អំបោស

ដោយ​ ៖ នគរវត្ត|ថ្ងៃទី 03 មិថុនា 2011 ម៉ោង 10:34:06

១-អំបោសសម្រាប់គេបោសជ្រះ    លើផ្ទះក្រោមផ្ទះមិនឱ្យហ្នង

សម្អាតសំរាមធូលីផង                មួយថ្ងៃបោសម្ដងផ្ទះស្អាតស្អំ ។

 

២-តែគេមិនដែលឱ្យតម្លៃ            ទៅតាមស្នាដៃដែលខិតខំ

មិនហ៊ានដាក់ខ្ពស់ខ្លាចមិនសម     ក្រែងដើរចូលចំអាប់រាសី ។

 

៣-គេដាក់កន្លែងទីតូចទាប          ដាក់ក្រោមរនាបផ្ទាល់នឹងដី

ទាំងចាស់ទាំងក្មេងមិនមេត្រី         ឃើញហើយធ្វើហីមិនរាប់រក ។


                           ដកស្រប់ចេញពីសៀវភៅ នគរវត្ដតំណក់ទឹក