
ប្រតិភូវិទ្យាស្ថានការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជួបជាមួយមេបញ្ជាការព្រំដែន
ដោយ ៖ សហការី ថ្ងៃទី 30 ឧសភា 2011ម៉ោង 11:01:45
ខេត្ដសៀមរាប ៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១ ឯកឧត្ដមនាយឧត្ដម សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ បានអនុញ្ញាតឱ្យគណៈប្រតិភូវិទ្យាស្ថាននយោបាយកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ដូ ដឹកទៀក នាយកវិទ្យាស្ថានការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសំណេះសំណាល និងសម្ដែងការគួរសមនៅក្នុងឱកាសដែលឯកឧត្ដមបានមកធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសួរសុខទុក្ខដល់កម្មសិក្សាការីកងទ័ពកម្ពុជាដែលធ្លាប់បានទៅបំពេញកម្មសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាដើម្បីផ្លាស់ប្ដូរដកបទពិសោធន៍លើការងារហ្វឹកហ្វឺននៅតាមបណ្ដាសាលាមួយចំនួនក្នុងកងយោធពល ខេមរភូមិន្ទ ។
ពិធីនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារសាលីណាក្នុងខេត្ដសៀមរាប ដោយមានការចូលរួមផងដែរពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងជាប្រធាន គណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងឯកឧត្ដម អស់លោក ជាមេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគកងពលតំបន់ប្រតិបតិ្តការសឹកជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ បានសម្ដែងនូវការស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្ដមនាយកវិទ្យាស្ថានការពារជាតិ ព្រមទាំងប្រតិភូ ដែលជាឱកាសថ្មីមួយទៀតក្នុងការបង្កើនចំណងសាមគ្គីភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយដែលធ្លាប់មានប្រពៃណីជួយគ្នាជាយូរលង់មកហើយ ឱ្យកាន់តែរីកចម្រើនរឹងមាំ និងបន្ដកិច្ចសហប្រតិបត្ដិការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋាភិបាលកងទ័ពប្រជាជនវៀតណាម ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលជួបប្រទះគ្រោះប្រល័យពូជសាសន៍ ក៏ដូចជាក្នុងពេលមានសន្ដិភាព ព្រមទាំងការជួយការជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់កងយោធពលខេមរភូមិន្ទ ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញ។ ក្រៅពីនេះវៀតណាមក៏នៅបានជួយឧបត្ថម្ភសំណង់ អាគារធ្វើការ សម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យ គិលានដ្ឋាន និងសម្ភារៈជំនាញផ្សេងៗជាច្រើនទៀតដល់បណ្ដាយោធភូមិភាគ និងកងឯកភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ ។
មានប្រសាសន៍ឆ្លើយតប ឯកឧត្ដម គន់ គីម បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅរបស់ឯកឧត្ដម អគ្គមេបញ្ជាការរង ចំពោះដំណើរទស្សនកិច្ចស្វែងយល់របស់គណៈប្រតិភូនាពេលនេះ។ ឯកឧត្ដម បានបញ្ជាក់ថា វិទ្យាស្ថាននយោបាយកង ទ័ពប្រជាជនវៀតណាម តែងបានផ្ដោតការយកចិត្ដទុកដាក់ជានិច្ចចំពោះកង្វះ ខាតនានារបស់កងយោធពលខេមរភូមិន្ទ ជាពិសេសលើដំណើរការហ្វឹកហ្វឺនរៀនសូត្រ ហើយបានប្រកាន់ភ្ជាប់នូវជំហរការជួយឧបត្ថម្ភគា្នទៅវិញទៅមកក្នុងនាមប្រទេសជិតខាងល្អ ។
ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះដំណើការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសង្ឃឹមថាទៅថ្ងៃអនាគត ដំណើការនេះកាន់តែមានភាពរីកចម្រើនទ្វេឡើងថែមទៀត តាមរយៈនៃការផ្លាស់ប្ដូរទស្សនកិច្ចរបស់ប្រតិភូនៃប្រទេសទាំង២។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ជា តារា បានលើកឡើងអំពីស្ថានការណ៍ទូទៅនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីក្រោយថ្ងៃដែលប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក ហើយដែលធ្វើឱ្យសៀមមិនសប្បាយចិត្ដ និងបានបញ្ជូនទាហានជាច្រើនពាន់នាក់ចូលមករំលោភឈ្លានពានបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានៅតំបន់ ប្រាសាទព្រះវិហារ ប៉ុន្ដែត្រូវបានកងកម្លាំងនៃយោធពលខេមរភូមិន្ទ ធ្វើការទប់ស្កាត់ និងវាយបកឱ្យបរាជ័យជាច្រើនលើក ដោយមិនឱ្យពួកខ្មាំងសត្រូវរំលោភឈ្លានពាន និងកាន់កាប់បាននៅចំណុចណាមួយឡើយ ៕
