
ក្រុមហ៊ុន GM មានគម្រោងផលិតម៉ូតូប្រើអគ្គីសនីលើកដំបូងនៅអាមេរិកនៅឆ្នាំ២០១៣
ដោយ ៖ ម៉ៅ បុប្ផាមករា ថ្ងៃទី 18 ឧសភា 2011ម៉ោង 09:35:40
ក្រុមហ៊ុន General Motors Co. “GM” មានគម្រោងងការផលិតម៉ូតូ ដែលប្រើដោយប្រព័ន្ធអគ្គសនីលើកដំបូងនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិត និងចែកចាយគ្រៀងចក្រ និងរថយន្ដដ៏ធំជាងគេនៅសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនមានគម្រោងផលិតម៉ូតដោយប្រើថាមពលអគ្គសនីជាលើកដំបូងនៅសហរដ្ឋអាមេរិក។ ដោយគម្រោងការនេះធ្វើឡើងដោយមានរោងចក្រផលិតនូវប្រភេទម៉ូតូប្រើដោយថាមពលអគ្គសនីនៅជិត Baltimore នៅ Maryland ក្នុងទឹកដីអាមេរិកតែម្ដង។
គម្រោងផែនការនេះក្រុមហ៊ុនខាងលើបានប្រកាសថា នឹងដំណើរនៅក្នុងឆ្នាំ២០១៣ខាងមុខ។ នាយករងក្រុមហ៊ុនដ៏ធំនេះ លោក Mike Robinson បានថ្លែងថា “យើងមានជំនឿចិត្ដថា នៅថ្ងៃអនាគត យើងអាចធ្វើការចែកចាយផលិតដែលយើងផលិតឡើង ហើយតាមរយៈការផលិតនេះដែរនឹងធ្វើឱ្យក្រុមហ៊ុនកាន់តែនាំមុខគេថែមមួយកម្រិតទៀត”។
សម្រាប់គម្រោងការនេះដែរ ក្រុមហ៊ុនបានគូសបញ្ជាក់ថា នឹងត្រូវចំណាយប្រាក់២៦៩.៥លានដុល្លារដើម្បីអនុវត្ដន៍ លើគម្រោងការនេះទទួលបានជោគជ័យ នាពេលខាងមុខ។
ក្រៅពីគម្រោងការខាងលើនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ពួកគេក៏មានគម្រោងការផលិតថាមពលអគ្គសនីឱ្យបាន១.២៣មេហ្គាវ៉ាត់ ដោយគម្រោងការនេះ ក្រុមហ៊ុននឹងធ្វើការផលិតកញ្ចក់ ដែលអាចទាញយកថាមពលពីព្រះអាទិត្យ។
គម្រោងដាច់ដោយឡែកមួយនេះ ត្រូវបានក្រុមហ៊ុនប៉ាន់ប្រមាណថា នឹងអាចទាក់ទាញអតិថិជនឱ្យប្រើប្រាស់ជាលើកដំបូងប្រមាណ៩ភាគរយដែរ។
ម្យ៉ាងទៀត គម្រោងការនេះ ក្រុមហ៊ុនខាងលើនឹងត្រូវចំណាយថវិកា ប្រមាណ៣៣០ពាន់ដុល្លារ ផងដែរ សម្រាប់ការចាប់ផ្ដើមផែនការមួយនេះ ឱ្យសម្រេចដល់គោលដៅ។
គួររំលឹកថា កាលពីសបា្ដហ៍មុន ក្រុមហ៊ុន GM ក៏បានអះអាងថា ក្រុមហ៊ុនមានគម្រោងការវិនិយោគទុនគិតជាទឹកប្រាក់២ពាន់លានដុល្លារ ដោយបង្កើតសាខាផលិតយានយន្ដនៅក្នុងតំបន់ចំនួន១៧នៅសហរដ្ឋអាមេរិក និងបន្ដបង្កើនសក្ដានុពលរបស់ខ្លួននៅឆ្នាំបន្ដបន្ទាប់ខាងមុខទៀត៕
