Imogen Thomas ផ្ញើលិខិតគំរាមទារប្រាក់១សែនផោន ដើម្បីជាថ្នូរមិនទម្លាយអាថ៌កំបាំងជាមួយប្រព័ន្ធផ្សព្វផ្សាយនានា ទោះបីគ្មានភស្ដុតាងដើម្បីបញ្ជាក់ថាលិខិតនោះជារបស់អតីតបវរកញ្ញាក៏ដោយ។
ប៉ុន្ដែក្នុងការសាកសួរជាលើកដំបូងកាលពីថ្ងៃទី១៧ ឧសភា ចៅក្រមស៊ើបសួរJustice Eady មានការជឿជាក់ថានាង Imogen Thomas បានធ្វើរឿងនោះមែន។ តាមលោក Eady មានមូលហេតុជាច្រើនធ្វើឱ្យយើងមិនជឿទៅលើរូបនាងនោះ។ លោកជឿជាក់ថា នាង Imogen Thomas កំពុងតែពឹងផ្អែកបណ្ដាញផ្សព្វផ្សាយនានា ដើម្បីប្រឌិតរឿងបង្កការយល់ច្រឡំដល់មតិសាធារណៈ។ នាង Imogen Thomas តារាបង្ហាញម៉ូដអាយុ២៨ឆ្នាំ ដែលមានរាងកាយទាក់ទាញ ធ្វើការនៅក្នុងកម្មវិធីទូរទស្សន៍ Big Brother។
នៅចំពោះមុខតុលាការដែលកាន់ជើងប្រុសស្នេហ៍មិនបញ្ចេញឈ្មោះនោះ ធ្វើឱ្យអតីតបវរកញ្ញានេះខឹងសម្បាយ៉ាងខ្លាំង។ “សាជាថ្មីកេរ្ដិ៍ឈ្មោះរបស់ខ្ញុំត្រូវបានបោះចូលក្នុងធុងសំរាម ក្នុងពេលដែលអត្ដសញ្ញាណរបស់ប្រុសស្នេហ៍ ដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយខ្ញុំ ត្រូវបានលាក់ទៅវិញ។ ខ្ញុំមិនអាចការពារខ្លួនបានពេលដែលច្បាប់មិនអនុញ្ញាតឱ្យខ្ញុំនិយាយពីអាថ៌កំបាំងនោះ។ យុត្ដិធម៌នៅឯណាក្នុងរឿងនេះ។ ខ្ញុំក៏ត្រូវបានគេចោទប្រកាន់ថា ទាមទារប្រាក់ ជារឿងមួយមិនពិត”។
កាលពីថ្ងៃទី១៥ ឧសភា តុលាការបានហាមប្រាមនាង Imogen Thomas និងបណ្ដាញផ្សព្វផ្សាយទម្លាយអត្ដសញ្ញាណកីឡាករដែលមានទំនាក់ទំនងមិនពិតប្រាកដរយៈពេល៦ខែជាមួយអតីតបវរកញ្ញាឆ្នាំ២០០៣ រូបនេះ។
ហេតុការណ៍ខាងលើមិនត្រឹមតែមានការចាប់អារម្មណ៍នៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកគេសុទ្ធតែចង់ដឹងថាកីឡាកររូបណាមួយ ដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអតីតបវរកញ្ញារូបនេះ៕
