
បុប្ផាកោះភ្លុក និងទំនប់ពុ ជារមណីយដ្ឋានធម្មជាតិផ្ដល់ផាសុកភាពដល់ភ្ញៀវទេសចរ
ដោយ ៖ ឡុង សំបូរ ថ្ងៃទី 26 ឧសភា 2011ម៉ោង 08:00:07
ខេត្ដស្ទឹងត្រែង៖ មន្ដ្រីមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅមានរយៈពេល៣ថ្ងៃគឺមានភ្ញៀវជាច្រើនណាស់មកកម្សាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្ដស្ទឹងត្រែង។ ក្នុងនោះគេកត់សំគាល់ឃើញថា រមណីយដ្ឋានដែលមានប្រជាប្រិយជាងគេ គឺរមណីយដ្ឋានបុប្ផាកោះភ្លុក ហើយត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៩មកម្ល៉េះ។
មន្ដ្រីដដែលបានបន្ដឱ្យដឹងទៀតថា រមណីយដ្ឋានមួយនេះនៅទិសខាងកើតនៃក្រុងស្ទឹងត្រែងមានចំងាយប្រហែ៣០គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសានមានផ្លូវក្រាលក្រួសក្រហម លក្ខណៈពិសេសរបស់រមណីយដ្ឋាននេះ ត្រង់ថា សហគមន៍បានធ្វើស្ពានពីមាត់ច្រាំងទៅកោះកណ្ដាលទន្លេសេសាន ដើម្បីផ្ដល់ការងាយស្រួលដល់ភ្ញៀវឆ្លងទៅកម្សាន្ដប្រតិព័ទ្ធគយគន់មើលទេសភាពដ៏ស្រស់ត្រកាលក្រោមម្លប់ដើមឈើដ៏ត្រជាក់ល្ហឹម។
នៅវេលាមុនពេលថ្ងៃលិចទេសចរអាចមុជទឹកលេងតាមមាត់កោះដែលមានឆ្នេរខ្សាច់សស្គុសឆ្លុះពណ៌នឹងផ្ទៃទឹក មានខ្យល់អាកាសល្អបរិសុទ្ធទៀតផង។
ប្រភពពីមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា រមណីយដ្ឋានទំនប់ពុជារមណីយដ្ឋានដែលមានប្រជាប្រិយភាពផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដោយមានភ្ញៀវជាច្រើនមកលេងនៅទីនោះ។ រមណីយដ្ឋាននេះក៏នៅខាងកើតក្រុងស្ទឹងត្រែង ដូចជារមណីយដ្ឋានបុប្ផាកោះភ្លុកដែរ និងមានចំងាយប្រហែ២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ផ្លូវក្រាលដោយក្រួសក្រហម។
ទំនប់ពុបានបន្សល់ទុកតាំងពីរបបប៉ុលពតមានបណ្ដោយប្រវែង៤គីឡូម៉ែត្រ ទទឹងជាង១០០ម៉ែត្រ ហើយបានស្ដារ និងជុសជួលឡើងវិញនៅឆ្នាំ២០១០។ រហូតដល់ឆ្នាំ២០១១ សហគមន៍នៅទីនោះបានសហការជាមួយមន្ទីរទេសចរណ៍ខេត្ដ រៀបចំជារមណីយដ្ឋានមួយនេះ ដើម្បីស្វាគមន៍ភ្ញៀវមកលេងកម្សាន្ដ។
រមណីយដ្ឋានេះបានសាងសង់ខ្ចុះព័ទ្ធ ជុំវិញទំនប់សំរាប់ភ្ញៀវអង្គុយលេងមានចំណតរថយន្ដ ដើម្បីរក្សាសណ្ដាប់ធ្នាប់បង្គន់អនាម័យសម្រួលដល់ភ្ញៀវមកលេងនៅទីនោះមិនឱ្យទាស់ចិត្ដឡើយ។
មន្ដ្រីនោះបានបន្ដទៀតថា ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរម្ដងៗមានភ្ញៀវមួយភាគបានទៅកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ទៀតជុំវិញខេត្ដស្ទឹងត្រែងខ្លះក៏បានបន្ដ ដំណើរទៅប្រទេសឡាវដើម្បីទៅទស្សនា ទឹកធ្លាក់ផាក់ផេង ជាប់ព្រំប្រទល់ប្រទេសកម្ពុជា។
ចំពោះភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលមកខេត្ដស្ទឹងត្រែងក្នុងរដូវចូលឆ្នាំខ្មែរកន្លងទៅមានការកើនឡើងជាងឆ្នាំណាៗ ទាំងអស់ ពោលគឺមានចំនួន៦៩០៨នាក់ ក្នុងនោះភ្ញៀវអន្ដរជាតិ១២៨នាក់ផងដែរ។ ដោយសារមានលំហូរចូលភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនក្រាស់ក្រែល ដូច្នេះហើយទើបធ្វើឱ្យមន្ទីរទេសចរណ៍ខេត្ដស្ទឹងត្រែងអាចកែប្រែមុខមាត់ថ្មី មិនចាញ់ខេត្ដដទៃឡើយ៕
