ឱ !លោកតាឌី

ដោយ​ ៖ ទិល ចាន់លីន ថ្ងៃទី 03 មិថុនា 2011ម៉ោង 10:47:47

                                  (បទពាក្យប្រាំបី)

-រឿងរ៉ាវព្រំដែនជ្រែកផែនសីមា              ល្បីអស្ចារ្យលោកាឮខ្ទរខ្ទារ

សាកលស្គាល់ច្បាស់ប្រាង្គព្រះវិហារ         ជាទ្រព្យាកម្ពុជាពីបូរាណ ។

 

-សម្ពស្សប្រាង្គប្រាសោភាឆើតឆាយ          កេរ្ដិ៍សុសសាយឥតស្ដាយទោះស្លាប់ប្រាណ

បុព្វបុរសស្មោះរដ្ឋកល្យាណ                    ចិត្ដក្លាហានលោកបានសាងប្រាង្គប្រា។

 

-មានមោទភាពកើតជាខ្មែរ                      ទ្រព្យហូរហែសុទ្ធតែពីដូនតា

ទុកកេរឧត្ដមដល់បុត្រធីតា                      ទ្រព្យថ្លៃថ្លាស្ថាបនាថ្មសួគ៌ា ។

 

-ចោរសៀមទន្ទ្រានឈ្លានពានទឹកដី           សៀមអប្រិយបេតីចិត្ដជាមារ

សង្គ្រាមប្លន់ដីខ្មែរសែនគ្រាំគ្រា                  រស់រងាគ្រប់គ្នាដែលភៀសខ្លួន ។

 

-ឱ !លោកតាឌីឫទ្ធីចេស្ដា                       ប្រចាំការរក្សាយ៉ាងមាំមួន

ថែថួនប្រាសាទស្អាងស្អាតសមសួន          ប្រើមន្ដក្បួនអង្រួនឱ្យខ្មែរសុខ ។

 

-សូមលោកតាកំចាត់អាចោរមារ               មានទយាលេលាបង្កទុក្ខ

ឱ្យខ្មែរខ្លោចផ្សាមិនដែលស្រណុក           សូមចេញមុខដោះទុក្ខសង្គ្រោះជាតិ។

 

-លោកតាពូកែសូមផ្ដល់កម្លាំង                ពេលខ្មែរច្បាំងនឹងខ្មាំងសៀមចោលម្សៀត

ឱ្យខ្មែរក្លាហានបានសង្គ្រោះញាតិ            ជ័យជូនជាតិឈ្នះលាតខ្មែរសាមគ្គី៕