
ស្រណោះស្រែខ្ញុំ
ដោយ ៖ ទិល ចាន់លីន ថ្ងៃទី 04 មិថុនា 2011ម៉ោង 10:38:56
(បទកាកគតិ)
-ភៀសខ្លួនគេចគ្រាប់ ដោយសារតែទ័ព នៅជាប់សីមា
ថៃវ៉ៃផ្លោងបាញ់ សំណាញ់ឫស្យា ចោរសៀមស្នេហា
សង្ខារបាត់បង់។
-ដោយចិត្ដឈ្លានពាន បង្កទីលាន ហ៊ានមានចំណង់
ស្នេហ៍តែសង្គ្រាម ព្យាយាមមិនត្រង់ ទីខ្មែរផូរផង់
ចង់បានមិនខ្មាស។
-ឱ ! ព្រំដែនខ្មែរ ស្រណោះដីស្រែ ព្រោះតែប្ដូរផ្លាស់
រកទីសុខប្រាណ មិនបានដើរផ្លាស់ លំបាកចិត្ដណាស់
ភូមិសាស្ដ្រយ៉ាងណា ?
-ឱ ! វាលស្រែខ្ញុំ ទីសែនមនោរម្យ សុខុមសង្ខារ
រាល់ឆ្នាំស្រូវទុំ បែកគុម្ពផ្លែផ្កា ចិញ្ចឹមគ្រួសារ
បែរសោកាសោះ។
-ពេលនេះខ្ញុំឃ្លាត ព្រោះតែរឿងជាតិ វិវាទឈាមស្រស់
ត្រូវបង្ខំចិត្ដ ឥតគិតស្រណោះ រត់ចោលស្រែអស់
ដោយខ្លួនឆ្ងាយស្លាប់។
-ស្រែស្រូវស្រស់ស្រាយ បែកបាក់បាត់បាយ ក្លាយទីចុកចាប់
សុទ្ធតែកម្ទេច គ្រាប់លេចដីហាប់ សូមឱ្យបានឆាប់
ចាប់ខ្វែវច្រូតស្រូវ។
-បារមីដីស្រែ ឱ្យជ័យមកខ្មែរ ឈ្នះអស់សត្រូវ
ក្លាយវាលស្រស់វិញ ចេញទាំងស្ពានផ្លូវ ស្រស់គ្រប់រដូវ
រស់នៅសុខសាន្ដ៕
