
សេដ្ឋកិច្ចម៉ាឡេស៊ីកើនឡើងជាង៤ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំនេះ
ដោយ ៖ ម៉ៅ បុប្ផាមករា ថ្ងៃទី 19 ឧសភា 2011ម៉ោង 08:33:02
កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងត្រីមាសទី១ ឆ្នាំ២០១១ បានកើនឡើងជាង៤ភាគរយ។ ធនាគារកណ្ដាលរបស់ប្រទេស ម៉ាឡេស៊ី បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំនេះ សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីបានកើនឡើង៤.៦ភាគរយ។ ដោយការកើនឡើងនេះ ត្រូវបានគេប៉ាន់ប្រមាណថា វាមានលក្ខណៈយឺតជាងពេលមុនៗ ដោយសារតែវិស័យរោងចក្រឧស្សាហកម្មជាច្រើនមិនសូវមានដំណើរការល្អ គិតចាប់ពីដើមឆ្នាំនេះ។
ផ្អែកតាមលទ្ធផលដែលបានមកនៅក្នុងខែមីនាកន្លងមកនេះបានបង្ហាញឱ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានសភាពយឺតយ៉ាវ បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១០ វិញបានកើនឡើង៤.៨ភាគរយ។
ធនាគារ “Bank Negara Malaysia” បានឱ្យដឹងថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងខ្ពស់ អាស្រ័យលើវិស័យឯកជនជាចំបង ដែលកន្លងមកវិស័យនេះមានការរីកដុះដាលជាខ្លាំងម្ល៉ោះហើយទើបជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីចេះតែេកើនឡើងគួរឱ្យកត់សម្គាល់។ ម្យ៉ាងទៀត ដោយសារតែតម្រូវការនៃការនាំចេញខ្ពស់ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងជាហូរហែរហូតដល់ចុងឆ្នាំ២០១០។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលអតិផរណាពិភពលោកកើនឡើង២.៨ភាគរយនោះ។ គេបានឃើញអតិផរណានៅក្នុងខែមេសានៅក្នុងប្រទេសម៉ាឡេស៊ីនៅថេរ ដែលមានចំនួន៣.២ភាគរយ ដែលនេះជាចំនួនមួយខ្ពស់បើប្រៀបធៀបនឹងខែមីនាកន្លងមកនេះ។
ខណៈដែលអតិផរណាបានកើនឡើងនៅក្នុងប្រទេសនេះ ធនាគារកណ្ដាលរបស់ម៉ាឡេស៊ី ក៏បានតម្លើងអត្រា៤ដង ដើម្បីទប់ស្កាត់នូវអតិផរណានេះដែរ ដោយករណីនេះបានធ្វើឡើងតាំងពីឆ្នាំ២០១០ រហូតដល់ខែមីនា ឆ្នាំ២០១១។
អ្វីដែលជាក្ដីបារម្ភនោះ ម៉ាឡេស៊ី ក៏ព្រួយបារម្ភចំពោះអតិផរណាដែលនឹងអាចកើនឡើងចន្លោះពី២.៥ភាគរយ និង៣.៥ភាគរយ ខណៈដែលអតិផរណានៅលើពិភពលោកបានកើនឡើងក្នុងនោះ មានប្រេងឥន្ធនៈជាដើមដែលចេះតែបន្ដ កើនឡើងតម្លៃជាបន្ដបន្ទាប់។
គួររំលឹកថា កាលពីឆ្នាំ២០១០ កន្លងមកនេះអតិផរណាកើនឡើង១.៧ភាគរយដែរនៅទូទាំងពិភពលោក។ ថ្វីត្បិតតែមានបញ្ហាទាំងនេះនៅបន្ដកើតឡើងក៏ពិតមែន តែធនាគារ Bank Negara ក៏បានអះអាងថា “អ្វីៗនឹងមានស្ថេរភាពឡើង ហើយកំណើនសេដ្ឋកិច្ចក៏វាដូច្នេះដែរ គឺថាបន្ដកើនឡើងវិញ ជាក់ជាមិនខានឡើយ”៕
