
ខ្សែជិវិតដ៏កំសត់នៃអ្នកបង្ហូរញើស ឈាមលើសង្វៀនប្រដាល់
បច្ចុប្បន្ននេះក្បាច់គុនរបស់ខ្មែរបាននិងកំពុងមានការរីកដុះដាលគួរឱ្យកត់សម្គាល់ ដោយសារតែមានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកស្ទើរគ្រប់ស្ថានីយ៍បានចាប់អារម្មណ៍ជាខ្លាំង និងបានរៀបចំកម្មវិធីប្រកួតផ្សាយបន្ដផ្ទាល់ និងមានការចូលរួមគាំទ្រទស្សនាពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ។ មានកូនខ្មែរមិនតិចទេដែលបានយកជីវិតទៅត្រាំត្រែងនឹង មុខរបរ ដ៏សែនយ៉ាប់យឺន និងឈឺសាច់គ្រាំគ្រាទម្រាំតែទទួលបានប្រាក់តិចតួចមកចិញ្ចឹមជីវិត និងដោះស្រាយបញ្ហាខ្វះខាតក្នុងគ្រួសារនោះ។ អ្នកទាំងអស់នេះហើយដែលគេតែង ចាត់ទុកថា ជាកូនខ្មែរអ្នកការពារក្បាច់គុនបុរាណមិនឱ្យបាត់បង់នៅតាមវេទិកាប្រកួតជាលក្ខណៈជាតិឬអន្ដរជាតិ។ទោះជាពាក្យពេចន៍ទាំងនោះបានជ្រៀតចូលក្នុងផ្នត់គំនិត របស់ពលរដ្ឋ និងកីឡាករយ៉ាងណាក្ដី តែវាហាក់ដូចជាពាក្យចំអកតែប៉ុណ្ណោះ ព្រោះអីមកដល់ពេលនេះមានកីឡាកររាប់រយនាក់បានស្ម័គ្រចិត្ដប្ដូរសាច់ប្ដូរឈាមតែអ្វីដែល ជាតម្លៃខ្លួនដែលទទួលបានសម្រាប់ជីវិត និងគ្រួសារនោះតិចទាបបំផុត។ គឺដោយសារតែ ៖
ទី១ គឺដោយសារតែយូរៗទើបបានឡើងវ៉ៃលើសង្វៀន ទី២ កម្រៃខ្លួនបានតិចតួចពេលខ្លះត្រូវថ្នាក់លើ ឬអ្នកចាត់ចែងយកពីលើខ្លួន និងទី៣ ការឧបត្ថម្ភ ឬប្រាក់បៀវត្សបាន ទាបបំផុតធៀបនឹងបុគ្គលិកដទៃទៀត ។ សូមអញ្ជើញតាមដានប្រវត្ដិ និងស្ដាប់ពាក្យត្អូញត្អែររបស់កីឡាករប្រដាល់មួយចំនួនៈ
ឡុង សុផល ឡើងវ៉ៃយកលុយចិញ្ចឹមម្ដាយ
បណ្ដែតខ្លួនក្នុងអាជីពអ្នកប្រយុទ្ធលើសង្វៀនឈឺសាច់អស់រយៈពេល ១១ឆ្នាំ កីឡាប្រដាល់គីឡូយក្ស ឡុង សុផល សិស្សគុនរបស់លោកគ្រូ ទេស សារិន នៅក្លឹបកងពលលេខ៧០ បានរៀបរាប់ពីខ្សែជីវិតដ៏សែនជូរចត់ក្នុងអាជីព ជាអ្នកប្រយុទ្ធលើសង្វៀនថា ជាច្រើនឆ្នាំមកហើយ ខ្ញុំបានយកឆាកជីវិតទៅត្រាំត្រែងនឹងមុខរបរឈឺសាច់នេះ ដោយ ហេតុថា ខ្ញុំគ្មានជម្រើសព្រោះខ្ញុំមិនរៀនសូត្រជ្រៅជ្រះដើម្បីរកការងារល្អៗធ្វើបាន ហើយក៏មានការរួមផ្សំនឹង ចំណង់ចំណូលចិត្ដស្រឡាញ់វិស័យប្រដាល់នេះទើបខ្ញុំបានចាប់យកអាជីពនេះរហូតដល់សព្វថ្ងៃ។ ប៉ុន្ដែពេលនេះខ្ញុំ ដូចជាមានការហត់នឿយខ្លាំងណាស់ព្រោះអីរយៈពេលជាច្រើនឆ្នាំមកហើយ អាជីពនេះមិនបានជួយឱ្យខ្ញុំ និងគ្រួសារ ខ្ញុំរស់នៅបានសុខស្រួលឡើយ។ កីឡាកររូបនេះបន្ដទៀតថា សព្វថ្ងៃនេះខ្ញុំនៅតែជួលបន្ទប់តូចមួយស្នាក់នៅ ជាមួយ គ្រួសារដែលមានទីតាំងនៅម្ដុំក្រោយមន្ទីរពេទ្យកាល់ម៉ែតដដែល។ ហើយពេលនេះម្ដាយរបស់ខ្ញុំ់មានជំងឺ ក្រួសក្នុងតម្រងនោមទើបតែវះកាត់រួចតែខ្ញុំគ្មានប្រាក់ខ្លួនឯងព្យាបាលជំងឺគាត់ទេគឺត្រូវចងការយកមកព្យបាល គាត់ ព្រោះខ្ញុំមានតែម្ដាយម្នាក់គត់ ទោះត្រូវតស៊ូបែបណា ក៏ខ្ញុំត្រូវតែតស៊ូដែរ។ ទាក់ទងអាជីពសុផលបានបញ្ជាក់ ទៀតថា ខ្ញុំនៅតែបន្ដវារហូតលុះត្រាពេលណាខ្ញុំឡើងវ៉ៃលែងកើតទើបគិតធ្វើអ្វីផ្សេងទៀតព្រោះខ្ញុំគ្មានដើមទុនទៅ រកស៊ីមុខរបរផ្សេងទៀតឡើយ។
អូតភូថង ប្រកាសស្វែងរកការងារក្រៅពីប្រដាល់
មិនមែនមានតែ ឡៅ ស៊ីណាត ម្នាក់នោះទេដែលត្រូវត្រាំត្រែងក្នុងអាជីពប្រដាល់ និងអនាគតមិន ប្រាកដប្រជា នៅមានកីឡាករប្រដាល់រលកមុខជាច្រើនទៀត ក៏មានស្ថានភាពមិនខុសគ្នាដែរដូចជាកីឡាករ អូតភូថង ក៏បានត្អូញត្អែរអំពីជីវភាពគ្រួសារគាត់ថា សព្វថ្ងៃជួបការលំបាកខ្លាំងណាស់ព្រោះរយៈពេលចុង ក្រោយនេះគាត់មិនត្រូវបានឡើងប្រដាល់ព្រោះតែអត់មានគូប្រកួត។ “ពេលនេះខ្ញុំជួបបញ្ហាអត់មានប្រាក់ ចិញ្ចឹមកូនទេដោយហេតុថាខ្ញុំមិនមានអាជីពអ្វីក្រៅពីប្រដាល់ឡើយ ។ បើពឹងលើប្រាក់ប្រដាល់ពេលនេះក៏ខ្ញុំ ពិបាករស់តែម្ដង ព្រោះអីឡើងវ៉ៃម្ដងៗបានប្រាក់តិច ហើយទម្រាំបានឡើងវ៉ៃពេលក្រោយប្រាក់លើកមុនខ្ញុំចាយ មិនគ្រប់ទេ ”។
ខណៈដែលស្ថានភាពសេដ្ឋកិច្ចគ្រួសារកំពុងតែជួបការលំបាកធ្វើឱ្យអ្នកប្រយុទ្ធមិនស្ដាយញើសឈាមលើសង្វៀនរូបនេះបានផ្ដាំផ្ញើតាមរយៈ នគរវត្ដថា ពេលនេះខ្ញុំមិនមានការងារអ្វីឡើយក្រៅពីឡើងប្រដាល់យូរៗ ម្ដង បើសិនជាមានឯកឧត្ដមលោកឧកញ៉ា ឬអ្នកមានណាម្នាក់ ត្រូវការរូបគេធ្វើជាអ្នកការពារគេនឹងសប្បាយ រីករាយនឹងបំពេញភារកិច្ចឱ្យបានល្អនិងក៏ដូចជាជួយកីឡាករដែលកំពុងជួបការខ្វះខាតដូចជារូបលោកដែរ។
វ៉ន វីវ៉ា អ្នកប្រយុទ្ធគុនខ្មែរម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក
គេប្រយុទ្ធលើសង្វៀនតិចតួចណាស់តែគេមានជីវភាពធូរធារបង្គួរលើអាជីពការងារក៏សែនខ្ទាំសាច់នេះ ។ កីឡាករ មាឌដំបង វ៉ន វីវ៉ា ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក I .S .K .A ឥឡូវនេះបានទទួលបានប្រាក់ជួយឧបត្ថម្ភពីស្ថានីយទូរទស្សន៍ CTN ។ តែទោះជាយ៉ាងនេះក្ដីក៏នៅតែមិនអាចធ្វើឱ្យអ្នកប្រយុទ្ធរូបនេះ ចៀសផុតពីការខ្វះខាតបានទេដោយលោកបាន លើកឡើងថា ពេលនេះខ្ញុំមិនសូវមានគូប្រកួតទេ ព្រោះខ្ញុំមានគីឡូខ្ពស់ និងមិនសូវមានអ្នកហ៊ានប្រកួត។ មូលហេតុ នេះទើបធ្វើឱ្យមិនសូវមានចំណូល គឺពឹងផ្អែកតែប្រាក់ខែពី CTN តែប៉ុណ្ណោះ។
មាស ចន្ថា អ្នកប្រដាល់ជើងខ្លាំងមានវាសនាខ្ពស់
មាស ចន្ថា ក៏ជាអ្នកប្រយុទ្ធដ៏អង់អាចមួយរូបដែរ ហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់លំដាប់ពិភពលោក I .S .K .A ផងដែរ តែបើនិយាយពីជីវភាពកីឡាកររូបនេះហាក់ដូចជាមានជីវភាពធូរធារជាងគេ ដោយលោកមានភរិយាជាអាណិកជនខ្មែរ នៅអូស្ដ្រាលី និងបានទៅរស់នៅប្រទេសអូស្ដ្រាលីអស់រយៈ ជាងមួយឆ្នាំមកហើយ។
ស្របគ្នានេះដែរគេក៏ធ្លាប់ឮពាក្យលើកឡើងខ្លះៗពីគ្រូបង្វឹកនៅក្រសួងមហាផ្ទៃនិងគ្រូបង្វឹកនៅកងរាជអាវុធហត្ថ ដែលធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ជិវភាពកីឡាប្រដាល់ខ្មែរដោយអះអាងថា បច្ចុប្បន្នកីឡាកររដ្ឋពុំត្រូវបានជួយឧបត្ថម្ភទេគឺ ក្លឹបត្រូវតែប្រឹងរស់ដោយខ្លួនឯង។ ពេលណាឡើងវ៉ៃគេមានឱកាសបានប្រាក់ កាលណាអត់បានឡើងវ៉ៃទេគឺអត់ឱ្យឧបត្ថម្ភ ដូចមុនឡើយ ។
ឡៅ ស៊ីណាត ឡើងវ៉ៃយកលុយមើលជំងឺឪពុក
ត្រាំត្រែងក្នុងអាជីពប្រដាល់ ដ៏សែននឿយហត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែសិស្សគុនរបស់លោក ហង្ស សឿន ក្នុងក្លឹបកងពលឆ័ត្រ យោង ៩១១រូបនេះ នៅតែមានជីវភាពក្រក្សត់។ លោកគ្រូ ហង្ស សឿន បានផ្ដល់ បទសម្ភាសន៍ជំនួសកូនសិស្សថា សព្វថ្ងៃនេះកូនសិស្ស (ឡៅ ស៊ីណាត ) គេពិតជាជួបការលំបាកខ្លាំងព្រោះគ្រួសារ មានជីវភាពក្រីក្រ គេត្រូវទទួលបន្ទុករកប្រាក់ចិញ្ចឹមគ្រួសារទាំងស្រុងដោយហេតុថា ឪពុករបស់គេកំពុងមាន ជំងឺបេះដូងយ៉ាងធ្ងន់ធ្ងរ ដែលត្រូវការវះកាត់។តែពេលនេះនៅមិនទាន់បានវះកាត់នៅឡើយទេដោយហេតុថា គ្មានប្រាក់ គ្រប់គ្រាន់ ព្រោះការវះកាត់ត្រូវការប្រាក់ច្រើនរហូតដល់ ២០០០ ដុល្លារឯណោះ ។ លោកបានបន្ដថា ពេលនេះ ឪពុកស៊ីណាត ត្រូវចូលមន្ទីរពេទ្យជាញឹកញាប់ដើម្បីគ្រូពេទ្យពិនិត្យ និងឱ្យថ្នាំដែលត្រូវចំណាយប្រាក់ម្ដង ១០០ ដុ ល្លារ ជាហេតុធ្វើឱ្យ ស៊ីណាត អស់ជម្រើសត្រូវលក់កេរអាករនៅស្រុកយកប្រាក់មកមើលជំងឺឪពុក ហើយពេលនេះ ស៊ីណាត មិនសូវបានឡើងវ៉ៃ ទៀតនោះ វារិតតែជួបការខ្វះខាតនិយាយលែងចេញតែម្ដង។
លោកគ្រូគុនខ្មែររូបនេះបានបន្ដប្រាប់ទៀតថា មូលហេតុដែលបណ្ដាលឱ្យស៊ីណាត មិនត្រូវបានឡើងវ៉ៃវាមិន មែនដូចពាក្យគេនិយាយថា មកពីគ្មានគូហ៊ានវ៉ៃនោះទេ តែបើតាមលោកយល់ គឺមកពីគ្មានការរៀបចំឡើងវិញ ព្រោះកីឡាករល្អៗ ក៏មានច្រើនដែរមិនមែនមានតែ ស៊ីណាត ម្នាក់ទេ។
