
មេព្រៃសៀមរាបដកហូតដីទំហំជាងមួយពាន់ហិកតាពីអ្នកតាំងទីលំនៅខុសច្បាប់និងរុករានដីព្រៃធ្វើកម្មសិទ្ធិ
ខេត្ដសៀមរាប ៖ ដីព្រៃអចិន្ដ្រៃយ៍របស់រដ្ឋទំហំជាង១ពាន់ហិកតា ដែលក្រុមមនុស្សមួយចំនួនចូលទៅតាំងទីលំនៅ និងហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ ត្រូវបានសមត្ថកិច្ចមេព្រៃខេត្ដសៀមរាបចុះដកហូតយកមកទុកជាសម្បត្ដិរដ្ឋវិញ។ ប្រតិបត្ដិការដកហូតនេះបានធ្វើឡើងនៅ ក្នុងភូមិ២ គឺភូមិត្បែងលិច និងភូមិត្បែងកើត ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប កាលពីថ្ងៃទី១៩ ឧសភា ។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកទា គឹមសុទ្ធ បានឱ្យដឹងថា ការចុះបង្ក្រាបអ្នកតាំងទីលំនៅដោយខុសច្បាប់នេះធ្វើឡើងតាមដីកាដកហូតរបស់សាលាខេត្ដសៀមរាបលេខ១០២ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៦ ដែលបានសម្រេចដកហូតដីព្រៃឈើអចិន្ដ្រៃយ៍មាន ទំហំ១.២៤៧ហិកតាទុកជាសម្បត្ដិរដ្ឋ។ លោកទា គឹមសុទ្ធ បន្ដថា ការចុះអនុវត្ដនេះក៏ធ្វើឡើងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលព្រៃឈើខេត្ដសៀមរាប និងសេចក្ដីជូនដំណឹងរបស់សាលាខេត្ដលេខ៣៣០ សជណ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ ស្ដីអំពីការចាត់វិធានការចំពោះការកាប់ទន្ទ្រានដីព្រៃឈើ និងតាំងលំនៅឋានថ្មី ដែលដឹកនាំដោយឈ្មោះធួន នឿម និង ឈ្មោះស៊ឹង វណ្ណា ដែលជាមេខ្លោងក្នុងការកាប់ទន្ទ្រានដីព្រៃនេះ ។
ក្នុងប្រតិបត្ដិការនេះ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានឱ្យដឹងថា សមត្ថកិច្ចដែលដឹកនាំដោយលោកជួន សុបញ្ញា ព្រះរាជអាជ្ញារងតុលាការខេត្ដសៀមរាប បានសម្រេចរុះរើខ្ទមដែលគ្មានមនុស្សនៅបានចំនួន៤២។ របាយការណ៍ដដែលបន្ដថា ដោយឡែកខ្ទមដែលមានមនុស្សស្នាក់នៅចំនួន១៤ សមត្ថកិច្ចបានធ្វើកិច្ចសន្យាដោយទុករយៈពេល១០ថ្ងៃឱ្យពួកគាត់រុះរើដោយខ្លួនឯង ហើយក្នុងចំណោមនោះមានម្ចាស់ខ្ទមចំនួន៦បាន ស្ម័គ្រចិត្ដរុះរើភ្លាមៗ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ នៅក្នុងតំបន់ព្រៃជាំ ក្នុងភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ដសៀមរាប សមត្ថកិច្ចមេព្រៃក៏បានចុះរឹបអូសយកដីព្រៃប្រមាណជា១.៦០០ហិកតា ដែលទន្ទ្រានដោយអតីតមន្ដ្រីយោធាឈ្មោះពើយ ប៉ែល ។
ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានរុះរើខ្ទម៣២ ហើយខ្ទម៤១ទៀត សម្រេចទុកពេលឱ្យគាត់រុះរើដោយខ្លួនឯងក្នុងរយៈ ពេល៧ថ្ងៃ៕
